ប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ


ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៦នេះ នៅវិទ្យាល័យអង្គរ  ខេត្តសៀមរាបបានរៀបចំប្រឡងជ្រើសរើស​មន្ត្រីក្របខ័ណ្ឌរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ  ដែលមានបេក្ខជនមកពីខេត្តចំនួន៤ គឺខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និង ខេត្ត​ឧត្តរមានជ័យ សរុបចំនួន៥០៩នាក់ ស្រី ១១០នាក់ បានដាក់ពាក្យប្រឡង ដែលបានប្រព្រឹទ្ធទៅក្រោមការត្រួតពិនិត្យ និង បើកវិញ្ញា​សារដោយឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក លី សំរឹទ្ធ អភិបាលរងនៃ គណៈអភិបាលខេត្ត ព្រមទាំង​អស់លោក លោកស្រីជាតំណាងក្រសួងមហាផ្ទៃ លោកនាយករដ្ឋបាលសាលាខេត្ត  គណៈមេប្រយោគ និង គណៈកម្មការប្រឡង ជាច្រើនរូបចូលរួមផងដែរ ។

សូមបញ្ជាក់ផងដែរថា ការប្រឡងចូលក្របខណ្ឌក្រសួងមហាផ្ទៃ រួមមានក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ  លេខាធិការរដ្ឋបាល និង ក្របខណ្ឌមន្ត្រីពន្ធនាគារ ទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ ។

តាមប្រសាសន៍របស់លោក ស្មៀន ប៊ុនធឿន នាយកទីចាត់ការធនធានមនុស្ស ខេត្តសៀមរាបបានឲ្យដឹងថា  ការដាក់ពាក្យប្រឡង​ចូលមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃមានចំនួនសរុប ៥០៩នាក់ ស្រី ១១០នាក់ មកពីខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និង ខេត្ត​ឧត្តរមានជ័យ ក្នុងនោះក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ ១០៧នាក់ ស្រី៣៥នាក់ មន្ត្រីក្រមការ ចំនួន ១៤៦នាក់ ស្រី ៦៦នាក់  ក្នុងក្របខណ្ឌ​មន្រ្តីលេខាធិការរដ្ឋបាល ចំនួន ១៨៧នាក់ ស្រី១១៦នាក់ និង ក្របខ័ណ្ឌ   មន្ត្រីពន្ធនាគារ ចំនួន ៦៩នាក់ ស្រី ៣០នាក់ នៃក្រសួង​មហាផ្ទៃ ។ ក្នុងនោះក្រសួងបានកំណត់ក្របខណ្ឌជាន់ខ្ពស់ចំនួន ១៥នាក់ ក្របខណ្ឌក្រមការចំនួន ១៦នាក់ ស្រី ១១នាក់ និង ក្រប​ខណ្ឌមន្ត្រីពន្ធនាគារ ១២ នាក់ ។ លោកក៏បានឲ្យដឹងផងដែរថា បេក្ខជនដាក់ពាក្យសុំធ្វើការប្រឡង​​សុទ្ធសឹង ជាសមណសិស្ស និង និសិ្សត នៃខេត្តទាំងបួន ។ នៅមណ្ឌលសៀមរាបមានបន្ទប់ប្រឡងសរុប ចំនួន០២២បន្ទប់ ក្នុងថ្ងៃប្រឡងនេះ មានវត្តមានបេក្ខជន​ចូលមកប្រឡងមានចំនួន ៤៦២នាក់ និង អវត្តមានបេក្ខជន​ចំនួន ៤៧​នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ ១៣នាក់ ក្រមការ ១៨នាក់  លេខាធិការរដ្ឋបាល ១៤នាក់ និងមន្ត្រីពន្ធនាគារ ២នាក់ នៅពេលប្រឡងនេះ ក្រសួងមហាផ្ទៃបានជ្រើសរើសនូវវិញ្ញាសារ គណិតវិទ្យា ចំណេះដឹងទូទៅ និង លិខិតរដ្ឋបាល សម្រាប់បេក្ខជនប្រឡង ។

មានប្រសាសន៍នោះដែរឯកឧត្តម លេង វី ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ដែលជាបេក្ខជនទាំងពីរភេទ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យ​បានខ្ពស់ នៅក្នុងពេលប្រឡងហើយត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពរបស់ខ្លួននូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ​ទាំងពីរភេទ ព្រមទាំងត្រូវគោរពឲ្យបានល្អនូវបទបញ្ជា អង្គការវិន័យក្នុងពេលប្រឡងនិងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគ​ឲ្យបានខ្ជាប់ខ្ជួន ។  ម៉្យាងទៀតការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋបាលក្រសួងមហាផ្ទៃនាពេលនេះ  គឺ ជាការបំពេញនូវ​ក្របខណ្ឌមន្ត្រីរដ្ឋបាល របស់ក្រសួងមហាផ្ទៃ ហើយក៏ជាឱកាសដ៏ប្រសើរ សម្រាប់ក្មួយៗជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវ​គំនិតយល់ដឹង  ចំណេះដឹង ពីសមត្ថភាពរបស់ក្មួយៗ ដើមី្បយកទៅបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការរដ្ឋបាល នៃក្រសួងមហាផ្ទៃ សម្រាប់ ទៅថ្ងៃអនាគត ។

ក្នុងការប្រឡងនេះ គឺបានប្រព្រឹត្តទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យទៅតាមការកំណត់​នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1443 DSC_1447 DSC_1449 14469699_1654954888149155_5081689703820645411_n