សម្តេចពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយគណៈប្រតិភូសភា ទាំង២៥ប្រទេស ដែលមានវត្តមានចូលរួមមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩


ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ មុនពេលពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA)  លើកទី៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានសភាតំបន់អាស៊ី បានអនុញ្ញាតឲ្យ ឯកឧត្តម លោកជំទាវ ជាប្រធានគណៈប្រតិភូសភាទាំង២៥ប្រទេស និង អគ្គលេខាធិការសភាតំបន់អាស៊ី ដែលមានវត្តមានចូលរួមក្នុងមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ បានចូលជួបសំដែងការគួរសម នៅសាលសន្និសិទ សុខាសៀមរាប ។

មានប្រសាសន៍នោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមប្រធានសភាតំបន់អាស៊ី លើកទី៩ បានសម្តែងនូវការស្វាគមន៍ ប្រកបដោយមនោសញ្ចេតនារីករាយ  ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន ព្រឺទ្ទសភា រដ្ឋសភា ព្រមទាំងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមនៃមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនៃយើង ដែលជា ក្រុងអច្ឆរិយនៃសម្បត្តិវប្បធម៌ បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញប្រចាំតំបន់អាស៊ី និង ជាគោលដៅនៃភ្ញៀវទេសចរណ៍លើ ពិភពលោកចូលមកទស្សនាកម្សាន្ត ។ សម្តេចពញាចក្រី ក៏បានបញ្ជក់ផងដែរថា វត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនាពេលនេះ ពិតជាបានផ្តល់កិត្តិយស និង លើកទឹកចិត្តរដ្ឋសភាកម្ពុជា ក្នុងការរួមចំណែកពង្រឹង ប្រសិទ្ធភាព សភាតំបន់អាស៊ី ឲ្យសម្រេចគោលបំណងរបស់ខ្លួនគឹសន្តិភាពដោយឈរលើមូលដ្ឋាន យុត្តិធម៌ និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់តំបន់អាស៊ីទាំងមូល ។ សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៀតថា បើគ្មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទេនោះ យើងនឹងមិនអាចជម្រុញចក្ខុវិស័យដ៏វែងឆ្ងាយរបស់យើង ឲ្យឈានឆ្ពោះទៅរកគោលដៅរួមបានឡើយ ។ ដោយកត្តានេះហើយ (APA)  ទោះបីស្ថិតនៅលើវិថីដ៏វែងឆ្ងាយក៏ពិតមែន  ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៅទ្វីបអាស៊ី ចាប់ផ្តើមគិតគូរនូវចក្ខុវិស័យមួយច្បាស់លាស់ សម្រាប់មនុស្សជំនាន់ក្រោយៗរបស់យើង ហើយការលះបង់របស់យើងទាំងអស់គ្នា នឹងទទួលបានផលប្រយោជន៍ សម្រាប់ប្រជាជាតិអាស៊ី នាពេលណាមួយ ។

សម្តេចពញាចក្រី ហេង សំរិន ក៏មានសង្ឃឹមជឿជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃមហាសន្និបាត (APA)  ដែល ដំណើរការទៅនៅលើទឹកដីអង្គរដ៏បវរនៃយើងនេះ  និង ទទួលបាននូវចំណុចវិជ្ជមាន ជាច្រើនទៀតត្រូវបានឯកភាពនិងអនុម័តនៅក្នុងរង្វង់គ្រួសារសភានៅអាស៊ីទាំងមូល ៕ អត្ថបទ ម៉ី សុខារិទ្ធ