ខេត្តសៀមរាប ៖ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧នេះ ក្រសួង អភិវឌ្ឍន៍ជនបទ បានរៀបចំបើកអង្គសិក្ខាសាលាឆ្លុះបញ្ចាំងថ្នាក់ជាតិស្តីពីរបាយការណ៍នៃការសិក្សាស្រាវជ្រាវនិងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អស់លោក លោកស្រីតំណាងនាយកដ្ឋានកិច្ចសហប្រតិបត្តិការ បច្ចេកទេស កិច្ចការសេដ្ឋកិច្ច និង សង្គមនៃអង្គការសហប្រជាជាតិ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៥ និង តំណាងអង្គការជនជាតិដើមភាគតិច និង បងប្អូនជនជាតិភាគតិចមកពីខេត្តចំនួន៥ នៃឥស្ឍាន្តប្រទេសកម្ពុជា សរុបចំនួន៦៥នាក់ចូលរួម ។
បន្ទាប់ការធ្វើពិធីសែនព្រេន ទៅតាមប្រពៃណីទំនៀមទំលាប់របស់បងប្អូនជនជាតិដើមភាគតិចរួចមក ក្នុងកិច្ចស្វាគមន៍របស់លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើង ពីគោលបំណងនៃអង្គសិក្ខាសាលា គឺដើមី្បឆ្លុះបញ្ចាំងលើការរកឃើញឯកសារពិគ្រោះយោបល់ របាយការណ៍ប៉ាន់ប្រមាណថ្នាក់ជាតិ និង ឯកសារផ្តល់យោបល់ខ្លឹមសារ និង ប៉ាន់ប្រមាណនូវជោគជ័យ ដើមី្បបង្កើត ជាផែនការ យុទ្ធសាស្ត្រជាក់លាក់ ដើមី្បលើកកម្ពស់ការដាក់បញ្ចូលឲ្យកាន់តែប្រសើរឡើង និងអនុសាសន៍នានា សម្រាប់បំពេញភាពខ្វះចន្លោះ ដែលរកឃើញ ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក និក បីរីហូត នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំនៅ ប្រទេសកម្ពុជា និង ប្រសាសន៍របស់លោកស្រី Chandra Roy-Henriksen តំណាងនាយកដ្ឋានកិច្ចសហប្រតិបត្តិការ បច្ចេកទេស កិច្ចការសេដ្ឋកិច្ច និង សង្គមនៃអង្គការសហប្រជាជាតិ រួចមក មានប្រសាសន៍បើកអង្គសិក្ខា សាលានោះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ រៀបចំឡើង គឺ ដើមី្បឆ្លុះ បញ្ចាំងលើការរកឃើញ និង អនុសាសន៍នៃរបាយការណ៍សិក្សាស្រាវជ្រាវ ដើមី្បប៉ាន់ប្រមាណនូវជោគជ័យ និង បញ្ហាប្រឈមនានា និង រកឱកាសសម្រាប់ស្ថាប័នរដ្ឋាភិបាលដែលទទួលអាណត្តិ និង ជនជាតិដើមភាគតិច ទាក់ទងនឹងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថាអង្គសិក្ខាសាលានេះ ក៏ជាការពង្រឹងសមត្ថភាពជនជាតិដើមភាគតិចនៅកម្ពុជា ដើមី្បតភ្ជាប់នៅក្នុងកិច្ចសន្ទនា គោលនយោបាយដោយស្ថាបនា ក្នុងទស្សនៈអភិវឌ្ឍយុទ្ធសាស្ត្រ និង គំនិតផ្តួចផ្តើម ពង្រឹងសុខមាលភាព និង សេដ្ឋកិច្ច សង្គមកិច្ច រួមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ។ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បាន លើកឡើងថា ជនជាតិដើមភាតិចនៅកម្ពុជា មានប្រមាណជាង ១% ប៉ុណ្ណោះ ដែលរស់នៅតំបន់ផ្សេងៗគ្នា ដោយប្រកាន់យកវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និង ភាសាផ្សេងៗគ្នា ។ ឯកឧត្តមបណ្ឌិតបានបន្តទៀត ថា សារៈសំខាន់នៃអង្គសិក្ខាសាលា នឹងធ្វើការបង្ហាញនូវគោលបំណងសំខាន់ៗ នៃការអនុវត្ត គោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ការថែរក្សា និង លើកតម្កើនមរតកវប្បធម៌ប្រពៃណីភាសា ជំនឿរបស់ ជនជាតិដើមភាគតិច ឲ្យស្ថិតស្ថេរចីរកាល នៅក្នុងចរន្តដ៏ខ្លាំងក្លានៃសកលភាវូបនីយកម្មក្នុងតំបន់ និង ពិភពលោក ផ្តល់ឱកាសនិងទាក់ទាញជនជាតិដើមភាគតិចឲ្យចូលរួម ក្នុងការអភិវឌ្ឍន៍លើកទឹកចិត្តដល់ការផលិត ប្រើប្រាស់ ផលិតផលវប្បធម៌របស់ជនជាតិដើមភាគតិច ព្រមទាំងលើកស្ទួយកម្រិតជីវភាពបងប្អូនជនជាតិដើមភាគតិ ឲ្យ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍគម្រោងនានា មានលក្ខណៈសមស្របទៅនឹងមូលដ្ឋានរស់នៅ ។ ម៉្យាងទៀត គឺត្រូវបង្កើនការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើមី្បញ្ជៀសនូវអនក្ខរភាព និង មកនូវសមត្ថភាព ជំនាញក្នុង ការបង្កើនប្រាក់ចំណូលបន្ថែម ។ ឯកឧត្តមបណ្ឌិត បន្តទៀតថា ទាំងនេះក៏គូសបញ្ជាក់ឲ្យឃើញពីចក្ខុវិស័យ ទិសដៅ និង សកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបទៅដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងតំបន់ដែល បងប្អូនជនជាតិដើមភាគតិចរស់នៅ សំដៅកាត់បន្ថយភាពក្រីក្រ លើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូន ផ្តល់សេវាអប់រំ សុខភាព ឲ្យបានល្អប្រសើរ ដើមី្បធានាឲ្យបាននូវការអភិវឌ្ឍជនជាតិដើមភាគតិចមាននិរន្តរភាព៕ អត្ថបទ ម៉ី សុខារិទ្ធ