គណៈប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូរ នាយករងមជ្ឈមណ្ឌលយោធិនពិការ គូលែន៣១៧ សៀមរាប


ខេត្តសៀមរាប​ ៖ នៅព្រឹកថ្ងៃ១១កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ពុធ ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ដោយមានឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ  មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ  អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់  បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ចែករំលែកទុក្ខក្រុមគ្រួសារនៃសពរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ  ដែលបានទទួលមរណៈភាព កាលពីររាត្រីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១ និង៣៥នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ  ហើយសពរបស់ឯកឧត្តម ត្រូវបានដំកលទុក ប្រារព្វធ្វើពិធីបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទាល់នៃសព ក្នុងភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប  ។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ  លោក ពិន ប្រាកដ  ព្រមទាំងឯកឧត្តម លោកជំទាវ  សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និង មន្ត្រីរាជការជុំវិញខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការបញ្ជាដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និង អភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាប ។ លោកក៏បានបន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ច របស់ឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ ដែលជាមិត្តរួមអាវុធ មុនពេលចូលនិវត្តន៍  លោកជាអតីតមេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងសៀមរាបមួយដ៏ឆ្នើម  ដែលក្នុងមួយជីវិតរបស់លោកបានពុះពារនូវរាល់គ្រប់ឧបស័គ្គជាច្រើន​  ក្នុងការបំពេញកាតព្វកិច្ចជាតិ  ក្នុងរយៈពេល៣៨ឆ្នាំមកនេះ  ដោយមិនគិតថាខ្លួនពិការឡើយ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និងកូនៗ ចៅៗ ក៏ដូចថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។

ក្នុងនោះដែរដែរលោក ពិន ប្រាកដ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក  ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឯកឧត្តមឧត្តមសេនីយ៍ទោ រៀម សូ សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ មេបញ្ជាការ នាយ នាយរង និង ពលទាំហានគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ៕ អត្ថបតទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប