ពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាប


ខេត្តសៀមរាប ៖ លោក ង៉ាន់ ភិរុណ ឋានន្តរសកិ្ត វរៈមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី  ត្រូវបានធ្វើការ​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលរងខេត្តសៀមរាប កាលពីរសៀល​ថ្ងៃទី​០៣ ខែ មករា ឆ្នាំ​២០១៨ នៅរដ្ឋបាលសាលា​ខេត្តសៀមរាប  ជំនួសលោក សង់ រីហា អភិបាលរងខេត្ត ដែល​ត្រូវបានផ្លាស់ប្តូរភារកិច្ច ​ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោម​អធិបតីភាពរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​ ។ ​

បន្ទាប់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  អភិបាលនៃគណៈអភិបាលខេត្ត  ​បាន​ធ្វើកិច្ចស្វាគមន៍ និង ​ របាយការណ៍​ស្តី​ពី​សមិទ្ធផល​ដែល​បាន​កសាង ​និង ​អភិវឌ្ឍន៍ក្នុងខេត្ត ​ព្រមទាំង​ការងារសន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវ​រវាងស្ថាប័ន​ជាតិ និង ថ្នាក់ក្រោមជាតិ  ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។

បន្តមកលោក អ៊ឹង វណ្ណារិន អនុ​ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បាន​អាននូវអនុក្រិត្យលេខ ១៤៤៩អនក្រ.តត ចុះថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា បាន​​ប្រកាស តែងតាំងលោក ង៉ាន់ ភិរុណ ឋានន្តរសកិ្ត វរៈមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈ រដ្ឋមន្ត្រី  ឲ្យកាន់មុខ​តំណែង​ជា​អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ​ ​ដើម្បី​ដឹកនាំ​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​បន្ត​ជំនួស​ លោក សង់ រីហា​ អភិបាលរងខេត្ត ដែលបានផ្លាស់ប្តូរភារកិច្ច  ។

​         បន្ទាប់ពីគណៈអធិបតីប្រគល់​អនុក្រឹត្យ​ ​ និង ការ​ប្តេជ្ញា​ចិត្តរបស់លោកអភិបាលរងខេត្តដែលទើប ទទួលបានការតែងតាំងថ្មីរួចមក  មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម សក់ សេដ្ឋា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប​ ជាគណៈអភិបាលខេត្ត ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ ​គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ ឯកឧត្តមបានលើកនូវសមទ្ធិផលដែលខេត្តទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។  ក្នុងនោះដែរឯកឧត្តមបានលើកនូវ៧ចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះ បានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុង ការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផង ដែរ ។ ឯកឧត្តម សក់ សេដ្ឋា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ឯកឧត្តម ក៏បានលើកឡើងអំពីច្បាប់មួយចំនួន ដែលក្រសួងបានរៀបចំ ដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទងធនធានធម្មជាតិ ក្នុងគោលដៅដើមី្បធ្វើការអភិរក្សធនធានធម្មជាតិទាំងនោះ ។ ក្នុងនោះដែរឯកឧត្តមរដ្ឋលេខាធិការ ក៏បាន​ផ្តាំផ្ញើ​ដល់​ឯកឧត្តម​អភិបាលរងខេត្ត​ថ្មី ដែលទើបចូលកាន់តំណែង ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ​ ​គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពល រដ្ឋ​ជា​ចំបង ​ហើយក៏​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ ​ គ្រប់​គ្រង បណ្តាមន្ទីរ ស្ថាប័ន​ និង​ អង្គភាព​ក្នុង​ខេត្ត​ឲ្យ​បាន​ល្អ​ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជន ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕

01 02 03 04 05 06 07 08 09 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26