ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ១១កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ពុធ ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សោម ឡាយ អគ្គនាយករង អគ្គនាយក ដ្ឋានយោធសេវា ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួង ការពារជាតិ រួមទាំងឯកឧត្តមជាមេបញ្ជាការ បញ្ជាការរង យោធភូមិភាគទី៤ កងពលអន្តរាគមន៍លេខ២ និង តំបន់ ប្រតិបត្តិការសឹករងសៀមរាប មជ្ឈមណ្ឌលយោធិនពិការ គូលែន ៣១៧សៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ ដែលបានទទួលមរណៈភាព កាលពីររាត្រីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១ និង៣០នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ ហើយសពរបស់ឯកឧត្តម ត្រូវបានដំកលទុកប្រារព្វធ្វើពិធីបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទាល់នៃសព ក្នុងភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។
បន្ទាប់ពីពិធីបំពាក់នូវឋានន្តរសិក្ត័បច្ចាមរណៈ ជូនដល់សពឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ នាយករង មជ្ឈមណ្ឌលយោធិនពិការ គូលែន ៣១៧សៀមរាប និង ការគោរពវិញ្ញាណក្ខ័ន្ធ និង ធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ ។ ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯក សោម ឡាយ ក៏បាននាំមកនូវថវិកា របស់ ក្រសួងការពារ ចំនួន ២៤លាន ៥សែនរៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើមី្បយកទៅចាត់ចែងប្រើប្រាស់ ក្នុងពិធីបុណ្យសពផងដែរ ។
ក្នុងការសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមឧត្តមសេនីយ៍ឯក សោម ឡាយ ក៏បាន សម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់វីរៈជនដ៏ឆ្នើម ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការបញ្ជាដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាប ។ ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានបន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ច របស់ឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ ដែលបានលះបង់អាយុជីវិត ក្នុងមួយជីវិតក្នុងបុព្វហេតុការពារ កសាងជាតិ មាតុភូមិ មុនពេលចូលនិវត្តន៍ លោកជាអតីតមេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងសៀមរាបមួយដ៏ឆ្នើម ហើយក្នុងមួយជីវិតរបស់លោកបានពុះពារនូវរាល់គ្រប់ឧបស័គ្គជាច្រើន ក្នុងការបំពេញកាតព្វកិច្ចជាតិ ក្នុងរយៈពេល៣៨ឆ្នាំមកនេះ ដោយមិនគិតថាខ្លួនពិការឡើយ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ មេបញ្ជា ការ និង កងយោធិពលខេមរភូមិន្ទគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប