ខេត្តសៀមរាប ៖ នារាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាខេត្ត និងឯកឧត្តម នូ ផល្លា ប្រជានក្រុមប្រឹក្សាខេត្ត រួមទាំងអស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និង សភា ពាណិជ្ជកម្មខេត្ត បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូ ក្រុងជីណាន ខេត្ត សានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯ.ឧ Yin Luqian ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិន នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ម៉្យាងទៀតសក្តានុពលរបស់ខេត្តបានពឹងផ្អែកទៅ លើវិស័យកសិកម្ម វិស័យទេសចរណ៍ ។ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និង បានលើស្ទួយនូវជីវភាពរស់នៅរបស់ប្រជាជន កាន់តែមានភាពប្រសើរ ពិសេសនៅខេត្តសៀមរាបធ្វើឲ្យមានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ទាំងរចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានសោភ័ណស្រស់ត្រកាលឡើង។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ដំណើរទស្សនៈកិច្ចជាផ្លូវការនៅលើទឹកដីប្រវត្តិសាស្រ្តសៀមរាប បានធ្វើឲ្យចំណងមិត្ត ភាពរវាងប្រទេសទាំងពីរ កម្ពុជា ចិន ឲ្យកាន់តែមានទំនាក់ទំនងល្អ និង កិច្ចសហប្រតិបត្តិការល្អជា មួយរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែនៅជិតគ្នាជានិច្ចនិរន្តតរៀងទៅ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ជូនល់គណៈប្រតិភូផងដែរថា គិតមកដល់ខែតុលា ឆ្នាំ២០១៦នេះ ចំណងសម្ព័ន្ធមេត្រីភាព ជា មួយខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួន១៩ខេត្ត ក្រុង ព្រមទាំងបានធ្វើការជម្រុញវិស័យទេសចរ វិនិយោគិន និងមានក្រុមហ៊ុនចិនដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងខេត្តសៀមរាបចំនួន ១០២ ក្នុងនោះក្រុមហ៊ុន៤៤ សាខាក្រុមហ៊ុន ១០ និងសហគ្រាសឯកបុគ្គល ៤៨ផងដែរ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និង ប្រជាជនចិន ដែលតែងជួយដល់ប្រជាជនកម្ពុជា បើគ្មានការគាំទ្រដោយសប្បុរស ប្រកបដោយគ្មានលក្ខខណ្ឌពីប្រទេសចិន ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ហើយរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន នឹងធ្វើការសាងសង់អាកាសយានដ្ឋានដ៏ធំនៅខេត្តសៀមរាបផងដែរ។ កម្ពុជាបានគាំទ្រគោលជំហរ របស់ខ្លួនក្នុងការគាំទ្រគោលនយោបាយចិនតែមួយ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើក នូវសំណូមពរមួយចំនួនដល់គណៈប្រតិភូ សំខាន់ក្នុងការជម្រុញប្រជាជន និង អ្នកវិនិយោគចូលមកធ្វើទេសចរណ៍ និងវិនិយោគ នៅក្នុងខេត្តសៀមរាប អាជ្ញាធរខេត្តទទួលស្វាគមន៍ សហការជានិច្ចចំពោះអ្នកវិនិយោគចិន ។
មានប្រសាសន៍នោះឯកឧត្តម Yin Luqianក៏បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុងជីណាន ដែលជាក្រុងសម្ព័ន្ធមេត្រីភាពនឹងខេត្តសៀមរាប បានធ្វើឲ្យចំណងនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងទាំងពីរ ដ៏ដូចប្រទេសទាំងពីរកាន់តែមានភាពរឹងមាំទ្វេរឡើង ។ ឯកឧត្តមក៏បាន លើកឡើងផងដែរ អំពីការស្មារតីគាំទ្ររបស់ប្រជាជនកម្ពុជា នូវគោលនយោបាយចិនតែមួយ ក្នុងការជម្រុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជីវប្រវត្តិនៃកិច្ចទំនាក់ទំនងតាំងពីបូរាណកាល តាមរយៈបេសកជន ការទូតលោក ជីតាក្វាន់ ហើយត្រូវបានប្រទេសទាំងពីរធ្វើការថែរក្សានៃទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តម Yin Luqian ក៏បានបន្តទៀតថា ឯកឧត្តមនឹងធ្វើការប្តេជ្ញាចិត្ត ក្នុងការជម្រុញឲ្យកិច្ចទំនាក់ទំនងរវាងខេត្ត ក្រុងទាំង ពីរ កាន់តែមានទំនាក់ទំនងល្អបន្ថែមទៀត ក្នុងការជម្រុញអ្នកវិនិយោគលើវិស័យទេសចរណ៍ និង កសិកម្ម ពីព្រោះថា នៅកម្ពុជា មានផ្ទៃដីដែលផ្តល់ផលប្រយោជន៍លើវិស័យកសិកម្ម រួមទាំងសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង តំបន់រមណីយដ្ឋានធម្មជាតិ ។ និយាយដោយឡែកខេត្តសៀមរាបក៏ជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍ នៅលើ ពិភពលោកចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះឯកឧត្តមនឹងធ្វើការជម្រុញដល់ក្រុមហ៊ុនអាកាសចរណ៍ ធ្វើការហោះ ហើរឆ្ពោះត្រង់មកកាន់ខេត្តសៀមរាប និង ជម្រុញប្រជាជនក្រុងជីណានចូលមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់នៅ ខេត្តសៀមរាប ៕ អត្ថបទ ម៉ី សុខារិទ្ធ