ក្រុមគណៈកម្មការចុះធ្វើការបោះបង្គោលកំណត់ព្រំប្រទល់ដី


ខេត្តសៀមរាប ៖ សេចក្តីជូនដំណឺងរបស់រដ្ឋបាលក្រុងសៀមរាប ស្តីពីការចុះបោះបង្គោលកំណត់ព្រំដីជម្លោះនៅផ្លូវស៊ីវត្ថា ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ បានចុះបោះបង្គោលកំណត់ព្រំដីជម្លោះរវាងម្ចាស់ក្បាលដីលេខ១០៩ មានឈ្មោះ សេន រី  ដែលជាម្ចាស់មានប័ណ្ណកម្មសិទ្ទិ និង ម្ចាស់ក្បាលដីលេខ ១០៧ មានឈ្មោះ ឡៃ ហាង  តែពុំទាន់មានប័ណ្ណកម្មសិទ្ធិឡើយ ។

ក្នុងសកម្មភាពនៃការបោះបង្គោលកំណត់ព្រំដីជម្លោះនេះ ម្ចាស់ក្បាលដីលេខ ១០៧ ឈ្មោះ ឡៃ ហាង បានមកធ្វើការរារាំងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ចាប់តាំងពីម៉ោង១៥រសៀលរហូតដល់ម៉ោង១៨ និង៣០នាទី ទើបអាជ្ញា ធរ សម្រេចអនុវត្តបោះបង្គោលព្រំដីរួចរាល់ បើទោះបីជាមានការមាក់ងាយ និង ធ្វើការ Live វីដេអូតាមប្រព័ន្ធ Facebook ពីសំណាក់ម្ចាស់ក្បាលដីលេខ ១០៧ ឈ្មោះ ឡៃ ហាង  ក៏ដោយ អាជ្ញាធរនៅតែអត់ធ្មត់ដដែល  ក៏ព្រោះតែដើម្បីបញ្ចប់ នូវភាពទំនាស់នេះ ប៉ុន្តែប្រសិនបើភាគីក្បាលដីលេខ ១០៧ ឈ្មោះ ឡៃ ហាង  មិនឯកភាពទេនោះ គាត់ក៏អាចបន្តក្តីនេះទៅតាមផ្លូវច្បាប់បន្តទៀតបាន ។

សូមបញ្ជាក់ថា ម្ចាស់ក្បាលដីលេខ១០៧ ឈ្មោះ ឡៃ ហាង នេះ បាននឹងកំពុងសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងរំលោភព្រំដី លើសំណង់ដីដែលបានចាត់ជាបេតិកភ័ណ្ឌរបស់ជាតិ ដោយមិនព្រមស្តាប់តាមការហាមឃាត់របស់អាជ្ញារធរជាច្រើនលើកច្រើនសារមកហើយ  ប្រសិនបើម្ចាស់ក្បាលដីលេខ១០៧ ឈ្មោះ ឡៃ ហាង នៅតែល្មើសច្បាប់ មិនព្រមស្តាប់អាជ្ញាធរ ហើយនៅបន្តល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរទៀតនោះ អាចនឹងត្រូវប្រឈមចំពោះមុខច្បាប់ ដែលអាជ្ញារធរនឹងចាត់វិធានការជាបន្ទាន់ ។

ពាក់ព័ន្ធទៅនឹងករណីនេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ តាមការបំប៉ោងព័ត៌មានរបស់ម្ចាស់ក្បាលដីលេខ១០៧ ឈ្មោះ ឡៃ ហាង ដែលកំពុងប្រព្រឹត្តល្មើសច្បាប់ ហើយបាននឹងកំពុងមានបំណងល្មើសច្បាប់ជាបន្តទៀតផង ។

ក្នុងនោះអាជ្ញាធរក្រុងសៀមរាប សូមអំពាវនាវដល់បងប្អូនចូលរួមអនុវត្តច្បាប់ជាមួយអាជ្ញាធរ កុំល្មើសច្បាប់ និងមានបញ្ហានានាសូមមកពិភាក្សាជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ ។

ក្នុងការចុះអនុវត្តការបោះបង្គោលព្រំដីនោះ ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមដងផ្លូវ ដោយការស្រែកឡូឡារបស់បងប្អូនម្ចាស់ក្បាលដីលេខ១០៧ ឈ្មោះ ឡៃ ហាង នៅពេល ដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រុមរបស់ខ្លួន ដែលធ្វើការរំខានដល់ក្រុមការងារចុះធ្វើការអនុវត្តការបោះបង្គោល ព្រំក្បាលដីនេះ ។

ក្នុងការចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីនេះ បានដំណើរការទៅក្រោមការដឹកនាំរបស់លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប រួមទាំងព្រះរាជអាជ្ញារងផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប