ពិធីសម្ភោធអគារសិក្សាថ្មី និង បើកបវេសនកាល ២០១៦-២០១៧


ខេត្តសៀមរាប ៖ អគារសិក្សានៃសាលាអន្តរជាតិភ្យូឆឺរប្រាយ សាខាទី១ ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានបើកសម្ភោធកាត់ខ្សែបូរដាក់ឲ្យដំណើរការ និង ការបើក បវេសនកាលឆ្នាំសិក្សាថ្មី​២០១៦-២០១៧ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ។

ការបង្កើតសាលាអន្តរជាតិភ្យូឆឺរប្រាយ ដែលជាគ្រឹះស្ថានសិក្សាឯកជនមួយ ក្នុងការចូលរួមចំណែក បណ្តុះ បណ្តាលនូវធនធានមនុស្សនៅកម្ពុជា តាមរយៈនៃកិច្ចអភិវឌ្ឍធនធានមនុស្ស  និង ដើមី្បធ្វើសមាហរណកម្មសហ គមន៍សេដ្ឋកិច្ចអាស៊ាននោះ សាលាបានកំណត់គោលដៅយុទ្ធសាស្ត្រសំខាន់ៗ សំដៅពង្រឹងគុណភាពអប់រំ កម្រិត ស្តង់ដារអន្តរជាតិ  ដើមី្បផ្តល់ចំណេះដឹង បំនិន ជំនាញ និង ឥរិយាបថល្អ ដល់អ្នកសិក្សាឲ្យមានសមត្ថភាពពេញ លេញ ក្នុងការរស់នៅក្នុងយុគសម័យ សាកលភាវូបនីយកម្ម និង សង្គមពុទ្ធិ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា សាលាអន្តរជាតិភ្យូឆឺរប្រាយ  បានចូលរួមការស្តារ និង អភិវឌ្ឍន៍វិស័យអប់រំ សិក្សាធិការនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ។ សមទ្ធិផលដែល បានបើកសម្ភោធពេលនេះ ក៏បានបញ្ជាក់ពីការផ្សាភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ក្នុងការបម្រើសេវា សាធារណៈ​ និង គុណភាព ស្តង់ដារអប់រំដែលអាចទទួលយកបាន ក្នុងស្ថានភាពនៃការរីកចម្រើនរបស់ពិភពលោក យើងនេះ ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រដ៏ល្បីល្បាញ នៅព្រះរាជាណា ចក្រកម្ពុជា បានកំពុងមានកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដែលបានធ្វើឲ្យគ្រប់វិស័យ ទាំងវិស័យសាធារណៈ និង​វិស័យឯកជន  រួម ទាំងវិស័យអប់រំផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ បន្តកសាង និង អភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព គុណធម៌ល្អប្រពៃ  ក្នុងការ ឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដើមី្បកសាងកម្ពុជា ឲ្យក្លាយជាសង្គមរីកចម្រើន ដោយផ្អែកលើ មូលដ្ឋាន ចំណេះដឹង​លើគ្រប់វិស័យ និង វិទ្យាសាស្ត្របច្ចេកទេស ចំណេះធ្វើ ដើរស្របជាមួយការរីកចម្រើន នៃ​បណ្តាប្រទេសក្នុងតំបន់ និង លើកពិភពលោក ។  ឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ ពីការកំណែទម្រង់លើវិស័យ អប់រំ របស់រាជរដ្ឋាភិបាល ដើមី្បធានាឲ្យបានទាំងគុណភាព ប្រសិទ្ធភាព នៃសេវាអប់រំគ្រប់កម្រិតសិក្សា ក្នុងការ បណ្តុះបណ្តាលបច្ចេកទេស មុខជំនាញ វិជ្ជាជីវៈ នៅក្នុងគ្រឹះស្ថានរដ្ឋ ឯកជន ឲ្យបានសមស្របតាមកម្រិត ស្តង់ដារ អន្តរជាតិ និង តម្រូវការអភិវឌ្ឍន៍របស់ប្រទេស  តាមរយៈការពង្រឹងការងារបណ្តុះបណ្តាល វិក្រិតការគ្រូបង្រៀន ការ កែលម្អកម្មវិធីសិក្សា បង្កើនសមត្ថភាពបង្រៀន និង ពង្រឹងគុណភាពការប្រឡងទៅតាមកម្រិតនិមួយៗ ផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានសង្កត់ធ្ងន់ផងដែរថា ការងារអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍន៍ជាតិ សំខាន់កុមារ យុវជន និង មនុស្សពេញវ័យគ្រប់រូប ត្រូវទទួលបានការសិក្សា និង ការអប់រំ ពេញមួយជីវិត និង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់ ដែលផ្តល់អត្ថប្រយោជន៍ ដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួន ប្រកបដោយកិត្យានុភាព ។  ឯកឧត្តមបណ្ឌិត ក៏បានធ្វើ ការផ្តាំផ្ញើដល់មាតាបិតា អាណាព្យាបាលសិស្ស សូមឲ្យចូលរួមសហការជាមួយសាលារៀន ក្នុងការអប់រំកូនចៅខ្លួន  ឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អក្នុងសង្គម រួមទាំងលោកគ្រូអ្នកគ្រូ ក្នុងការគាំទ្រវិស័យអប់រំ ដើមី្បធ្វើឲ្យការងារ អប់រំរបស់យើង មានសម្បទានគ្រប់គ្រាន់ ឆ្លើយតបទៅនឹងចតុស្តម្ភទាំងបួរនៃវិស័យអប់រំជាតិ គឺផ្តល់ចំណេះដឹង ផ្តល់ ចំណេះធ្វើ ឬបំណិន អភិវឌ្ឍន៍បុគ្គលិកលក្ខណៈ និង រួមរស់ជាមួយគ្នា ។  ហើយក្មួយៗសិស្សានុសិស្សទាំងពីរភេទ ត្រូវជៀសវាងឲ្យឆ្ងាយអំពី គ្រឿងញៀន និង បងតូចបងធំ ដែលសងញកមជាតិស្អប់ខ្ពើម គឺត្រូវនាំគ្នាខិតខំសិក្សា​ក្នុងការបង្កើនចំណេះដឹង ដោយក្មួយៗ គឺជាគ្រឹះសរស្តម្ភដ៏រឹងមាំនៃសង្គមជាតិទៅអនាគត ៕ អត្ថបទម៉ី សុខារិទ្ធ

441 442 443 444 445 446 447 448 449 450 451 452 453 454