កិច្ចប្រជុំសម្របសម្រួលការងារគ្រប់គ្រងករណី និងសមាហរណកម្មកុមារក្នុងគ្រួសារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៧


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែ ធ្នូ គ.ស២០១៧ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសម្របសម្រួលការងារគ្រប់គ្រងករណី និងសមាហរណកម្មកុមារក្នុងគ្រួសារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចការស្ត្រី និង កុមារ ដោយមានការចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធក្នុងខេត្ត រួមទាំងអង្គការដៃគូមួយចំនួនផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីស្រាវជ្រាវករណីកុមាររងគ្រោះ និងងាយរងគ្រោះលើករណីផ្សេងៗនៅក្នុងសហគមន៍ លទ្ធផលការគ្រប់គ្រងករណីកុមារ ដែលបានធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងការធ្វើបច្ចុប្បន្នភាពកុមារ ដែលបានធ្វើសមាហរណកម្មទៅក្នុងគ្រួសារនៅក្នុងសហគមន៍។

យោងតាមសេចក្ដីរាយការណ៍របស់អ្នកសម្របសម្រួល គ.ក.ស.ក តាមបណ្ដាក្រុង-ស្រុកក្នុងខេត្ត ក្នុងនោះក៏មានករណីមួយចំនួន ដូចជាករណីកុមាររងគ្រោះពីឪពុកម្ដាយមិនឲ្យចូលរៀនដោយសារភាពក្រីក្រ ,បញ្ហាគ្រឿងញៀន គ្មានសំបុត្រកំណើត គ្មានទីជម្រក សំខាន់បញ្ហាការរំលោភសេពសទ្ទវៈទៅលើកុមារក្រីក្រពីឪពុកចុង ឪពុកបង្កើត ឬពីជនបរទេស ដែលធ្វើឲ្យកុមាររងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង ។ បញ្ហាទាំងនេះ ត្រូវបានសហគមន៍ និងអង្គការដៃគូសហការគ្នាដោះស្រាយបានមួយចំនួន ដោយយកកុមារទៅដាក់តាមមណ្ឌល តែមួយចំនួនមិនទាន់បានដោះស្រាយនៅឡើយ ។

ជាមួយគ្នានេះ លោកជំទាវ ស៊ិន ណម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានធ្វើការជម្រុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវតែធ្វើការតាមដាន និងស្រាវជ្រាវឲ្យអស់ក្នុងខេត្ត នូវរាល់បទល្មើសដែលប្រព្រឹត្ត ដើម្បីយកមកធ្វើការផ្ដន្ទាទោស ព្រមទាំងស្រាវជ្រាវករណីកុមាររងគ្រោះ និងងាយរងគ្រោះលើករណីផ្សេងៗនៅក្នុងសហគមន៍ យកទៅដាក់នៅតាមមណ្ឌល ដើម្បីឲ្យកុមារទាំងនោះមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ កសាងអនាគត របស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

184 185 186 187 188 189 190 191