វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ នៅស្រុកជីក្រែង


ខេត្តសៀមរាប ៖ ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងការមានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦   នៅបរិវេណវត្តខ្នារធ្នុង ឃុំគោលធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៦នេះ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ  អង្គភាព តំណាងអង្គការសង្គមស៊ីវិល​ មាតាបិតាសិស្ស  សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកស្វាយលើ  ស្រុកសូទ្រនិគម និង ស្រុកជីក្រែង ចំនួន៧៦១ នាក់ ស្រី២៣៥នាក់   ។

វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លង ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តម តោ គិមស៊ាន ដោយបានគូបញ្ជាក់ នូវគោលបំណងសំខាន់ៗ ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអំពីសមិទ្ធល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈម និងអំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការផ្តល់យោបល់ ការពិភាក្សាលើខ្លឹមសារ និងរបាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើមី្បពិនិត្យ ពិភាក្សាដោះស្រាយ និងជម្រុញឲ្យមានការចូលរួម និងបង្កើនភាពសិ្នទ្ធស្នាលរវាងអ្នក ផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ។

បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តធ្វើការអាននូវបទបញ្ជាផ្ទៃក្នុង និងបង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងទិដ្ឋាភាពរួមនៃការអភិវឌ្ឃនៅដែនសមត្ថកិច្ចឆ្នាំ២០១៥.២០១៩ និងការបង្ហាញរបស់លោក លី សំរិទ្ធ  ស្តីពីសមទ្ធិផល និងបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តសៀមរាបក្នុងឆ្នាំ២០១៦។

ក្នុងសំណួរសំណូមពរ និងចម្លើយ ដែលសមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋានដោយផ្តោតទៅលើបញ្ហាផ្លូវថ្នល់ អគ្គិសនី ធារាសាស្ត្រ បរិស្ថាន ការងារអប់រំ បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ និងព្រៃឈើសហគមន៍ និងការងារកសិកម្ម។ ក្នុងនោះសមាជិកនៃអង្គវេទិកាបានលើកនូវសំណួរ និង សំណូមពរ ផ្ទាល់មាត់មានចំនួន ១០ និង ​សំណួរសរសេរដាក់ប្រអប់មាន៤៨សំណួរ និង សំណូមពរ  ដោយផ្តោតទៅលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និង ច្បាប់ចរាចរណ៍  ។

បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ទៅនឹងរាល់សំណួរដែល សមាជិកអង្គវេទិកាលើកឡើងទាំង១០​សំណួររួចមក មានមតិបូកសរុបនិងបិទអង្គវេទិកានេះ ​ឯកឧត្តម តោ គិមស៊ាន ​ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ ដែលបានធ្វើឲ្យយើងបានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ​បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕ អត្ថបទ ម៉ី សុខារិទ្ធ

30 31 32 33 34 35 36 37 38 39