ខេត្តសៀមរាប ៖ រសៀលថ្ងៃអង្គារ ២រោច ខែមគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ត្រូវថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ១៦ រសៀល ការងារចម្រុះ មានរដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុងសៀមរាប អធិការនគរបាល កងរាជអាវុធហត្ថ ក្រុង ការិយាល័យវប្បធម៌និងវិចិត្រសិល្បះក្រុង ចៅសង្កាត់ មេភូមិ គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី កម្លាំងប្រជា ការពារភូមិ និង កម្មករសាលាក្រុងសរុប៣០នាក់ ដែលដឹកនាំដោយ លោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលសាលា ខេត្តសៀមរាប លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដោយមានការឯកភាពពីព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តលិខិតលេខ ៣២៧/១៧ស.ជ.ណ ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ របស់រដ្ឋបាលក្រុងសៀមរាប ក្នុងការធ្វើការរុះរើ និង ដកហូតទូកញ្ចក់លក់គ្រឿងអលង្ការ មួយកន្លែងនៅក្នុង ផ្សារលើធំថ្មី ដែលជាកម្មសិទ្ធិរបស់លោក តាន់ សុផល ដែលបានជួលពីអ្នកស្រី តាំង សុបួយ ដោយបានលក់ដូរខុស ប្លង់តូប ដែលគណៈកម្មាធិការប្រតិបត្តិសមាគមអាជីវករសំណង់ផ្សារលើធំថ្មី បានកំណត់ ស្ថិតនៅក្នុងភូមិដកពោធិសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។
ក្នុងសកម្មភាពចុះអនុវត្តធ្វើការរុះរើទូកញ្ចក់នេះ យើងសង្កេតឃើញថា មានការប្រកែចតវ៉ាគ្នាយ៉ាងពេញ ទំហឹងរវាងកម្លាំងចម្រុះ និង ម្ចាស់ទូ ព្រមទាំងអាជីវករ និងអាជីវករធ្វើអាជីវកម្មលក់មាសដូចគ្នា ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ និង ភ្ញៀវ ដែលធ្វើដំណើរឆ្លងកាត់ទីផ្សារលើធំថ្មីផងដែរ ។ ក្នុងនោះដែរយើង សង្កេតឃើញ ភាគីម្ចាស់ទូ ក៏បានទូរសព្ទដល់ថ្នាក់ដឹកនាំមួយចំនួន ឲ្យជួយធ្វើការអន្តរាគម ចំពោះការអនុវត្តសេចក្តីជូនដំណឹងរបស់ សាលាក្រុង ។ ក្នុងនោះក៏មានជនចម្លែកដែលអួតថា ខ្លួនជាកងរាជអាវុធហត្ថ បានមកស្រែកឡូឡាដាក់កម្លាំងចម្រុះ ព្រមទាំងមេធាវីម្នាក់ រួមទាំងអ្នកកាសែតគ្មានសុជីវធម៌ម្នាក់ផងដែរ ។
ឆ្លងតាមការសម្រុះសម្រួលរបស់លោក នួន ពុទ្ធារ៉ា ដោយភាគីម្ចាស់ទូនៅធ្វើការអូសបន្លាយពេលវេលាផង នោះលោក នួន ពុទ្ធារ៉ា ក៏បានលើកនូវហេតុផលមួយចំនួន ក្នុងការបញ្ជៀសកុំឲ្យកើតមានហិង្សារវាងគ្នា ព្រមទាំង សូមឲ្យម្ចាស់ទូកញ្ចក់ ធ្វើការជ្រើសរើសនូវ វិធាការ៣ចំណុច ដោយរុះរើខ្លួនឯងក្នុងពេលនេះ ,បើខ្វះកម្លាំងរុះរើក្រុមការ ងារជួយ , បើមិនរើនោះទេកងកម្លាំងនឹង ប្រើប្រាស់វិធានឲ្យខាងតែបាន ។ ក្នុងនោះដែរលោកមេធាវីឈ្មោះ យិន រ៉ាវី ខាងភាគីម្ចាស់ទូ ក៏បានផ្តល់គំនិតមួយចំនួនទៅតាមនីតិវិធីច្បាប់ ដើមី្បបញ្ជៀសកុំឲ្យកើតមាននូវអំពើហិង្សា នៅពេល កម្លាំងចម្រុះធ្វើការអនុវត្តទៅតាមផ្លូវច្បាប់ ។
ដោយយោងតាមពាក្យបណ្តឹងរបស់បងប្អូនអាជីករលក់មាស ចំនួន៥៨តូប ធ្វើការប្តឹងទៅសាលាក្រុង និង សាលាខេត្តសៀមរាប ដើម្បីដកហូតតូបលក់មាសខុសទីតាំងក្នុងផ្សាលើធំថ្មី របស់លោកស្រី តាំង សុខបួយ ដែលបានជួលឲ្យឈ្មោះ តាំង សុផល ដែលបានលក់តាំងពីមុនភ្ជុំបិណ្ឌឆ្នាំ ២០១៦ ហើយអាជ្ញាធរបានទុកពេលឲ្យម្ចាស់តូបប្តូរមុខរបរតាមប្លង់របស់ផ្សារវិញ ។
ដោយប្រើប្រាស់ពេលវេលាអស់រយៈពេល ៨ម៉ោង ដែលទ្រាំទៅតាមការត្មិសតិសដៀលពីម្ចាស់តូប តាំង សុខបួយ និងអ្នកជួល តាំង សុផល យ៉ាងណាក៏ដោយ កម្លាំងចម្រុះមានការអត់ធ្មត ដើម្បីបំពេញការងាររបស់ខ្លួន រហូតទទួលបានជោគជ័យ ដោយសន្តិវិធី នៅវេលាម៉ោង ២៣ និង ៥០នាទី ដោយបានធ្វើការឯកភាពគ្នាទៅលើ កំណត់ហេតុដកហូត ដោយមានលោកមេធាវីឈ្មោះ យិន រ៉ាវី ធ្វើជាសាកី្ស ហើយបានដឹកយកទូកញ្ចក់ទៅរក្សាទុកនៅ អធិការនគរបាលក្រុងសៀមរាបទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប