សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ របស់មន្ទីរកិច្ចការនារីខេត្ត


ខេត្តសៀមរាប ៖ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៧នេះ មានបើកអង្គសន្និបាតបូកសរុប លទ្ធផល​ការងារឆ្នាំ២០១៦ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ របស់មន្ទីរកិច្ចការនារីខេត្ត សៀមរាប ក្រោមអធិបតីភាពរបស់លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹក នាំមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក និង អង្គការដៃគូរចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោកស្រី យូ សុភា បានលើកឡើងថា អង្គសន្និបាតរបស់មន្ទីរកិច្ចការនារី ខេត្តនៅថ្ងៃនេះ និងក្លាយជាយន្តការត្រួតពិនិត្យការងារប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាពដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈនិងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្បប្រមូលផ្តុំនូវទស្សនៈ និងបញ្ញាញាណតាមរយៈការពិភាក្សា ពិនិត្យមើលរួមគ្នា អំពីសមទ្ធិផល ដែលយើងសម្រេចបានកន្លងមក ដោយឆ្លុះបញ្ចាំងតាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារ។ ​ក្នុងនោះលោកជំទាវ ក៏បានគូសបញ្ជាក់ថា តាមរយៈនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រសំខាន់ៗ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ (២០១៤-២០១៨) ដែលផ្តោតលើការពង្រឹងស្ថាប័ន ការអភិវឌ្ឍន៍សមត្ថភាព ដើមី្បឆ្ពោះទៅរកសមភាពយេនឌ័រ ដែលជាស្នូល ក្នុងការគាំទ្រដល់កម្មវិធីបញ្ជ្រាបយេនឌ័រ និង បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្នុងបរិបទ កំណើនសេដ្ឋកិច្ច ការទទួលបានសេវា និង កិច្ចគាំពារសង្គម និង អន្តរវិស័យ ។

មានប្រសាសន៍បើកអង្គសន្និបាតនោះដែរ លោកជំទាវ  ឃឹម ចំរើន បានគូសបញ្ជាក់ថា អង្គសន្និ បាតនេះ គឺជាការត្រួតពិនិត្យមើលវឌ្ឍនភាព​ រាល់ចំណុះខ្វះខាត បញ្ហាប្រឈមដែលនៅសេសសល់ ដើមី្បរៀបចំផែនការសកម្មភាពឆ្នាំ២០១៧ ឲ្យឆ្លើយតបស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនារីរតនៈទី៣ ទី៤ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ ។ លោកជំទាវបានបន្តទៀតថា ក្នុងដំណើរឆ្ពោះទៅមុខ ដើមី្បសមភាពយេនឌ័រ និង ផ្តល់ ភាពអងអាចដល់ស្ត្រី ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នារីរតនៈទី៤ (២០១៤.២០១៨) របស់ក្រសួងកិច្ចការនារី ដែល ទើបនឹងដាក់ឲ្យអនុវត្ត នាពេលកន្លងមក បានផ្តោតលើកម្មវិធីព្រឹងស្ថាប័ន និង ការអភិវឌ្ឍន៍សមត្ថភាព ដើមី្បឆ្ពោះ ទៅរកសមភាពយេនឌ័រ  និង ជាស្នូលក្នុងការគាំទ្រដល់កម្មវិធីបញ្ជ្រាបយេនឌ័រ និង បង្កើតភាពអង់អាចដល់ស្ត្រី ក្នុងបរិបទកំណើនសេដ្ឋកិច្ច ទទួលបានសេវា និង កិច្ចការពារសង្គម និង អន្តរវិស័យ ។ លោកជំទាវរដ្ឋលេខាធិ ការ ក៏បានលើកផងដែរថា  ការងារយេនឌ័រនេះ គឺជាផែនការរបស់រាជរដ្ឋាភិបាល ដែលគ្រប់ក្រសួង មន្ទីរ ស្ថាប័ន អង្គភាពទាំងអស់ ត្រូវតែអនុវត្ត ដោយបច្ចុប្បន្នបញ្ហាយេនឌ័រនេះ ហាក់បីនៅកម្លាតឆ្ងាយ ដោយអង្គភាព មន្ទីរ​មួយ ចំនួនមិនបានគិតគូអំពីការងារយេនឌ័រនេះឡើយ ។ លោកជំទាវ ឃឹម ចំរើន ក៏បានលើកនូវអនុសាសន៍ និង បទពិសោធន៍ល្អៗមួយចំនួន ដើមី្បជាប្រទីបក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ នារីរតនៈទី៤ បាន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដែលជារបៀបវារៈនយោបាយសង្គម សេដ្ឋកិច្ច របស់ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ទោះបីជាជួបការលំបាក និង បញ្ហាប្រឈមខ្លះៗក៏ដោយ ។  ក្នុងនោះ ដែរលោកជំទាវក៏បានលើកឡើង អំពីការលើកកម្ពស់សមភាពយេនឌ័រ ឲ្យបានស៊ីជម្រៅ​ កំពុងចាក់ឬសទៅក្នុង គោលនយោបាយ ផែនការ និង កម្មវិធីនយោបាយកំណែទម្រង់ សំខាន់ៗរបស់រាជរដ្ឋាភិបាល ទៅក្នុងកម្មវិធី កំណែទម្រង់វិមជ្ឈការ​និង​វិសហមជ្ឈការ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ  ដែលធ្វឲ្យការលើក កម្ពស់ការចូលរួមរបស់ស្ត្រី ។ ​ក្នុងនាមក្រសួងកិច្ចការនារី លោកជំទាវក៏បានធ្វើការកោតសរសើរ ចំពោះអាជ្ញាធរ ខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ និង អង្គការដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៣ ទី៤  សំដៅជម្រុញការអនុវត្តផែនការបញ្ជ្រាបយេនឌ័រ នៅតាមបណ្តាវិស័យ  ស្ថាប័ន ដោយផ្តល់ឱកាសឲ្យស្ត្រី ទទួលផលដូចបុរស និង រួមគ្នាពន្លឿនខឿនសេដ្ឋឋកិច្ច​ដើមី្បភាពសុខដុមរមនារបស់គ្រួសារ និង សង្គមជាតិ ៕អត្ថបទ ម៉ី សុខារិទ្ធ

13 14 15 16