ជំនួបពិភាក្សា ជាមួយប្រតិភូក្រុងហានចូវ


ខេត្តសៀមរាប ៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល  នៃគណៈអភិបាល​​ខេត្តសៀមរាប បានអនុញ្ញាឲ្យប្រតិភូក្រុង ហានចូវ ខេត្តជឺជាំង នៃសាធារណារដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ្សាង យ៉ុងដាន អភិបាលរងក្រុង ហានចូវ ចូលជួបពិភាក្សាការងារមួយចំនួន នៅសាលប្រជុំរដ្ឋាបាលសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០១៦នេះ  ។

ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសមទ្ធិផល ដែលកើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកាន់តែធ្វើឲ្យប្រជាជន នៃខេត្តទាំងពីរ បានផ្សាភ្ជាប់គ្នាជានិច្ច និងរួមសុខរួមទុក្ខជាមួយគ្នា ធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិន កាន់តែរឹងមាំធ្វេឡើង ។ ជាមួយគ្នានោះផងដែល ឯកឧត្តមបណ្ឌិត លើកពីកិច្ចសហប្រតិបត្តិការ និង ចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេ​ត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានកសាងនូវសមទ្ធិផលសំខាន់ៗជាច្រើន ចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាប លើវិស័យគ្រប់វិស័យ ។ ទន្ទឹមនឹងនេះផងដែរឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជ​ន​ចិ​ន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជ​ន​កម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រ​​ដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ព្រមទាំងលើកនូវតម្រូវការចាំបាច់របស់ខេត្ត លើវិស័យទេសចរណ៍ និងបច្ចេកទេសកសិកម្ម រួមទាំងទីផ្សារក្រពើផងដែរ ។ ម៉្យាងទៀតដោយក្រុងសៀមរាប ជាក្រុងបុរាណផងនោះ ដូច្នេះតម្រូវការចាំបាច់បំផុតក្នុងពង្រីកនូវក្រុងរណប ក្នុងគោលដៅបម្រើវិស័យទេសចរណ៍ ដើមី្បបម្រើតម្រូវការរបស់ភ្ញៀវ ក្រោយពេលរដ្ឋាភិបាលប្រទេសទាំងពីរធ្វើការសាងសង់ព្រលាន យន្តហោះរួចរាល់ និង ធ្វើឲ្យបានស្នាក់នៅបានយូរថ្ងៃ​ នៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះផងដែរ ។  ឯកឧត្តមបណ្ឌិតក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដល់ប្រតិភូសំខាន់លើកវិស័យកសិកម្ម ដើមី្បធ្វើការផ្គត់ផ្គង់ ទៅតាមតម្រូវការចាំបាច់ក្នុងខេត្ត ។ ឯកឧត្តមបណ្ឌិត ក៏មានសង្ឃឹមជឿជាក់ថា លោកអភិបាលរងខេត្ត នៅតែបន្តការជួយគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ព្រមទាំងជម្រុញអ្នកវិនិយោគចិន និងភ្ញៀវទេសចរចិន មកកាន់ខេត្តសៀមរាបច្រើនឡើងថែមទៀត ដើម្បីលើកំពស់សេដ្ឋកិច្ចខេត្ត  ហើយលើកពីនោះថែមទៀត ឯកឧត្តមបណ្ឌិត ក្នុងនាមប្រជាពលរដ្ឋខេត្ត សូមគាំទ្រយ៉ាពេញទំហឹង នូវគោលនយោបាយចិន តែមួយ និងផ្លូវមួយ ខ្សែក្រវ៉ាតមួយទៀតផង

មានប្រសាសន៍នោះដែរ លោក ហ្សាង យ៉ុងដាន ក៏បានលើកឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិន មានតាំងពីសម័យដ៏យូលុងមកកម្លេះ ហើយត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានពូនផ្ដុំ និង សម្ដេចតេជោ ហ៊ុន សែន បានថែរក្សារនូវចំណង់មិត្តភាពប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើងថែមទៀត ។ ក្នុងនោះដែរលោកក៏បានកោតសសើរពីកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ដែលធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ហើយក៏ជាគោលដៅទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅប្រាង្គប្រាសាទដ៏ល្បីល្បាញដែលជាសម្បត្តិបេតិកភ័ណ្ឌលើពិភពលោក  និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ប្រទេសកម្ពុជា។ លោកអភិបាលរងក្រុងហានចូវ ក៏បានបញ្ជាក់ពីសក្ដានុពលរបស់ក្រុងហានចូវ នៃខេត្តជឺជាំង  និងខេត្តសៀមរាប ដែលមានសក្ដានុពលប្រហាក់ប្រហែលគ្នា លើវិស័យកសិកម្ម និង ទេសចរណ៍ ។ ក្នុងនោះដែរលោកក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូនៅលើទឹកដីប្រវត្តិសាស្រ្តនេះ  បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្ត ក្រុងយើងទាំងពីរចាប់ដៃគូនឹងគ្នា ក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យ ទេសចរណ៍ ក៏ដូចកសិកម្ម ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត ហើយដំណើរទស្សនៈកិច្ចនេះ កាន់តែធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរ សំខាន់ខេត្តសៀមរាប និង ក្រុងហានចូវ កាន់តែមានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យ ទេសចរណ៍ និង កសិកម្ម​ឲ្យមានការីកចម្រើន ព្រមទាំងធ្វើការផ្សព្វផ្សាយ ជម្រុញដល់អ្នកវិនិយោគនៅក្រុងហានចូវ ចូលមកវិនិយោគនៅកម្ពុជា សំខាន់លើទឹកដីខេត្តសៀមរាប ។ ក្នុងនោះលោកក៏សង្ឃឹមជឿជាក់ថា នៅពេលខាងមុខ ក្រុងហានចូវ និង ខេត្តសៀមរាប កាន់តែមានទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នា តាមរយៈនៃការបណ្តុះបណ្តាល ធនធានទេសចរណ៍ , ការផ្លាស់ប្តូរវប្បធម៌ , រួមទាំងការប្រើប្រាស់ធនធានកសិកម្ម ក្នុងការផ្លាស់ប្តូរនូវបទពិសោធន៍ នឹងគ្នាកាន់តែមានភាពល្អប្រសើរ ព្រមទាំងជម្រុញឲ្យអ្នកវិនិយោគក្រុងហានចូវ មកធ្វើការសិក្សាស្វែងយល់ នៅខេត្ត សៀមរាបផងដែរ ។ លោកសង្ឃឹមផងដែរថា អាជ្ញាធរខេត្តសៀមរាប នឹង ចូលរួមគាំទ្រ សហការល្អ ដើមី្បបម្រើនូវ ផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

561 562 563 564