ខេត្តសៀមរាប ៖ ក្នុងដំណើរបេសកកម្មស្វែងរកព័ត៌មាន របស់គណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៃព្រឹទ្ធសភាព ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា រួមដំណើរដោយឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា និង សហការី បានជួបធ្វើការពិភាក្សា ស្វែងរកព័ត៌មាន ស្តីពី (ការអនុវត្ត និង ត្រួតពិនិត្យលើការងារសុខាភិបាល សង្គមកិច្ច , ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៅខេត្តសៀមរាប ជាមួយឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធ និង អង្គការមិនមែនរដ្ឋាភិបាល និង សង្គម ស៊ីវិល នៅរសៀលថ្ងៃទី ០៨ ខែ ធ្នូឆ្នាំ២០១៦ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍នោះដែររបស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើ សេចក្តីរាយកាណ៍ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ។ ក្នុងនោះដែរលោកស្រីអភិបាលរងខេត្ត បានបញ្ជាក់អំពីលទ្ធផលរបស់ខេត្ត អនុវត្តបានក្នុងឆ្នាំ ២០១៦ ក្នុងនោះលើសេវាសុខាភិបាល ការងារសង្គមកិច្ច និង ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង ការងារយេនឌ័រ ផងដែរ ។ លោកជំទាវក៏បានធ្វើការបញ្ជាក់អំពីស្ថានភាពទូទៅរបស់ខេត្តសៀមរាប រួមទាំងសកម្មភាពមួយចំនួន របស់ វិស័យនីមួយៗ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។
មានប្រសាសន៍នោះដែរលោកជំទាវ មាន សំអាន ក៏បានលើកឡើង អំពីដំណើរចំបំពេញបេសកកម្មនៅលើ ទឹកដីខេត្តសៀមរាបរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា បានចុះទៅតាមបណ្តាមូលដ្ឋានមួយចំនួនក្នុងភូមិសាស្ត្រ ខេត្ត សៀមរាប ដោយបានផ្តោតលើបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ រស់នៅលើភូមិផ្ទះបណ្តែតទឹក តំបន់ មាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ដោយបានផ្តោតការព្រួយបារម្ភ ចំពោះបញ្ហាការបង្កើតកូន ដោយនៅប្រើតាម បែបបុរាណ គ្មានអនាម័យ បច្ចេកទេស ដែលបង្កនូវគ្រោះថ្នាក់ម្តាយនិងទារកទៀតផង ។ ក្នុងនោះដែរលោកជំទាវ មាន សំអាន ប្រធានប្រតិភូ ក៏បានលើកនូវពីគោលបំណង ក្នុងដំណើរបំពេញ បេសកកម្មនៅខេត្តសៀមរាប គឺសំដៅសិក្សាស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅទៅលើការងារ សុខភាពសាធារណៈនៅតាមមូលដ្ឋាន ។ លោកជំទាវក៏ បានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តដែលគណៈកម្មការទី៨ បានយកចិត្តទុកដាក់ទៅលើការងារសុខភាព សុខមាល ភាព សេវាសុខភាព ជូនប្រជាពលរដ្ឋទូទៅ ។ លោកជំទាវក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមទ្ធិផលដែលខេត្ត ទទួលបានជាបន្តបន្ទាប់ របស់បណ្តាមន្ទីរវិស័យនីមួយៗ។ ក្នុងនោះដែរលោកជំទាវក៏បានលើកប្រធានបទ នៃគោលដៅ ដែលគណៈកម្មការទី៨ ដើមី្បធ្វើការស្វែងយល់អំពីការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅភូមិផ្ទះបណ្តែតទឹក មាត់ខ្លា ដែលមានការព្រួយបារម្ភ ពីកង្វះនូវគ្រូពេទ្យប្រចាំភូមិ ដែលធ្វើឲ្យមានចំណោទទៅលើបញ្ហាសុខភាពរបស់ពួកគាត់ ដោយសេវាសុខាភិបាលនៅតំបន់នៅមានកម្រិតនៅឡើយ ។ លោកជំទាវ មាន សំអាន ក៏បានលើកនូវសំណូមពរ របស់ប្រជាពលរដ្ឋលើកឡើង ដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាជន នូវអគារសិក្សា១ខ្នង និង មណ្ឌលសុខ ភាព ដោយភូមិមាត់ខ្លានេះ ស្ថិតនៅដាច់ស្រយាលនៅតំបន់បឹងទន្លេសាប ដែលមានផលពិបាកការធ្វើដំណើរទាំងរដូវ វស្សា និង រដូវប្រាំង ព្រមទាំងសូមឲ្យរក្សានូវតម្លៃអាជីវកម្មត្រី ដើមី្បលើកស្ទួយជីវភាពប្រជាពលរដ្ឋផងដែរ ។ ក្នុងនោះ ដែរសមាជិកប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ក៏បានលើកនូវសំណួរមួយចំនួន ដែលមានការពាក់ព័ន្ធទៅលើ វិស័យសុខាភិបាល ការងារសង្គមកិច្ច ការងារបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ និង បញ្ហាអំពើហិង្សា ព្រមទាំង ចំណោទទៅលើការគ្រប់គ្រងឱសថស្ថាន និង មន្ទីរពេទ្យឯកជន ផងដែរ ។
តាមការបកស្រាយបំភ្លឺរបស់មន្ទីរពាក់ព័ន្ធ ទៅនឹងសំណួរដែលគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានលើកឡើង ដោយក្នុងនោះ ចំពោះបញ្ហាការកំណត់តម្លៃត្រី ដែលបងប្អូនបានធ្វើការនេសាទនោះ គឺវាទៅតាមរដូវនៃការនេសាទ របស់ប្រជានេសាទ ពេលត្រីបានតិច មានតម្លៃខ្ពស់ ពេលបានត្រីច្រើនមានតម្លៃថោក ។
មានប្រសាសន៍នោះដែរលោកជំទាវ មាន សំអាន ក៏បានធ្វើការរំពឹងទុកផងដែរ អំពីដំណើរបេសកកម្មសិក្សាស្វែងយល់ រកព័ត៌មាន នៅខេត្តសៀមរាប ដែលបានធ្វើឲ្យគណៈកម្មការយើង ក្តាប់បានអំពីលទ្ធផលនៃការអនុវត្តបាន កន្លងមករបស់ខេត្តសៀមរាប ទាំងចំណុចវិជ្ជមាន និង អវិជ្ជមាន ។ លោកជំទាវក៏សូមឲ្យមន្ទីរជំនាញ ក៏ដូចអាជ្ញាធរ ខេត្ត នូវរាល់អ្វីដែលមាននៅក្នុងមូលដ្ឋាន យើងគួរត្រូវបានការបណ្តុះបណ្តាល បំប៉ននូវជំនាញបន្ថែមជូនបងប្អូនជាឆ្មប បុរាណនៅមូលដ្ឋាន ទោះបីយើងមានមណ្ឌលសុខភាពក៏ពិតមែន តែវាស្ថិតនៅដាច់ស្រយាលពីបងប្អូនប្រជាពលរដ្ឋ ភូមិមាត់ខ្លា ដែលមិនបានទទួលសេវាសុខភាពទៀងទាត់ឡើយ ។ ម៉្យាងទៀតមន្ទីរជំនាញទាំងអស់ គឺត្រូវធ្វើការកែលម្អ ទាំងក្រមសីលធម៌ ក្នុងការបម្រើជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវារបស់ខ្លួន ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើមី្បទ្រទ្រង់នូវសុខមាលភាពសាធារណៈជូនប្រជាពលរដ្ឋ ក្នុងគោលដៅកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាជន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ