ពិធីផ្សព្វផ្សាយខ្លឹមសារនៃមហាសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជន


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ នាថ្ងៃអាទិត្យ ទី៣១ ខែ ធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជន ខេត្តសៀមរាប មានបើកការផ្សព្វផ្សាយខ្លឹមសារនៃមហាសន្និបាត គណៈកម្មាធិការកណ្តាល​លើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មា​ធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត ដោយមាន ការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និង អស់លោក លោកស្រីជាសមាជិក សមាជិកា គណបក្សប្រជាជនខេត្ត ក្រុមការងារបក្សខេត្ត គណៈកម្មាធិការនៃគណបក្សប្រជាជនក្រុង ស្រុក សង្កាត់ផងដែរ ។

ឆ្លងតាមការលើកឡើងពីសភាពការណ៍ទូទៅ និង ការងារគណបក្សឆ្នាំ២០១៦ និង ទិសដៅភារកិច្ចនាពេល ខាងមុខ និង​ ទិសដៅការងាររបស់គណបក្ស ព្រមទាំងការផ្សព្វផ្សាយ នៃខ្លឹមសារ និងលទ្ធផលនៃអង្គសន្និបាតគណៈ កម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា  ដោយបានពិនិត្យយ៉ាងល្អិតល្អន់ និង វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ។

មានប្រសាសន៍ក្នុងឱកាសធ្វើការផ្សព្វផ្សាយលទ្ធផលអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា អង្គសន្និបាតទាំងមូលបានធ្វើការគាំទ្រ ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ក្នុងការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ បានសម្រេចនូវសមទ្ថិផលថ្មីៗជាច្រើនជូនជាតិ និង ប្រជាជន  ។  កត្តាជាក់ស្តែងលើការការពារ ខឿន  ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាដើម  ព្រម ទាំងចលនាករនៃការកំណែទម្រង់គ្រប់ផ្នែក គ្រប់វិស័យ ក្នុងទិសដៅដ៏ត្រឹមត្រូវ និងទទួលបានជាផ្លែផ្កា  ។   ចំពោះ    វិស័យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់៧%​អតិផរណាត្រូវរក្សាឲ្យស្ថិតក្នុងរង្វង់៣,៥%  អត្រាប្តូរប្រាក់រៀល មានស្ថិរភាព ហើយបានកំពុងចាក់ចេញផុតពីប្រទេសដែលមានចំណូលទាប  ទៅជាប្រទេសមានចំណូលមធ្យមកម្រិត ទាប  ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវសមទ្ធិផលធំៗទៀត  ដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង , ដំណោះស្រាយនយោ បាយ និង វប្បធម៌សន្ទនា  ដើមី្បជម្រុញការបង្រួបបង្រួមជាតិ​រួមគ្នាជាកម្លាំងការពារសមទ្ធិផលសង្គម អភិវឌ្ឍប្រទេស បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។  ឯកឧត្តមបណ្ឌិតក៏បានលើកឡើងនូវយន្តការសំខាន់ៗ របស់គណបក្សប្រជាជន ដើមី្បប្រៀបឈ្នះចំពោះមុខ នៅតាមបណ្តាមូលដ្ឋាន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និង ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ មន្ត្រីគណបក្ស គ្រប់រូប គ្រប់ជាន់ថ្នាក់ ត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវ​  បន្តចូលរួមក្នុងការកំណែទម្រង់ឲ្យស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព មានលក្ខណៈពេញលេញ ដោយតាំងចិត្តខ្ពស់តាមអភិក្រម ( ឆ្លុះកញ្ចក់ មុជទឹក  ដុសក្អែល និង ព្យាបាល ) ដែលមានសារៈសំខាន់ចំពោះប្រទេសជាតិ និង គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់នៅ តាមមូលដ្ឋានខ្លួន អំពីទុក្ខលំបាករបស់ប្រជាជន និង ជម្រុញប្រជាពលរដ្ឋដែលគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ និង ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និង ជម្រុញការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើមី្បរក្សាឲ្យបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏សំណូមពរ ដល់ក្រុមការងារបក្សទាំងអស់ បង្កើនការយកចិត្តទុកដាក់ និង ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារលទ្ធផលនៃអង្គសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤០ ឲ្យបានដល់ស្រទាប់មហាជន ប្រជាជនក្នុងមូលដ្ឋានខ្លួន សំខាន់ផ្តោតទៅលើ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី  បង្រ្កាបបទល្មើស ព្រៃឈើ និង ជលផល ដើមី្បកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ និង បង្កើននូវធនធានធម្មជាតិ ទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ

720 721 722 723 724 725 726 728 729 730 731