ប្រជាពលរដ្ឋ២០គ្រួសាររស់នៅលើដីផ្លូវសាធារណៈ ត្រូវទទួលបានដីសម្រាប់សាងសង់លំនៅដ្ឋាន ពីរាជរដ្ឋាភិបាល


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃ ១១កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ពុធ ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧  បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅលើដីផ្លូវសាធារណៈ ចំនួន២០គ្រួសារ ស្ថិតនៅភូមិ ត្រាំនាគ  សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានទទួលបានក្បាលដី សម្រាប់សាងសង់លំនៅដ្ឋាននៅនឹងកន្លែង ដែលមានក្បាល ៥ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ ដែលត្រូវបានគណៈកម្មការបានធ្វើការវាស់វែងបែងចែកជូន  ព្រមទាំងរៀបចំធ្វើប័ណ្ណ សំគាល់អចលនទ្រព្យដល់ពួកគាត់ផងដែរ ។

ក្នុងការចុះស្រង់ស្ថិតិចំនួនផ្ទះប្រជាពលរដ្ឋនៅលើដីផ្លូវនោះ ក្រោមការដឹកនាំរបស់លោក សូរ ប្លាតុង អភិបាល  នៃគណៈអភិបាលក្រុងសៀមរាប លោកអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត លោក នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្តសៀមរាប ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរសង្កាត់ ភូមិផងដែរ ។

តាមការបញ្ជាក់របស់លោក សូរ ប្លាតុង បានឲ្យដឹងថា ក្រោយពីការអនុវត្តលើអនុក្រឹត្យ លេខ៥១ និង ៥២ របស់រាជរដ្ឋាភិបាល  គឺជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើការកាត់ឆ្វៀលដីជូនបងប្អូនកន្លងមក ។ លោកបានបន្តទៀតថា តាមការណែនាំរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងការដោះស្រាយដី ជូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានលើដីផ្លូវសាធារណៈ ហើយពេលនេះក្រុមការងារបានចុះធ្វើការសម្រងក្បាលផ្ទះ មានចំនួន ២០គ្រួសារ ហើយ១៨គ្រួសារ បានអញ្ជើញមកទទួលក្បាលដី ដែលរដ្ឋបានបែងចែកជូន តែចំពោះ ០២គ្រួសារ ពុំបានឯកភាពទៅតាមការកំណត់របស់អាជ្ញាធរខេត្តឡើយ ។  លោកបានបន្តទៀតថា នៅពេលដែលអាជ្ញាធរខេត្ត ធ្វើ ការដោះស្រាយជូនបងប្អូនហើយនោះ គឺត្រូវតែទៅរស់នៅលើដីឡូត៌ដែលខេត្តបានបែងចែក បើមិនដូច្នោះទេ នៅពេល រដ្ឋធ្វើការរៀបចំផ្លូវនោះ អាជ្ញាធរខេត្ត ក្រុង មិនបានទទួលខុសត្រូវឡើយ ។    ម៉្យាងទៀត នៅក្រោយពីទទួលបានដី ក្រុមការងារនឹងធ្វើប័ណ្ណកម្មសិទ្ធជូន ដើមី្បឲ្យបងប្អូននឹងមានសិទ្ធយកទៅប្រើបាស់ទៅតាមតម្រូវការ ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសាររបស់ខ្លួន ។

ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលមានចិត្តសប្បុរស  ក្នុងការគិតដល់ប្រជាពលរដ្ឋ ក្រីក្រ បានកំពុងរស់នៅលើដីផ្លូវសាធារណៈ ឲ្យបានទទួលដីជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើមី្បគ្រប់គ្រង ប្រកបការដាំដុះ ក្នុង ការទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៨ ដើមី្បសម្តេចបន្តដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើន គ្រប់អាណត្តិបន្តទៀតផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប