ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៧នេះ លោកជំទាវម៉ែន សំអនឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាពព្រឹទ្ធសភានិងអធិការកិច្ចនិងប្រធានគណៈកម្មាធិការសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និង ផ្សព្វផ្សាយផែនការ សកម្មភាពឆ្នាំ២០១៧ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង ចលនាស្ត្រីខេត្តសៀមរាប នៅសាលមហោស្រពស្មាមញញឹមអង្គរ ដោយមានឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកស្រី ជាសមាជិកា មកពីថ្នាក់ជាតិ មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណ ៨៥៥នាក់ដែលបានចូលរួម ។
បន្ទាប់ពីកិច្ចស្វាគមន៍ របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងសមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត និង សេចក្តីរាយការណ៍ របស់ លោកជំទាវ ឯម ផលាមុនី ប្រធានសាខាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ស្តី អំពីលទ្ធផលដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ និង ចលនាស្ត្រីខេត្តសៀមរាប អនុវត្តបានក្នុង ឆ្នាំ២០១៦ និង ទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៧ ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូននារីនាឱកាសនោះលោកជំទាវម៉ែន សំអន ក៏ពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនមន្ត្រីរាជការជានារីទាំងអស់នៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងស្មារតីក្នុងរយៈពេលកន្លងមក ។ លោកជំទាវបានលើកឡើង ពីឆន្ទៈដ៏មោះមុតរបស់បងប្អូនស្រ្តីជាថ្នាក់ដឹកនាំទាំងអស់ សំខាន់បងប្អូនស្រី្តជាមេឃុំ ដែលជាធនធានមនុស្សពោរពេញទៅដោយបទពិសោធន៍ ក្នុងការគ្រប់គ្រងដឹកនាំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងភាពអត់ធ្មត់ អំណត់ព្យាយាម ត្រិះរិះពិចារណាក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន ធ្វើឲ្យប្រជាជនបានរស់នៅក្នុងស្ថានភាពល្អប្រសើរ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា លទ្ធផលដ៏ធំធេងដែលសមាគមនារីខេត្ត សម្រេចបាននេះគឺពិតជាពុំអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រពីគណបក្សប្រជាជនខេត្ត ភរិយាថ្នាក់ដឹកនាំសប្បុរសជនការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំសមាគមនារី ដែលមានលោកជំទាវប្រធានកិត្តិយសសមាគមនារីខេត្ត ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាគមនារីទាំងអស់ផងដែរ។ ជោគជ័យទាំងនេះពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹងភាពរឹងមាំរបស់គណបក្ស និង ការអភិវឌ្ឍរបស់ខេត្ត និង មូលដ្ឋាន ដែលមាន គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា ស្មារតី និងផ្តល់ឱកាស ព្រមទាំងការជួយសម្រួលឲ្យស្រ្តីគ្រប់លំដាប់ថ្នាក់អាចរ៉ាប់រង និង សម្រេចបានជោគជ័យគ្រប់សកម្មភាព ដែលបក្ស និង រាជរដ្ឋាភិបាលប្រគល់ជូន។ លោកជំទាវម៉ែន សំអន ក៏បានលើកពីកិច្ចដំណើរការកែទម្រង់រដ្ឋ គ្រប់វិស័យទទួលបានលទ្ធផលផ្លែផ្កា ជាពិសេសកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ការគ្រប់គ្រងដីធ្លី និងព្រៃឈើ កំពុងតែធ្វើដំណើរទៅមុខក្នុងទិសដៅត្រឹមត្រូវ ហើយបាននឹងកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។សមិទ្ធផលទាំងនេះបានពង្រឹងជំហររបស់គណបក្សយើងថែមទៀត តាមរយៈផលប្រយោជន៍ ដែលប្រជាជនទទួលបានកាន់តែច្រើនឡើងពីសន្តិភាព កំណែទម្រង់និងកិច្ចអភិវឌ្ឍ ។ ទាំងនេះជាឧត្តមភាពប្រៀបធៀបអំណោយផល ដែលយើងត្រូវច្បាមជាប់ និង ចេះប្រើប្រាស់ឱកាសនេះ ដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ខាងមុខនេះ ។ ម៉្យាងទៀតស្រ្តីកម្ពុជាមានចំនួនច្រើនជាង៥២%នៃប្រជាជនទាំងមូលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យកសិកម្មឧស្សាហកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធសេវាកម្ម និង បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនជាតិរីកចម្រើន ទើបរាជរដ្ឋាភិបាលបានកំណត់ច្បាស់ថាស្ត្រីគឺជា ឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកិច្ច ។ ក្នុងនោះលោកជំទាវ ក៏បានលើកនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទាំង៦ចំណុចសំខាន់ៗ លើគោលនយោបាយលើកទឹកចិត្ត និង ជម្រុញឲ្យស្ត្រីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និង តម្កើងស្ត្រី ក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេច និង ដឹកនាំដោយពង្រឹងស្ថានភាព តួនាទីដ៏សំខាន់របស់ស្ត្រី ក្នុងសង្គមលើកស្ទួយតម្លៃ សីលធម៌របស់ស្ត្រី លុបបំបាត់រាល់ទស្សនៈរើសអើងមើលងាយមើលស្រាលស្ត្រី និង លើកកម្ពស់ការចូលរួមរបស់ស្រ្តីឲ្យកាន់តែទូលំទូលាយនិង ខ្លាំងក្លាថែមទៀតក្នុងនយោបាយ និង ក្នុងការអភិវឌ្ឍប្រទេស ។ លោកជំទាវ ម៉ែន សំអន ក៏លើកនូវសូមសំណូមពរដល់ថ្នាក់ដឹកនាំបក្ស អាជ្ញាធរខេត្តនិងអង្គភាពនានាបន្តប្រពៃណីការគាំទ្រនិងបង្កលក្ខណៈដល់ថ្នាក់ដឹកនាំនារី និងសមាជិកាទាំងអស់ដោយប្រើប្រាស់ពេលវេលាសមស្របដើម្បីបំពេញភារកិច្ចក្នុងក្របខ័ណ្ឌសមាគម និងសូមសមាគមនារី និងក្រុមចលនាស្រ្តីគណបក្សត្រូវយកចិត្តទុកដាក់លើការងារស្នូល ព្រមទាំងធ្វើការផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួន ក្នុងការចុះមូលដ្ឋានជាប់ជាប្រចាំជួបប្រជុំជាមួយបងប្អូននារី ដើម្បីពង្រឹងសតិអារម្មណ៍ និងរក្សាប្រៀបខ្លាំងរបស់គណបក្ស និង ចិញ្ចឹមចលនា និងធ្វើបច្ចុប្បន្នភាពកម្លាំងស្រ្តីក្នុងជួរបក្ស និង បន្តជម្រុញពង្រីកសមាជិកសមាគមនារី ព្រមទាំងធ្វើការជម្រុញ ដល់ប្រជាពលរដ្ឋ និង សមាជិកគណបក្សខ្លួនឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ។
ក្នុងនោះដែរលោកជំទាវឧបនាយករដ្ឋមន្ត្រី បានធ្វើការដោះស្រាយឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូន នារីនៅថ្នាក់មូលដ្ឋាន ព្រមទាំងបានឧបត្ថម្ភនូវថវិកា ដល់បងប្អូននារីក្រុង ស្រុក ក្នុងមួយស្រុក១លានរៀល និង ឧបត្ថម្ភដល់បងប្អូននារី ទាំង៩ពាន់នាក់ដែលបានចូលរួម ម្នាក់ៗ សំពត ១ ក្រណាត់អាវ១ និង ប្រាក់៤ម៉ឺនរៀល ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)