ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៦នេះ នៅខេត្តសៀមរាបមានប្រារព្ធនូវទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ ពង្រីងកិច្ចសហការនិង ការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ ដើមី្បប្រសិទ្ធភាព នៃការ បង្ការ ទប់ស្កាត់ ការពារ បង្រ្កាប និង ការផ្តន្ទាទោស ក្រោមអធិបតីភាពរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវគណៈអភិបាលខេត្ត អស់លោក លោស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អង្គការសង្គម ស៊ីវិល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កងកម្លាំងនគរបាលយុត្តិធម៌ គរុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា មណ្ឌលស្តារនីតិសម្បទា សិស្សានុសិស្ស សរុបប្រមាណជាង៤០០នាក់ចូលរួម ។
ការប្រារព្ធធ្វើទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងពញាក់នូវស្មារតីដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ ដើមី្បចូលរួមក្នុងសកម្មភាពដោយផ្ទាល់ និង ដោយប្រយាល ក្នុងការបង្ការ ទប់ស្កាត់ និង បង្រ្កាបឲ្យខាងតែបាននូវបទឧក្រិដ្ឋនៃអំពើជួញដូរមនុស្សគ្រប់រូបភាព ។
ក្នុងកិច្ចស្វាគមន៍របស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល នៃ ការអនុវត្តសកម្មភាពរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តប្រចាំឆ្នាំ២០១៦ ដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និង ការជួញដូរមនុស្សឆ្លងដែន ដោយជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ ។ ក្នុងនោះលើការងារការពារ និង ស្តារនីតិសម្បទាជនងាយរងគ្រោះ បាន ៥២នាក់ ,ការងារសមាហរណកម្មជនរងគ្រោះ ត្រឡប់មកពីក្រៅប្រទេសចំនួន ២៥នាក់ និង ការទទួលពលករ ពី អាជ្ញាធរបរទេស មានចំនួន ២២នាក់ផងដែរ ។
មានប្រសាសន៍នោះដែរលោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រាំរ៉ៃ មួយដែលកើតមាននៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ។ ក្នុងចំណោមឧក្រិដ្ឋកម្មដទៃទៀតដែលបាននឹងកំពុង តែធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមនុស្ស និងប្រទេស ។ ម៉្យាងទៀតប្រជាពលរដ្ឋមួយចំនួនធំ បាននិងកំពុងទទួលរង គ្រោះយ៉ាងធ្ងន់ធ្ងរ នូវអំពើជួញដូរមនុស្ស តាមរយៈការកេងប្រវ័ញ្ចគ្រប់រូបភាព លើការរំលោភបំពានលើសិទ្ធសេរីភាព កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបំផ្លាញដល់រាងកាយ និង បញ្ញាស្មារតីជនរងគ្រោះ ដែលបញ្ហា ទាំង នេះ ធ្វើឲ្យមានវិបត្តិក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និងលុបបំបាត់ទាន់ពេលវេលានោះ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ទៀតថា កិច្ចការទាំងនេះ ចាំបាច់ទាមទារឲ្យយើងគ្រប់គ្នាត្រូវតែ ចូល រួម ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដោយមិនអាចខ្វះមួយណាបានឡើយ ។ ម៉្យាងទៀតប្រទេសណាមួយក៏មិនអាចលុប បំបាតុ នូវបទឧក្រិដ្ឋជួញដូរមនុស្សតែឯកបានឡើយ ។ ដើមី្បធ្វើកិច្ចការទាំងនេះបាន គឺទាំមទារឲ្យមាននូវការបណ្តុះ បណ្តាល នូវចំណេះដឹងដូចគ្នា ដោយមានឆន្ទះ និង ការប្តេជ្ញាចិត្តខ្ពស់ ដើមី្បអនុវត្តភារកិច្ចនេះ ប្រកបទៅដោយការ ទទួលខុសត្រូវ និង មានកិច្ចសហការល្អ ក្នុងការឆ្ពោះទៅកាន់គោលដៅរួមតែមួយ ដើមី្បសេចក្តីសុខសាន្តរបស់ មនុស្សជាតិ ។
ក្នុងនោះដែរក៏មានការប្រគល់ នូវលិខិតថ្លែងអំណរគុណ ជូនដល់បណ្តាមន្ទីរ អង្គភាព និង អង្គលារសង្គមស៊ីវិល ដែលបានចូលរួមសហការ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅខេត្តសៀមរាបផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ