ខេត្តសៀមរាប ៖ នៅបរិវេណវត្តស្វាយសរ ឃុំស្វាយសរ ស្រុកវ៉ារិន ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៦នេះ មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម កៅ សោភ័ណ ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកអង្គរជុំ ស្រុកវ៉ារិន និង ស្រុកបន្ទាយស្រី ចំនួន៥២៤ នាក់ ស្រី១៦២នាក់ ។
វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈម ដែល កើតកន្លង ហើយវេទិកានេះនឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវ ការជាក់ស្តែងក្នុងមូលដ្ឋាន ។
មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តម កៅ សោភ័ណ ដោយបានគូបញ្ជាក់ នូវគោលបំណងសំខាន់ៗ ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអំពីសមិទ្ធល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈម និង អំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ និង ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់ ការពិភាក្សាលើខ្លឹមសារ និង របាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ ប្រជាពលរដ្ឋ ដើមី្បពិនិត្យ ពិភាក្សាដោះស្រាយ និង ជម្រុញឲ្យមានការចូលរួម និង បង្កើនភាពសិ្នទ្ធ ស្នាលរវាងអ្នក ផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានផាពល្អប្រសើរឡើង ។
បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តធ្វើការអាននូវបទបញ្ជាផ្ទៃក្នុង និង បង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និង ទិដ្ឋាភាពរួមនៃការអភិវឌ្ឃនៅដែនសមត្ថកិច្ចឆ្នាំ២០១៥.២០១៩ និង ការបង្ហាញរបស់ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ស្តីពីសមទ្ធិផល និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៦ ។
ក្នុងសំណួរសំណូមពរ និង ចម្លើយ ដែលសមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅ តាមមូលដ្ឋាន ដោយផ្តោតទៅលើ បញ្ហាផ្លូវថ្នល់ អគ្គិសនី ធារាសាស្ត្រ បរិស្ថាន ការងារអប់រំ បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ និង ព្រៃឈើសហគមន៍ ទីផ្សារស្រូវ និង ដំឡូងមី ។ ក្នុងនោះសមាជិកនៃអង្គវេទិកាបានលើកនូវសំណួរ និង សំណូមពរ ផ្ទាល់មាត់មានចំនួន ១០ និង សំណួរសរសេរដាក់ប្រអប់មាន២៩សំណួរ និង សំណូមពរ ដោយផ្តោតទៅលើ ទីផ្សារស្រូវ និង ដំឡូងមី និង បញ្ហាផ្លូវសាធារណៈ និង សុខភាព ។
បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ទៅនឹងរាល់សំណួរដែលសមាជិកអង្គវេទិកាលើក ឡើងទាំង១០សំណួររួចមក មានមតិបូកសរុបនិងបិទអង្គវេទិកានេះ ឯកឧត្តម កៅ សោភ័ណក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនដែលបាន ចំណាយពេលចូលរួម ក្នុងអង្គទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ ដែលបានធ្វើឲ្យយើងបានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរបងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕ អត្ថបទ ម៉ី សុខារិទ្ធ