អភិបាលខេត្តអញ្ជើញចុះពិនិត្យស្ថានភាពវិទ្យាល័យស្វាយធំ


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះទៅត្រួតពិនិត្យ ស្ថានភាពនៃវិទ្យាល័យស្វាយធំ ស្ថិតនៅភូមិស្វាយធំ ឃុំកណ្តែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើមី្បពិនិត្យនូវទីតាំង រៀបចំពិធីសម្ភោធអគារសិក្សាថ្មី ​ដែលនឹងប្រព្រឹត្តធ្វើនៅ ថ្ងៃទី០៥ ខែ មករានេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប ។

តាមការបញ្ជាក់របស់លោក ណាំង ហូន នាយកវិទ្យាល័យ ស្វាយធំ បានឲ្យដឹងថា អគារសិក្សាទាំងបីខ្នង នេះ កសាងឡើង ដោយថវិកាបងប្អូនសប្បុរសជនក្នុងស្រុក ធ្វើអំពីថ្ម ដែលមាន១ខ្នង កម្ពស់៣ជាន់ មាន៩បន្ទប់ និង ១ខ្នងទៀតកម្ពស់ពីរជាន់​មាន ០៤បន្ទប់ និង មួយខ្នងទៀតជាគម្រោងរបស់ក្រសួងអប់រំ មាន០៥បន្ទប់  សរុប ទាំងបីខ្នង មាន១៨បន្ទប់ ។ លោកក៏បានឲ្យដឹងទៀតថា  ចំនួនសិស្សដែលចូលមកសិក្សាក្នុងវិទ្យាល័យស្វាយធំ នេះ ទាំងសិស្សវិទ្យាល័យ អនុវិទ្យាល័យ មានចំនួន សរុបជាង ១ពាន់២០០នាក់ ។

ក្នុងការចុះត្រួតពិនិត្យមើលទីតាំងនោះដែរ​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ដល់លោកអភិបាលស្រុកប្រាសាទបាគង និង លោកនាយកវិទ្យាល័យ ត្រូវធ្វើការរៀបចំនៅក្នុងតំបន់បរិវេណ និង ក្រៅបរិវេណទីកន្លែងសម្ភោធឲ្យបានល្អ ទាំងអនាម័យ បរិស្ថាន ក្នុងការទទួលស្វាគមន៍គណៈប្រតិភូ ដែលបាន អញ្ជើញមកចូលរួមពិធីសម្ភោធអគារសិក្សាថ្មីនេះ ​ដែលជាសមទ្ធិផល នៃចំណងដៃឆ្នាំថ្មី ២០១៧នេះ សម្រាប់កូន ចៅបងប្អូនប្រជាពលរដ្ឋក្នុងឃុំកណ្តែកនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ផងដែរ អំពីបញ្ហាការងារសន្តិសុខ  សណ្តាប់ធ្នាប់ អាជ្ញាធរស្រុក ឃុំ និង សមត្ថកិច្ច ត្រូវរកនូវទីតាំងកំណត់មួយឲ្យបានសមស្រប  សម្រាប់ការចតយានយន្តគ្រប់ប្រភេទរបស់ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ  ។  ម៉្យាងទៀតក៏ត្រូវមានការត្រៀមលក្ខណៈ ក្រុមគ្រូពេទ្យ និង ការកំណត់ផែនឲ្យបានច្បាស់  ដើមី្បធានានូវសណ្តាប់ធ្នាប់រៀបរយ នៅក្នុងអង្គពិធីផងដែរ ។

ក្នុងកិច្ចពិភាក្សាគ្នានោះដែរ គណៈប្រតិភូ ក៏ដូចជាអាជ្ញាធរស្រុក ក៏បានធ្វើការឯកភាពគ្នា ទៅតាមការ កំណត់បង្ហាញ និង ភាពសមស្របទៅនឹងទីតាំងក្នុងបរិវេនផ្ទៃដី​នៃវិទ្យាល័យនេះផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

732 733 734 735 736 737 738 739 740 741