យុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៌ស


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វសក្ត័ ព.ស២៥៦១ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប​ មានធ្វើការជួបជុំគ្នាបើកយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូរពណ៌ស ក្រោមប្រធានបទ ដើមី្បបញ្ឈប់អំពើហិង្សាលើស្ត្រី​ និង កុមារ នៅទីធ្លាសួនច្បារនៃមហាសណ្ឋាគារអង្គរ ក្រោម អធិបតីភាពរបស់លោកស្រី យូ សុភាព អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង តំណាងអង្គការដៃគូរ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និង ប្រជាពលរដ្ឋចូលរួមផងដែរ ។

ក្នុងអំឡុងពេលនៃយុទ្ធនាការបំពាក់បូពណ៌ស គឺត្រូវបានបំពាក់ឲ្យប្រជាពលរដ្ឋ ពិសេសចំពោះបុរស ដែលជា សញ្ញានៃការសន្យា ដើមី្បបញ្ឈប់អំពើហិង្សាលើស្ត្រី និង កុមារ ហើយត្រូវបានគេចាត់ទុកថា រៀងរាល់ឆ្នាំនាថ្ងៃទី២៥ ខែ វិច្ឆិកា ជាទិវាអន្តរជាតិ នៃការសាមគ្គីភាពរបស់បុរសប្រឆាំងនិងអំពើហិង្សាមកលើស្ត្រី រហូតដល់ថ្ងៃទី១០ធ្នូ ។ ក្នុងការរៀបចំយុទ្ធនាការនេះឡើង ក៏ជាគោលបំណង ក្នុងការបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើស្ត្រីយុវវ័យ និងកុមារ ដើមី្ប លើកកម្ពស់ភាពសុខដុមរមនា និង ភាពរុងរឿងក្នុងគ្រួសារ ក៏ដូចនៅកន្លែងធ្វើការជាដើម ។

ក្នុងកិច្ចស្វាគមន៍របស់លោក​ស្រី ឡា អូន ប្រធានមន្ទីរកិច្ចការនារីខេត្ត​ និង ចំណាប់អារម្មណ៍របស់អង្គការ និង តំណាងសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការចូលរួមលុបបំបាត់ អំពើហិង្សាលើស្ត្រី និង កុមារ ក្នុងគោលបំណងធ្វើការអប់រំ ​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ពិសេសចំពោះយុវជន ក៏ដូចបុរស និង ក្មេងប្រុស ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និង ក្មេងស្រី ។ ការជួយដល់ស្ត្រី ក៏ដូចជាជួយខ្លួន ឯង និង អ្នកជាសមាជិកក្នុងក្រុមគ្រួសាររបស់យើងទាំងអស់គ្នា ។  ដូច្នេះការផ្លាស់ប្តូរ និង ការប្រកាន់ភ្ជាប់នូវការប្រព្រឹត្ត និង ឥរិយាបថជាវិជ្ជមាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សភាព និង សមធម៌យេនឌ័រ រវាងបុរស និង ស្ត្រី ។

លោកស្រី យូ សុភា ក៏បានគូសបញ្ជាក់ផងដែរថា សកម្មភាពទាំងនេះ គឺ ជាការរួមសាមគ្គីគ្នាជាធ្លុងមួយ   ដើមី្បបញ្ឈប់អំពើហិង្សាលើស្ត្រី និង កុមារ  ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋយើង បានយល់ដឹង អំពីផលប៉ះពាល់​នៃការប្រើអំពើហិង្សាលើអ្នកទន់ខ្សោយ ។ ដូច្នេះគឺជាយុទ្ធនាការប្រឆាំងអំពើហិង្សា ដែលតែងតែកើតឡើងលើមនុស្សគ្រប់រូប ព្រមទាំងលើកកម្ពស់នៃការយល់ដឹងជាសាធារណៈផងដែរ ។ លោកជំទាវ បន្តទៀតថា ដើមី្បឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោលដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងការជម្រុញបន្ត ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី សំដៅលុបបំបាត់រាល់ឥរិយាបថ ថែលប្រើអំពើហិង្សាលើ ស្រ្តី និង ពង្រីកវប្បធម៌អហិង្សា ដើមី្បរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ កសាងគ្រួសារ មានសុភង្គល ក្នុងភាពសុខដុមរមនា ដើមី្បឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០១៥.២០៣០ និង ផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ ( ២០១៤.២០១៨ )របស់ក្រសួង ។ លោកស្រី យូ សុភា បានលើកឡើងថា ក្នុងវិស័យ កិច្ចការពារផ្លូវច្បាប់ចំពោះស្ត្រី និង ក្មេងស្រី បានកំពុងជម្រុញបណ្តាញការងាររបស់ខ្លួន ពីថ្នាក់ជាតិ ដល់ថ្នាក់ ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាស្ត្រី និង កុមារ ក្នុងការអន្តរាគមន៍ទាន់ពេលវេលា ដល់ជនរងគ្រោះដោយអំពើហិង្សា ដែលមានការសម្របសម្រួលជាពហុវិស័យ ។  តាមរយៈនេះស្ត្រីពី១ដល់៥នាក់ បានជួបប្រទះនូវអំពើហិង្សាផ្នែករាងកាយផ្លូវភេទ ពីដៃគួរ បស់ពួកគេផងដែរ ។ ដូច្នេះអំពើហិង្សាលើស្ត្រីនៅតែជាបញ្ហាប្រឈមនៅកម្ពុជា ហើយត្រូវយើងកំពុងអនុវត្ត និង អភិវឌ្ឍន៍នូវវិធានការកាត់បន្ថយផងដែរ ។ លោកជំទាវបានលើកផងដែរថា  ឆ្លងតាមការ  អនុវត្តយុទ្ធសាស្ត្រនេះ ក្រោមកិច្ចប្រឹងប្រែងនៃកិច្ចសហការគ្រប់ពីស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរ ទទួលបានភាពជោគ ជ័យរួមមួយ ក្នុងការអនុវត្តនូវកម្មវិធីនេះ ។ លោកជំទាវក៏បានអំពាវនាវ សូមគ្រប់បណ្តាស្ថាប័ន អង្គការសង្គមស៊ីវិល បន្តក្នុងកិច្ចសហការ ចូលរួមទប់ស្កាត់ និង អន្តរាគមន៍រាល់ទង្វើហិង្សាទាំងអស់ ដើមី្បឆ្លើយតបឲ្យបានទាន់ពេលវេលា និង​ធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះការប្រើអំពើហិង្សាលើស្ត្រី និង កុមារ គឺជាការរួមចំណែកលើកកម្ពសើស្ត្រី និង កុមារផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

99 100 101 102 103 104 105 106 107 108 109 110 111