សិក្ខាសាលាតម្រង់ទិសស្តីពីការត្រៀមធ្វើវិសោធនកម្មច្បាប់ ស្តីពីជលផល និង ច្បាប់ព្រៃឈើ


ខេត្តសៀមរាប ៖ អង្គសិក្ខាសាលាស្តីពីការត្រៀមធ្វើវិសោធនកម្មច្បាប់ ស្តីពីជលផល និង ច្បាប់ព្រៃឈើ និង ការបែងចែក ការទទួលខុសត្រូវរបស់ថ្នាក់រដ្ឋបាលនានា លើមុខងារមួយចំនួន នៃវិស័យកសិកម្ម នៅថ្នាក់រដ្ឋបាលក្រោមជាតិ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ឆ្លងតាមរយៈនៃកិច្ចពិភាក្សា និង បទអន្តរាគមន៍បង្ហាញរបស់ថ្នាក់ដឹកនាំ មន្ទីរកសិកម្ម​នៃបណ្តារាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលជាផ្លែផ្កា ហើយត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នាថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៦ ។

តាមលទ្ធផលនៃរបាយការណ៍បូកសរុបរបស់គណៈគ្រប់គ្រងអង្គសិក្ខាសាលា  ក្នុងរយៈពេលពីរថ្ងៃមកនេះ អង្គសិក្ខាសាលាទាំងមូល ក៏បានរកឃើញពីចំណុចខ្លាំងមួយចំនួន និង បញ្ហាប្រឈមមួយចំនួន ក្នុងពេលវិសោធនកម្មច្បាប់ ស្តីពីជលផល និង ច្បាប់ព្រៃឈើ និង ការបែងចែក ការទទួលខុសត្រូវរបស់ថ្នាក់រដ្ឋបាលនានា លើមុខងារមួយចំនួន នៃវិស័យកសិកម្ម នៅថ្នាក់រដ្ឋបាលក្រោមជាតិ  ព្រមទាំងបានធ្វើការកែប្រែនូវចំណុចមួយចំនួន នៃច្បាប់ព្រៃឈើ និង ជលផលផងដែរ ។

មានប្រសាសន៍បិទអង្គសិក្ខាសាលានោះដែរ ក្នុងនាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តមបណ្ឌិត ណៅ ធួក ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងចូលរួមយ៉ាង សកម្ម ក្នុងកិច្ចដំណើរការអង្គសិក្ខាសាលា ដើមី្បការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាល បាននឹង កំពុងអនុវត្តគោលការណ៍តម្រង់ទិសនានា ដើមី្បធានាឲ្យបាននូវភាពសុខដុមនីកម្ម រវាងកម្មវិធីកំណែទម្រង់ពីរ គឺ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ  សំខាន់នឹងធានាឲ្យមានភាពប្រទាក់ក្រឡាគ្នា រវាងការផ្ទេរមុខងារ និង ផ្ទេរធនធាន​ហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបណ្ឌិត ណៅ ធួក បានគូសបញ្ជាក់ថា  ដើមី្បភាពជោគជ័យ នៃរបៀបវារៈកំណែ ទម្រង់ គឺត្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ នឹងនាំមកនូវធនធានដ៏មានតម្លៃ ទាំងបច្ចេកទេស ហិរញ្ញវត្ថុ ក្នុង ការធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានស្វ័យភាព ក្នុងការគ្រប់គ្រង ចាត់ចែងប្រកបដោយប្រសិទ្ធិភាព ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកនូវគោលគំនិតមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ ក្នុងការអនុវត្តស្រប តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទាំងបួនចំណុចនោះ គឺតម្រូវឲ្យមានការចូល រួមពីគ្រប់តួអង្គពាក់ព័ន្ធ សំខាន់គឺខ្លួនយើងផ្ទាល់ ជាកម្មវត្ថុនៃការកែទម្រង់ផងដែរ ។ ដូច្នេះដើមី្ប ភាពជោគជ័យនៃវិស័យកសិកម្មនៅកម្ពុជា យើងត្រូវចេះរួមសហការគ្នាឲ្យបានល្អ នឹង ធ្វើការបែងចែកការងារ និង ទទួលខុសត្រូវ  សំខាន់លើការបង្កើនឲ្យបាននូវយន្តការសម្របសម្រួលការងារវិមជ្ឈការ និង វិសហមជ្ឈការ ក្នុងអង្គភាពរបស់ខ្លួន ដើមី្បផ្តល់ភាពជឿជាក់ ទុកចិត្តក្នុងការផ្តល់សេវាសាធារណៈឲ្យនៅគៀកនឹងប្រជាជន ។ ក្រៅពីមុខងារ និង ធនធានមនុស្សដែលត្រូវផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ  គឺត្រូវធ្វើការពិនិត្យ កែសម្រួលផង ដែរ អំពីផែនការយុទ្ធសាស្ត្ររបស់អង្គភាព និង ផែនការសកម្មភាព ថវិកាសម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាម    អណត្តិរបស់អង្គភាព ។  ឯកឧត្តមបណ្ឌិត ណៅ ធួក ក៏ធ្វើការផ្តាំផ្ញើដល់បណ្តាថ្នាក់ដឹកនាំមន្ទីរកសិកម្ម គ្រប់រាជធានី ខេត្ត ក្រោយពីការធ្វើប្រកាសដាក់បញ្ជូលខណ្ឌរដ្ឋបាលព្រៃឈើ និង រដ្ឋបាលជលផល ឲ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី ខេត្តនោះ ដោយដើមឡើយខណ្ឌរដ្ឋ  បាលព្រៃឈើ និង រដ្ឋបាលជលផល គឺស្ថិតនៅក្រោមដំបូលកសិកម្មតែមួយ ជាគ្រួសារតែមួយ ដើមី្បបម្រើនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាតិឲ្យមានការរីកចម្រើន  ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1697DSC_1696