កិច្ចប្រជុំពិភាក្សាគ្នាកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ


ខេត្តសៀមរាប ៖ ដើមី្បបញ្ចប់បញ្ហាការប្រទាញប្រទង់ក្នុងការគ្រប់គ្រងព្រំដែនរដ្ឋបាលរវាងខេត្តសៀមរាប និងឧត្តរមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី ១៤ ខែ សីហា ​ឆ្នាំ២០១៦ នៅទីស្នាក់ការសន្តិសុខ (អ២០២) អាវុធហត្ថខេត្តឧត្តរមានជ័យប្រចាំអូរកូនតឹងព្រំប្រទល់នៃខេត្តទាំងពីរ មានធ្វើកិច្ចប្រជុំពិភាក្សាគ្នាកំណត់ព្រំប្រទល់រដ្ឋបាលនៃខេត្តទាំងពីរក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ស ថាវី អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ អង្គភាពមានការពាក់ព័ន្ធអាជ្ញាធរស្រុក ឃុំ នៃខេត្តទាំងពីរចូលរួមផងដែរ។ ឆ្លងតាមការបង្ហាញរបស់មន្ទីរជំនាញ និងមតិលើកឡើងរបស់អាជ្ញាធរស្រុកមានការពាក់ព័ន្ធនៃខេត្តទាំងពីរ និងការលើកឡើងអំពីជីវប្រវត្តិ នៃ ភូមិសាស្ត្រក្នុងការគ្រប់គ្រងព្រំប្រទល់រដ្ឋបាលនៅតាមមូលដ្ឋាននិមួយៗ ដោយបានលើកនូវតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនោះលោកអភិបាលស្រុកស្រីស្នំ ខេត្តសៀមរាបបានបញ្ជាក់ផងដែរ អំពីអត្រាមរណៈភាពរបស់មាតានិងទារក នៅក្នុងឃុំដូនសុខ ដែលមានភូមិចំនួន៦ ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ តែស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលស្រុកស្រីស្នំ និង៣ភូមិរបស់ស្រុកវ៉ារិននៅក្នុងស្រុកអន្លង់វែង ដែលធ្វើឲ្យមានការខ្វះនូវកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងលើកនូវបញ្ហាពីការកំណត់ការិយាល័យបោះឆ្នោតទៀតផង ។
ឆ្លងតាមការបង្ហាញរបស់មន្ទីរជំនាញ និង មតិលើកឡើងរបស់អាជ្ញាធរស្រុកជាប់ព្រំប្រទល់ខេត្តទាំង២ មានប្រសាសន៍នោះ ឯកឧត្តម ស ថាវី និងឯកឧត្តមណ្ឌិត ឃឹម ប៊ុនសុង ក៏បានឯកភាពគ្នាទៅលើការបង្ហាញរបស់មន្ទីរជំនាញ និងប្រសាសន៍លើកឡើងរបស់អាជ្ញាធរមូលដ្ឋានស្រុកនៃខេត្តទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា​ដែលមានការសមស្របទៅនឹងច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់របស់ក្រសួងមហាផ្ទៃ ។ ក្នុងនោះឯកឧត្តមអភិបាលខេត្តទាំងពីរ ក៏បានលើកនូវគោលនយោបាយឈ្នះៗ ដោយដាក់ចេញនូវគោលការណ៍មួយចំនួន ដើមី្បអាជ្ញាធរស្រុងដែលមានព្រំជាប់នៃខេត្តទាំងពីរក្នុងការបន្តលើការគ្រប់គ្រងរដ្ឋបាលទៅតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងបានប្រគល់នូវភារកិច្ចជូនដល់អាជ្ញាធរស្រុក ឃុំ មន្ទីរជំនាញដែលមានការពាក់ព័ន្ធ រួមកិច្ចសហការគ្នា ក្នុងការចុះពិនិត្យនូវភាព ជាក់ស្តែងរួមគ្នាទៅតាមលក្ខណៈភូមិសាស្ត្រ ដើមី្បលើកនូវគោលការណ៍ឯកភាពគ្នា ដាក់ជូនអាជ្ញាធរខេត្តទាំងពីរ ធ្វើការពិនិត្យ និង ធ្វើការស្នើសុំទៅក្រសួងមហាផ្ទៃ ដើមី្បធ្វើការកំណត់ព្រំរដ្ឋបាលទៅតាមភាពជាក់ស្តែង ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងនោះ ។ ឯកឧត្តមអភិបាលខេត្តទាំងពីរ សូមឲ្យគ្រប់បណ្ដាស្រុកដែលមានការពាក់ព័ន្ធត្រូវរក្សារឲ្យបានចំពោះការយាល័យបោះឆ្នោតឲ្យស្ថិតនៅដ៏ដែល។ ចំពោះការកាន់កាប់ដីធ្លី ដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកណា គឺត្រូវធ្វើការស្នើសុំច្បាប់កាន់កាប់នៅស្រុកនោះ ឲ្យស្របទៅតាមគំនូសផែនទីរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ក្នុងការងាយស្រួលគ្រប់គ្រង និងទប់ស្កាត់រាល់បទល្មើសការកាប់ទន្ទ្រានព្រៃឈើយកដីកាន់កាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន។ ចំពោះការកំណត់គំនូសផែនទីព្រំប្រទល់ ជាខ្សែរបន្ទាត់នោះ គឺបានធ្វើឲ្យបង្កនូវបញ្ហាដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋអំណាចស្រុកខេត្តណា ។ តាមការកំណត់ព្រំប្រទល់រដ្ឋបាល គឺត្រូវកំណត់ជាគោល ដោយយក អូរ ស្ទឹង ផ្លូវ ជាចំណុចសំគាល់នៃព្រំ ។ ឯកឧត្តមទាំងពីរ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ បន្តធ្វើការគ្រប់គ្រងរដ្ឋបាលភូមិឃុំស្រុករបស់ខ្លួន ក្នុងការធានានូវ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង សូមជម្រុញប្រជាពលរដ្ឋទៅធ្វើការចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ៕ អត្ថបទលោក មីុ សុខារិទ្ធ

image image image image image image