សន្និបាតបូកសរុបលទ្ធផលការងាររបស់គណបក្សសង្កាត់ស្វាយដង្គំ


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧កន្លងមកនេះ នៅគណៈកម្មាធិការគណបក្សប្រជាជន សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប បានធ្វើសន្និបាតបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា សង្កាត់ ស្វាយដង្គំ សម្រេចបានក្នុងរយៈពេល៥ឆ្នាំ២០១២-២០១៧ និងផែនការកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់រយៈពេល៥ឆ្នាំបន្ត ២០១៧–២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារបក្សខេត្ត ចុះជួយក្រុងសៀមរាប ។

មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានលើកឡើង ក្នុងពិធីសន្និបាតបូកសរុបការងារដឹកនាំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយដង្គំ ដោយគូសបញ្ជាក់ថា អង្គសន្និបាតនេះ គឺជាការ បង្ហាញនូវលទ្ធផលការងារដែលគណបក្សសង្កាត់បានអនុវត្តនៅក្នុងអាណត្តិរបស់ខ្លួន។  ថ្វីបើរយះពេល អាណត្តិ របស់ក្រុមប្រឹក្សាឃុំសង្កាត់នៅខ្លីក៏ពិតមែន ក៏ប៉ុន្តែយើងនៅតែបន្តជំរុញឲ្យគណៈកម្មាធិការគណបក្សភូមិ ឃុំ សង្កាត់ គណៈពង្រឹងមូលដ្ឋានសង្កាត់ និងក្រុមចលនាផ្សេងៗទៀតបន្តខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការគោលនយោបាយនានា របស់គណបក្សប្រជាជនកម្ពុជា ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើទី៤០ អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា​ ។ ឯកឧត្តមបណ្ឌិតក៏បានសំណូមពរ ដល់សមាជិក សមាជិកា គណ បក្សប្រជាជនទាំងអស់ ចូលរួមថែរក្សាជ័យជំនះឲ្យបាននូវការកាន់កាប់អាសនៈសង្កាត់របស់ខ្លួន ចាប់ពីពេលបច្ចុប្បន្ននេះ ទៅដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ខាងមុខ ហើយនាំជ័យជំនះបន្ថែមក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តទី៦នៅឆ្នាំ២០១៨ ខាងមុខ ។  ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើ មន្ត្រីបក្សបន្តរក្សាសាមគ្គីភាព ឯកភាព ខិតខំធ្វើអំពើល្អ និង ឆ្លើយតបសំណូមពរ ដំណោះស្រាយទុក្ខលំបាករបស់ពល រដ្ឋគ្រប់គ្នា។ សន្និបាតនេះក៏បានបង្ហាញអំពីលទ្ធផលការងារដែលឃុំសម្រេចបានក្នុងរយៈពេល៥ឆ្នាំ២០១២.២០១៧និងផែនការកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់ រយៈពេល៥ឆ្នាំបន្ត ២០១៧–២០២២ និង ដើម្បីសូមការគាំទ្រនិងអនុម័តពីអង្គសន្និបាត ក្នុងនោះក៏បានធ្វើការបោះឆ្នោតស្ទាបស្ទង់ដោយសម្ងាត់ ដើម្បីជ្រើសរើបេក្ខភាពសម្រាប់ការឈរឈ្មោះសម្រាប់ការបោះឆ្នោត ឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះផងដែរ ។

ក្នុងឱកាសនោះលោក គឹម ប៉ុណ្ណា ប្រធានក្រុមការងារបក្សខេត្តចុះជួយសង្កាត់ស្វាយដង្គំ ណែនាំក្នុងការ គូសសន្លឹកឆ្នោត ជូនដល់ សមាជិកសមាជិកាគណបក្សប្រជាជនសង្កាត់ស្វាយង្គំ មកពីបណ្តាភូមិ ដែលបានចូលរួមបោះឆ្នោត ក្នុងការស្ទាបស្ទង់ ជ្រើសបេក្ខភាពក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ដែលមានបេក្ខជន ចំនួន ២៤រូប និង ធ្វើ ការជ្រើសរើសយកជាបេក្ខភាពពេញសិទ្ធិ ១១រូប ។ ក្នុងនោះដោយមានសមាជិកសមាជិកាចូលរួមបោះឆ្នោតចំនួន សរុប ៦៤៧នាក់ ។

មានប្រសាសន៍បូកសរុបនោះលោក ហង្ស ហឿម ប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយដង្គំ បានលើកឡើងថា ភារកិច្ចចម្បង នៃសន្និបាតថ្ងៃនេះ គឺ ឆ្លងនិងអនុម័តសេចក្តីព្រាងខ្លឹមសារ របាយការណ៍បូកសរុបត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារនៃការអនុវត្តគោលនយោបាយគណបក្សដើម្បីអភិវឌ្ឍន៍សង្កាត់ ៥ឆ្នាំ ( ២០១២ ២០១៧ )និងទិសដៅបន្តអភិវឌ្ឍន៍ជីវភាព និង សេដ្ឋកិច្ចមូលដ្ឋានសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២  និងធ្វើការបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិ ទី៤។ ក្នុងនោះក៏បានពិនិត្យ និង សុំអនុម័តលើរបាយការណ៍បូកសរុបគណបក្សសង្កាត់ស្វាយដង្គំកន្លងមក និងទិសដៅបន្ត៥ឆ្នាំទៀតរួមមានភូមិសាស្ត្រ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការងារអភិវឌ្ឍន៍មូលដ្ឋានលើវិស័យ កសិកម្ម ការអភិវឌ្ឍន៍នានា ការងារសង្គមកិច្ច៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_0446 DSC_0447 DSC_0451 DSC_0461 DSC_0462 DSC_0465