អំណោយសប្បុរសធម៌ ជូនដល់បងប្អូនអ្នកជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកពួក


ខេត្តសៀមរាប ៖ បងប្អូនអ្នកជម្ងឺចំនួន៣៧នាក់ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកពួកខេត្តសៀមរាប  ត្រូវបានទទួលអំណោយសប្បុរសធម៌ របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង នាំយកទៅប្រគល់ជូនបងប្អូនអ្នកជម្ងឺ  កាលពីរសៀល ថ្ងៃទី ១៤  ខែ វិច្ឆិកា ឆ្នាំ ២០១៧ រួមដំណើរដោយលោកជំទាវ អស់លោក លោកស្រីជាសប្បុរសជន អាជ្ញាធរស្រុក ផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះ ក្នុងនាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវបណ្ដាំផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងពីរ ចំពោះបងប្អូនអ្នកជម្ងឺនៅមន្ទីរពេទ្យបង្អែក ពួក ខេត្តសៀមរាប ត្រូវខិតខំថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ពីព្រោះថា សុខភាព គឺជាកត្តាដ៏ចំបងសម្រាប់មនុស្សជាតិយើងគ្រប់រូប នៅក្នុងជីវិតប្រចាំថ្ងៃ ។ លោកជំទាវក៏បានគូសបញ្ជាក់ថា នៅពេលដែលយើងមានបញ្ហាសុខភាព ក៏ធ្វើឲ្យយើងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និង បាត់បង់នូវពេលវេលា កិច្ចការប្រកបការងារ និងបាត់នូវប្រាក់ចំណូល ក្នុងគ្រួសារទៀតផង។ ដើមី្បរក្សាបាននូវសុខភាពល្អ យើងគ្រប់រូបក៏ត្រូវគោរពឲ្យបានក្នុងការថែរក្សា អនាម័យ បរិស្ថាន ការបរិភោគ គឺ ផឹកស្អាត ហូបស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង ។ ក្នុងនោះដែរលោកជំទាវក៏បាន ផ្តល់ដំបូន្មានមួយចំនួន ដល់បងប្អូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្រូវគោរពឲ្យបាននូវវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ពេលវេលា ដើមី្បឲ្យបងប្អូនបានឆាប់ជាផ្សះស្បើយពីជម្ងឺ នឹង បានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ប្រកបមុខរបរចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារផងដែរ  ។   ម៉្យាងទៀតសូមបងប្អូននៅពេលប្រើប្រាស់ឱសថព្យាបាល ក៏ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យ ពីព្រោះថា ឱសថគឺជាអាវុធមុខពីរ ។ ដូច្នេះនាបច្ចុប្បន្ននេះ ស្ថិតក្រោមដំបូល សុខសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវមណ្ឌលសុខភាពនៅតាមមូលដ្ឋាន ឃុំ ព្រមទាំងមានភ្នាក់ងារ សុខភាពភូមិ  ដើមី្បធ្វើឲ្យសេវាសុខាភិបាលកាន់តែនៅជិតបងប្អូនជានិច្ច ។  លោកជំទាវ គួយ ណាលីន ឃឹមប៊ុន សុង ក៏បានសំណូមពរដល់បងប្អូនអ្នកជម្ងឺទាំងអស់ នៅពេលជាផ្សះស្បើយពីជម្ងឺ វិលទៅកាន់លំនៅដ្ឋានវិញ សូមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន នៅពេលបងប្អូនមានបញ្ហាសុខភាព ត្រូវទៅធ្វើការពិនិត្យ ពិគ្រោះជម្ងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព នៅជិតលំនៅដ្ឋានខ្លួន កុំទុកបណ្តែតបណ្តោយឲ្យជម្ងឺយាយីលើខ្លួនប្រាណខ្លាំង នាំឲ្យខាតបង់នូវពេលវេលាមកសម្រាកព្យាបាល និង ខាតបង់ថវិកាក្នុងគ្រួសារទៀតផង ។

ក្នុងនោះចំនួនអ្នកជម្ងឺ ចំនួន ៣៧នាក់ មា្នក់ៗទទួលបាន ឃីត ១កញ្ចប់ មានមី ១កេស នំ ១ធុង ត្រខ ១យូរ ទឹកគោខាប់ ២កំប៉ុង ថ្នាំដុសធ្មេញ ១ទីប ច្រាស់ដុសធ្មេញ ១ដើម និង ថវិកា ៥ម៉ឺនរៀលទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

695 696 697 698 699 700 701