កិច្ចប្រជុំសាមញ្ញលើកទី៣៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី​៣៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៣៣នេះ ដែលមានចំនួន០៦ចំណុច ។  ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក  សមាជិកកិច្ចប្រជុំក៏បានធ្វើការ ត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក  ដោយក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើចំណុច ដែលបានកើតមានឡើងក្នុងខែមករា ឆ្នាំ២០១៧ ដោយបានផ្តោតទៅលើបញ្ហា សណ្តាប់ធ្នាប់សាធារណៈនៅតាមទីប្រជុំជន ផ្សារធំៗក្នុងក្រុង ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ សំខាន់នៅ ផ្សារលើធំថ្មី ​និង ជុំវិញផ្សារចាស់ដែលយកផ្លូវធ្វើជាចំណតយានយន្ត ព្រមទាំងបញ្ហាការបោះឆ្នោតជ្រើសរើស គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី ។

តាមការបញ្ជាក់របស់លោក ពៅ ពិសិដ្ឋ ក៏បានឲ្យដឹងផងដែរថា អំពីបញ្ហាចរាចរណ៍ អាជ្ញាធរខេត្ត បាន រៀបចំគម្រោង ក្នុងការដាក់ភ្លើងចរាចរណ៍ នៅតាមគោលដៅចំនួន ២៧កន្លែងក្នុងខេត្ត ក្នុងការសម្រួលការកក ស្ទះចរាចរណ៍ ព្រមទាំងបំពាក់នូវ CAMERA សុវត្ថិភាព និង ការសិក្សារបស់ចាយកាក្នុងការរៀបចំលើកំណាត់ ផ្លូវពីស្ពានថ្មព្រះរាជដំណាក់ ទៅដល់ផ្លូវចូលបុរី សៀង ណាំ ក្នុងជំហានដំបូងដើមី្បដងផ្លូវនេះមានសណ្តាប់ធ្នាប់ ល្អ ហើយក៏ជាការសាកល្បងនៅក្នុងក្រុងសៀមរាបផងដែរ ។ក្នុងនោះឯកឧត្តម ក៏បានអនុញ្ញាតឲ្យបណ្តាថ្នាក់ដឹកនាំមន្ទីរដែលមានការពាក់ព័ន្ធទៅ នឹងចំណោទបញ្ហាអំពីក្រុមហ៊ុនស៊ូជីញ​ដែលបានយកថវិកាពីកាណូត បានធ្វើការបកស្រាយបំភ្លឺជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី២នេះ ។  ក្នុងកិច្ចប្រជុំនេះដែរក៏បានធ្វើការអនុម័តទៅលើរបាយការណ៍ប្រចាំខែមករាឆ្នាំ២០១៧​របស់រដ្ឋបាលខេត្តនិង សេចក្តីព្រៀងផែនការសកម្មភាព​និងថវិកា (ផអ៣.ទី២ ឆ្នាំ២០១៧ និង សេចក្តីព្រៀងផែនការសកម្មភាពឆ្នាំ ២០១៧ របស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនិង ការផ្តល់យោប់ទៅលើសំណួរ សំណូមពរ ដែលប្រជាពលរដ្ឋ បានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៦ផងដែរ ។

ឆ្លងតាមការបកស្រាយរបស់អស់លោកជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។   ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានក៏បានសង្កត់ធ្ងន់ចំពោះ អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់សំណួរដែលសមាជិកអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកឡើងត្រូវតែធ្វើការឆ្លើយតប ដោយលាយ ល័ក្ខជាអក្សរ​​ ដើមី្បធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តនៅខែបន្តទៀត។ក្នុងនោះ ឯកឧត្តមក៏បានលើកនូវបញ្ហាផ្សេងៗមួយចំនួនសម្រាប់អង្គប្រជុំយកទៅធ្វើការពិចារណា និង អនុវត្តឲ្យខាងតែ បាន ក្នុងការបង្រ្កាបបទល្មើសនេសាទព្រៃឈើ និង គ្រឿងញៀន តាមអនុសាសន៍របស់រាជរដ្ឋាភិបាល (គឺរួមគ្នា​ពន្លត់ភ្លើង ប្រសើរជាងអង្គុយបក់ផ្សែងភ្លើង )។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំងបី ក្នុងការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនដល់ដល់ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ ដែលបានចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ សំខាន់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិផងដែរ ។  ឯកឧត្តមបណ្ឌិត  នូ ផល្លា ក៏បានធ្វើថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៣នេះដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្តទៀតផង ។ក្នុងនោះដែរ ក៏មានធ្វើការប្រជុំជាសម្ងាត់ ក្នុងការអនុម័តលើសំណើសុំតែងតាំង មន្ត្រីរាជការស៊ីវិលចំនួន ០២រូប ចំណុះ រចនាសម្ព័ន្ធមន្ទីរក្នុងខេត្តផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ

2017-02-07 20-58-53 098 2017-02-07 20-59-02 822 2017-02-07 20-59-06 741 2017-02-07 20-59-10 502 2017-02-07 20-59-14 442