ខេត្តសៀមរាប ៖ មហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ ត្រូវបានប្រារព្ធបើកជាផ្លូវការកាលពីរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលសន្និសិទសុខា ខេត្តសៀមរាប និង បន្តដំណើរការរហូតដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ការជម្រុញសន្តិភាព និង ការអភិវឌ្ឍប្រកបដោយ និរន្តរភាព នៅក្នុងតំបន់អាស៊ី» ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ២៣ប្រទេស ជាមួយគណៈប្រតិភូ អ្នកសង្កេតការណ៍ ដែលជាអង្គការដៃគូ របស់សភាតំបន់អាស៊ី ចំនួន២ ផងដែរ ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកមហាសន្និបាតនេះ ។ តាមលំដាប់លំដោយ, ដែលមានសុន្ទរកថាស្វាគមន៍ ដោយឯកឧត្ដម ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩ របស់សភាតំបន់អាស៊ី (APA) និង សុន្ទរកថា ឯកឧត្ដមបណ្ឌិត មហាម៉ាត រ៉េហ្សា ម៉ាជីឌី អគ្គលេខាធិការ (APA) និង ចំណាប់អារម្មណ៍របស់ឯកឧត្ដម មៀន រ៉ាហ្សា រ៉ាប់បានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និង សុន្ទរកថាគន្លឹះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សុន្ទរកថា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , និង សុន្ទរកថាបើកមហាសន្និបាតដោយ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី APA។
ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន បានផ្តល់សុន្ទរកថាជាគន្លឹះ ដ៏មានសារៈសំខាន់យ៉ាងដោយបញ្ជាក់ថា នេះជាលើកទី២ហើយដែលកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតសភាតំបន់អាស៊ី (APA)នេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា សម្តេចបានសំដែងនូវការស្វាគមន៍ចំពោះសមាជិក សមាជិកា នៃបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ប្រទេសសង្កេតការណ៍ បណ្តាដៃគូ និង គណៈប្រតិភូទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍មហាសន្និបាតជាប្រវត្តិសាស្ត្រនេះ ក្រោមប្រធាន «ការជម្រុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយ និរន្តរភាព នៅក្នុងតំបន់អាស៊ី» ដែលជាប្រធានបទ ដ៏សំខាន់មួយសម្រាប់បំផុស នូវស្មារតី ឲ្យយើងចេះស្រឡាញ់ ចេះរួមសាមគ្គីគ្នា ស្វែងរកសន្តិភាព ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅនឹងសភាពការណ៍វិវត្តរបស់តំបន់ និងពិភពលោកដែលកំពុងតែញាំញី ដោយរងើកភ្លើងនៃជំលោះ និងសង្គ្រាម ព្រមទាំងការរីករាលដាល នៃអំពើភេរវកម្មដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិទាំងមូលលើសកលលោកយើងនេះ ។ ទាក់ទិននឹងបញ្ហាខាងលើនេះដែរ សម្តេចបានបន្ថែមលើសន្ទរកថារបស់សម្តេច ដោយបានលើកឡើងនូវការលាបពណ៌គ្នា តើឥឡូវនេះ ដល់ពេលដែលយើងទាំងអស់គ្នាត្រូវធ្វើការវាយតម្លៃអំពីការធ្វើបដិវត្តពណ៌ហើយឬនៅ? ។ សម្តេចបន្តទៀតថា មកដល់ពេលនេះ អ្នកដែលបានផ្ដួចផ្ដើមធ្វើគំនិតបដិវត្តពណ៌ ហើយអ្នកដែលធ្លាប់អបអរសាទរ នូវបដិវត្តពណ៌ពួកគេទៅពួនសំងំនៅទីណា និង ទីកន្លែងណា? ដែលកើតឡើងនូវតំបន់សង្គ្រាម ផ្តួលរំលំតាមកម្លាំងយោធា និង ផ្តួលរំលំតាមរយៈរបស់ដែលហៅថា បដិវត្តពណ៌កំពុងតែរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ។
ម៉្យាងទៀតសភាតំបន់អាស៊ី ហៅកាត់ថា APA ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៦ ដោយបានប្តូរ មកពីសមាគមសភាអាស៊ី ដើម្បីសន្តិភាព ហៅកាត់ថា AAPP ។ សភាប្រទេសកម្ពុជា ជាសមាជិក ស្ថាបនិក AAPP ដែលបានប្រសូត្រឡើង នៅឆ្នាំ១៩៩៩។ AAPP ជាស្ថាប័នមួយ ដែលបានប្រមូលផ្តុំសំឡេងអ្នកតំណាងប្រជាពលរដ្ឋ នៅ ក្នុងតំបន់អាស៊ី ឲ្យរួបរួមគ្នាជាធ្លុងតែមួយ ក្នុងគោលដៅស្វែងរកសុខសន្តិភាព និងការផ្សះផ្សាប្រជាជាតិទាំងឡាយ នៅក្នុងតំបន់អាស៊ីនេះ ឲ្យក្លាយជាមហាគ្រួសារអាស៊ីតែមួយ ទទួលបានសុខសន្តិភាព និង ការអភិវឌ្ឍស្មើៗគ្នាប្រកប ទៅដោយចិរភាព ។ បន្តបេសកកម្ម ពីសមាគមសភាអាស៊ី ដើម្បីសន្តិភាព (AAPP), សភាតំបន់អាស៊ី (APA) បានពង្រីក ទាំងទំហំ និង ភារកិច្ចរបស់ខ្លួន ជាលំដាប់ដែលរហូតដល់ពេលនេះ សភាតំបន់អាស៊ី មាន សមាជិកចំនួន ៤២ប្រទេស, មានអ្នកសង្កេតការណ៍ចំនួន១៦ និង អង្គការជាដៃគូចំនួន១០ ។ ដោយឈរលើគោលបំណង នៃការជម្រុញសុខសន្តិភាព និងសមាហរណកម្មសម្រាប់ប្រជាជាតិ ក្នុងតំបន់អាស៊ី APA បានកំណត់ឲ្យមានជំនួប កំពូលជាមហាសន្និបាត នៃថ្នាក់ដឹកនាំសភា នៃបណ្តាប្រទេសដែលជាសមាជិក និង កិច្ចប្រជុំគណៈ កម្មាធិការនានា ជាទៀងទាត់ប្រចាំឆ្នាំ ដើម្បីប្រមូល ឆន្ទៈរួម ដំណោះស្រាយរួម យុទ្ធសាស្ត្ររួម ដាក់ជូនដល់អ្នកអនុវត្តច្បាប់ គឺរដ្ឋាភិបាល នៃប្រទេសនីមួយៗ នៃរដ្ឋជាសមាជិក APA ដើម្បីធានាឲ្យបាននូវសុខសន្តិភាពសម្រាប់ ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ