សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយគម្រោងធនធានជលផលតាមវាលស្រែ


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារសៀមរាបថោន ខេត្តសៀមរាប មានបើកអង្គ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយគម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៅ  កម្ពុជា ដំណាក់កាលទី​២ ដែលរៀបចំដោយអង្គការវើលហ្វីស និង អង្គការអ្នកត្រួសត្រាយកម្ពុជា ក្រោមការគាំទ្រថវិកាដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា យូអេសអេអាយឌីក្រោមវត្តមានចូលរួមរបស់លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប  ដោយមានការអញ្ជើញ ចូលរួមពីសំណាក់អស់លោក លោកស្រីជាអាជ្ញាធរស្រុកគោលដៅទាំង៧ និង  ក្រុមប្រឹក្សា​ឃុំ តំណាងអង្គការជាដៃគូ និង បងប្អូនប្រជាពលរដ្ឋចូលរួមជាសិក្ខាកាមផងដែរ  ។

ក្នុងកិច្ចស្វាគមន៍របស់កញ្ញា អ៊ូ ភេជហុង អនុប្រធានគម្រោងនៃអង្គការវើលហ្វីស ក៏បានធ្វើការបញ្ជាក់ ពីគោលបំណងនៃអង្គសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយពីទិដ្ឋភាពទូទៅរបស់គម្រោងដែលបាន និងកំពុងអនុវត្តដល់ដៃគូពាក់ព័ន្ធនានា និង បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការអង្គការវើលហ្វីស  អង្គការអ្នកត្រួសត្រាយ កម្ពុជា និងដៃគូពាក់ព័ន្ធនានា ។ នេះជាភ័ព្វសំណាង យូអេសអេ​អាយឌី បានបន្តផ្ដល់ជំនួយថវិកាសម្រាប់រយៈពេល៥ឆ្នាំទៀត ចាប់ពីឆ្នាំ២០១៦ រហូតដល់ ២០២១ ដើម្បីអនុវត្តគម្រោងក្នុងដំណាក់កាលទី២ គឺ គម្រោងធនធានជលផលនៅតាមវាលស្រែនៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅ កម្ពុជាដំណាក់កាលទី២ ដែលអនុវត្តលើ សហគមន៍ស្រះជម្រកត្រីចំនួន១៣៤ទូទាំងប្រទេស ។  ក្នុងនោះនៅខេត្តសៀមរាបមានចំនួន៤៤ស្រះ ដែលមានទីតាំងស្ថិត នៅក្នុងស្រុកគោលដៅចំនួន៧ ។

មានប្រសាសន៍នោះដែរលោក ចាន់ តុង នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានគូសបញ្ជាក់ថា គម្រោងបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវធនធានជលផល ប្រភេទជីវចម្រុះផ្សេងៗនៅក្នុងស្រះ ជម្រកត្រី និង កែលម្អរប្រព័ន្ធធនធានជលផលតាមវាលស្រែ និង សិក្សាពីការចិញ្ចឹមជីវិតរបស់ប្រជាជន ដែលពឹងផ្អែកលើធនធានជលផលជុំវិញតំបន់ជម្រកត្រីសហគមន៍នៅជុំវិញបឹងទន្លេសាប ។ លោកក៏បានលើកផងដែរ ពីគោលបំណងអង្គការវើលហ្វីស ដែលបានដាក់ចេញនូវគម្រោងធ្វើឲ្យប្រសើរឡើង នូវ​ធនធានជលផល និង ប្រព័ន្ធជីវ ចម្រុះ នៅតាមតំបន់ជម្រកត្រីសហគមន៍ និង តាមវាលស្រែ គឺ បានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលនឹងបង្កើតឲ្យមានស្រះជម្រកត្រី​សហគមន៍ចំនួន ១ពាន់២០០​ កន្លែងនៅទូទាំងប្រទេសត្រឹមឆ្នាំ ២០១៩ ហើយយើងសង្ឃឹមថា វានឹងចូលរួមចំណែក​ធ្វើឲ្យទិន្នផលត្រីធម្មជាតិ មានការកើនឡើងផងដែរ ។

មានប្រសាសន៍នោះដែរលោក ហែន ពុទ្ធី ក៏បានបញ្ជាក់ថា ដើម្បីអនុវត្តគម្រោង ធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី២ មានរយៈពេល ៥ឆ្នាំ បន្តទៀត គឺពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២១ ដែលគម្រោងដំណាក់កាលទី១ ដែលមានរយៈពេល៤ឆ្នាំ ទើបនឹងបញ្ចប់នៅខែមិនា ឆ្នាំ ២០១៦នេះ  រហូតមកទល់ពេលនេះ គម្រោងត្រូវបាន និងកំពុងអនុ​វត្តន៍ដើម្បីសិក្សាស្រាវជ្រាវអំពីធនធានជលផលតាមវាលស្រែដើម្បី​ចូលរួម​អនុវត្តន៍គោលនយោបាយរដ្ឋបាលជលផលថ្នាក់ជាតិ​ ។​​​​​​​​ លោក ក៏បានសម្តែងនូវការកោតសរសើរ និង​ វាយតម្លៃខ្ពស់  ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ដែលមានខណ្ឌរដ្ឋបាលជលផលជាសេនាធិការ និង មន្រ្តីរាជាការគ្រប់លំដាប់ថ្នាក់ និង​ ដៃគូរអភិវឌ្ឍន៏ជាតិ និង អន្តរជាតិ ជាពិសេសអង្គការ វើលហ្វិស ក្នុងបុព្វហេតុធ្វើឲ្យប្រសើរឡើងនូវធនធានជលផលតាមស្រៈសហគមន៍ ។ ​បច្ចុប្បន្ននេះ គោលនយោបាយរបស់រដ្ឋបាលជលផលថ្នាក់ជាតិគឺ ត្រូវរៀបចំបង្កើត​​​​សហ​គមន៍​​ស្រះជម្រកត្រីចំនួន១ពាន់២០០​សហគមន៍ក្នុងឆ្នាំ២០១៩ និង រំពឹងថានឹង​កើន​​ធនធានជលផលដល់៥00ពាន់តោន នៅក្នុងឆ្នាំ២០១៩ ​។ គម្រោងខាងលើនេះមានគោលបំណងសំខាន់ៗរបស់ខ្លួន  លើការចងក្រង នូវការអនុវត្តល្អនៃការគ្រប់គ្រងធនធានជលផលតាមវាលស្រែប្រកបដោយនិរន្តភាពជា​ពិ​សេសសម្រាប់​​គ្រួសារក្រីក្រដែលពឹងអាស្រ័យផលលើធនធានជលផលទាំងនោះ និង ស្វែងយល់កាន់តែច្បាស់នូវចំនុចរឹងមាំនៃការអនុវត្តល្អនៃការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ និង​ផល​ប៉ះពាល់ ព្រមទាំងការអនុវត្តន៍គ្រប់គ្រងល្អនៃប្រព័ន្ធ​ជលផលតាមវាលស្រែ និង បន្តអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ស្រះ​ជម្រកត្រី​សហគមន៍​ដែល​ដឹកនាំដោយរដ្ឋបាលជលផលនិងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗ ទៀតដែលបានប្រតិបត្តិគាំទ្រ ដល់សហគមន៍ដើម្បីផ្សព្វផ្សាយពីការអនុវត្តគ្រប់គ្រងល្អ​នៃ​ប្រព័ន្ធ​​​ធនធានជលផលតាមវាលស្រែ ។ លោក​ ហែន ពុទ្ធី ក៏មានសង្ឃឹម និង ជឿជាក់ថា គម្រោងនេះនឹងចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជននៅសហគមន៍ជនបទក្នុងខេត្តសៀមរាប។​​ ដោយគម្រោងនេះមិនត្រឹមតែធ្វើឲ្យកើនឡើងនូវធនធានជលផលតាម ស្រៈជម្រកត្រី ប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវចំណេះដឹងផ្នែកការដាំដុះបន្លែបង្ការ  និង​អនាម័យទៅដល់ប្រជាជនក្នុងសហគមន៍គោលដៅផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1698 DSC_1699 DSC_1700 DSC_1701