ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ២៨ ខែ ធ្នូ គ.ស២០១៧នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង បច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តុលាការខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ស្នងការ មេបញ្ជាការ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីរាជការជុំវិញខេត្ត ក្រោមការអធិបតីភាពឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង ឯកឧត្តម អ៊ឹង ហឿន សមាជិកក្រុមប្រឹក្សាខេត្ត ។
មានប្រសាសន៍ក្នុងកិច្ចស្វាគមន៍នោះ ឯកឧត្តម អ៊ឹង ហឿន បានធ្វើការបញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង បច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត នាពេលនេះ គឺជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ដែលពាក់ព័ន្ធទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលទើបបានធ្វើវិសោធ នកម្មនាពេលថ្មីៗ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដើមី្បកាន់តែបានយល់ដឹងច្បាស់ និង យកទៅអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងការផ្សព្វផ្សាយនោះឯកឧត្តម ហ៊ី សោភា ក៏បានគូសបញ្ជាក់ថា ច្បាប់គឺជាបន្ទាត់មួយកំណត់ឲ្យយើងគ្រប់រូប គោរពប្រតិបត្តិតាម ដែលជាផ្លូវនៃប្រទីបឆ្លុះបញ្ចាំងបង្ហាញសម្រាប់អ្នកអនុវត្តច្បាប់ផងដែរ ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការបកស្រាយនូវខ្លឹមសារអត្ថន័យ នៃរដ្ឋធម្មនុញ្ញ នៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង បច្ចុប្បន្នភាពនៃបញ្ហាគតិយុត្ត ដោយបានផ្តោត អំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សធម្មនុញ្ញ អំពីខ្លឹមសារសង្ខេបនៃសេចក្តីសម្រេច ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធច្បាប់ទាំងបួន រួមមានការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ , ការពិនិត្យធម្មនុញ្ញភាព នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា , ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ក្នុងការសន្និដ្ឋានលើបញ្ហាបច្ចុប្បន្នភាពគតិយុត្តនៅកម្ពុជា ដោយផ្តោតលើការធ្វើសោធន កម្មច្បាប់បោះឆ្នោតទាំងបួន ជាការឆ្លើយតបទាន់ពេលវេលា នឹង តម្រូវការផ្នែកគតិយុត្ត ដើមី្បធានាបាននូវស្ថេរភាព នយោបាយ និង សង្គមនៅកម្ពុជា ដោយឈរលើគោលការណ៍ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និង នីតិរដ្ឋពិត ប្រាកដ ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើការពិនិត្យធម្មនុញ្ញភាព នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ទាំង បួន ស្របតាមស្មារតីនៃការធានា ការពារគោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ត្រូវបានចារឹកឡើងដោយ ឆន្ទះមោះមុតនៃប្រជារាស្ត្រខ្មែរ ។ ចំពោះបច្ចុប្បន្នភាពរបស់កម្ពុជា បានកំពុងស្ថិតលើមាគ៌ានៃការកសាងខឿនឯករាជ្យ ការពារអធិបតេយ្យភាពពិតប្រាកដរបស់ខ្លួន ដោយឈរលើមូលដ្ឋាន ការគោរព អនុវត្តតាមស្មារតី ដែលមានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់នានាជាធរមាន ព្រមទាំងបានបកស្រាយនូវមាត្រថ្មីមួយចំនួន នៃរដ្ឋធម្មនុញ្ញផងដែរ ។ ក្នុងនោះឯកឧត្តម ហ៊ី សោភា ក៏បានធ្វើការផ្តាំផ្ញើដល់ មន្ត្រីសមត្ថកិច្ច អនុវត្តច្បាប់ទាំងអស់ គោរពឲ្យខាងតែបាន នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង បច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍ចាំបាច់របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប