បណ្តុះមនសិការឲ្យចេះស្រឡាញ់អនាម័យ និង បរិស្ថាន


ខេត្តសៀមរាប ៖ ឆ្លងតាមការប្រកួតប្រណាំងទូក នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេល០២ថ្ងៃ ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស បុគ្គលិកសណ្ឋាគារក្រុមហ៊ុន និងប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ចូលរួមធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមដងស្ទឹង និង ទីសាធារណៈក្រោយពីបញ្ចប់ពិធីបុណ្យអ៊ុំទូក  បណ្តែត ប្រទីប និង សំពះព្រះខែ អកអំបុក នៅលើទីកដីប្រវត្តិ​សាស្ត្រអង្គរ ក្នុងនោះដែរក៏មានវត្តមានរបស់ឯកឧត្តមជាគណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អភិបាលក្រុងចូលរួមផងដែរ ។

តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត នូ ផល្លា បានឲ្យដឹងថា យុទ្ធនាអនាម័យ សម្អាតបរិស្ថាន ដែលយើងគិតថា ជាកាត្វកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់ៗរូប សំខាន់សម្រាប់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ត្រូវតែជាជនគំរូ ក្នុងបញ្ហានេះ  ហើយក្នុងនេះដែរ  ដោយខេត្តសៀមរាប គឺជាខេត្តគោលដៅនៃការត្រៀមខ្លួន ចូលរួមប្រកួតប្រជែងទីក្រុងស្អាតកម្រឹតអាស៊ាន ហើយក៏ជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្តផងដែរ ។ ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងថា  ការចូលរួមក្នុងយុទ្ធនាការនេះ ក្រោយពីការរៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងក្រុងសៀមរាប គឺស្ថិតក្នុងគោលបំណង  ដើម្បីជម្រុញឲ្យបរិស្ថានអនាម័យកាន់តែប្រសើរ សោភ័ណភាពកាន់ស្រស់បំព្រងថែមទៀត ជាទីក្រុងគ្មានសម្រាម និង គ្មានថង់ប្លាស្ទីច ហោះហើរតាមផ្លូវ ។ ​ឯកឧត្តមបណ្ឌិតបានលើកឡើងផងដែរថា កំទេចសម្រាមដែលវាធ្លាក់ចូលក្នុងកែវភ្នែករបស់យើង បង្ករឲ្យមានការឈឺចាប់យ៉ាងណា ចុះសម្រាមដែលបង្ករភាពកខ្វក់នៅក្នុងទីក្រុងប្រវត្តិ​សាស្ត្រនៃយើង  វាក៏បានបង្កឲ្យមានការឈឺចាប់សម្រាប់សង្គមជាតិយ៉ាងដូច្នោះដែរ  ព្រោះថា ភាពកខ្វក់ គ្មានអនាម័យ វាជាស្ថាន​ភាពគួរឲ្យខ្លាច នៅលើពិពភលោកយើងនេះ ។ ឯ.ឧបណ្ឌិត នូ ផល្លា ក៏បានមានប្រសាសន៍បន្តថា យុទ្ធនាការពេលនេះ ដែលមានមនុស្សចូលរួមប្រមាណជាង ៣ពាន់នាក់ គឺ វាពិតណាស់ថា ចំនួនកម្លាំងមនុស្សទាំងនេះ  រើសសម្រាមមួយព្រឹកក្នុង១ឆ្នាំម្តង  មិនអាចធ្វើឲ្យទីក្រុងសៀមរាបស្អាតរហូតបានទេ  តែយើងរើសសម្រាមក្នុងយុទ្ធនាការនេះ  គឺដើម្បីលាងបេះដូងទាំងខ្លួនយើង ទាំងអ្នកនៅជុំវិញខ្លួនយើង ឲ្យទទួលយកដោយការពេញចិត្តនូវសេចក្តីស្រឡាញ់ ថែរក្សា សម្អាតបរិស្ថាន ជាប្រចាំថ្ងៃ  កសាងទីក្រុងបៃតង ចៀសវាងឲ្យបាននូវការធ្វើឲ្យមានផលនៃការជះឥទ្ធិពលជាអវិជ្ជមាន ដល់ការអភិវឌ្ឍប្រកបដោយចិរភាព ក៏ដូចជាការធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ  ។

សូមបញ្ជាក់ផងដែរថា ក្នុងពេលធ្វើយុទ្ធនាការ សម្អាតអនាម័យ បរិស្ថាននេះដែរ ក៏មានក្មួយសិស្សានុសិស្ស អនុវិទ្យាល័យ ១០មករា​១៩៧៩ រើសបានកាបូបដៃមួយ ក្នុងពេលធ្វើអនាម័យ បរិស្ថាន នៅក្នុងបរិវេណសួនច្បារមុខ ព្រះរាជដំណាក់សៀមរាប ដែលត្រូវបាន​ជនខិលខូចលួច ហើយបានយកទៅបោះចោលនៅទីនោះ ត្រូវបានយកមក ប្រគល់ដល់ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត ដើមី្បជួយស្វែងរកម្ចាស់កាបូបផងដែរ ។  តែដោយក្នុងការបូប នោះមានអត្តសញ្ញាណប័ណ្ណ មានកាតអេភីអ៊ិម២សន្លឹក រួមទាំងមានលេខទូរស័ព្ទផងនោះ ក្រុមការងារយើងបានធ្វើ ការទំនាក់ទំនង ដែលមានឈ្មោះ នី ខេង អាជីវករផ្សារដើមក្រឡាញ់ ។ ក្នុងការប្រគល់នោះដែរ ក្មួយស្រីក៏បានឲ្យ ដឹងថា នៅក្នុងពេលរាត្រីបញ្ចប់ថ្ងៃបុណ្យអ៊ុំទូក ក្មួយស្រី និង មិត្តភ័ក្ត បានដើរកម្សាន្តនៅតាមដងស្ទឹង និង ឆ្លងស្ពានថ្ម ព្រះរាជដំណាក់ ត្រូវបានជនមិនស្គាល់មុខ បានលូកយកកាបូបលុយ ទៅបាត់ពីសម្ពៀតរបស់ខ្លួន ដោយមិនមានការ ប្រុងប្រយ័ត្ន នៅពេលដែលមានមនុស្សម្នាច្រើនកុះករ ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំមួយចំនួន ចំពោះក្មួយស្រីផងដែរ ។ ក្មួយស្រីក៏មានសេចក្តីត្រេតអរក្រោយពីបានឃើញរបស់ខ្លួនវិញ ព្រមទាំងបានធ្វើការថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិតដែលបានខិតខំស្វែងរកម្ចាស់ ឲ្យមកទទួលកាបូបរបស់ខ្លួនវិញ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

06 07

23 22 21 20 19 18 17 16 15 14 13 12 11 08 10 07 06 09