ពិធីសូត្រមន្តប្រោះព្រំ និង រាប់បាត្រ ទទួលទេវតាឆ្នាំថ្មី របស់រដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅថ្ងៃ ១២កើត ខែ ចែត្រ  ឆ្នាំវកអដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០១៧ នៅរដ្ឋបាលសាលាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរកានព្វស័ក ព.ស២៥៦០ឈានចូលព.ស២៥៦១ ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី នឹង សុំជួយដល់ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។

ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឺត្តទៅក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិតនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានធ្វើពិធីបួងសួង និងសូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ​នាឆ្នាំថ្មីនេះ ។

ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា នៃកម្មវិធីបៀបវារៈររបស់លោកតាអាចារ្យរួចមក ក្នុងកិច្ចសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនោះដែរឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជា លក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប និង បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងផងដែរ ពីការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្ត  ដោយខេត្តសៀមរាបជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ដែលបានក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក  មកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មន្ត្រីរាជការកាន់តែមានភាពប្រសើរឡើង ។  ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរ ពីការអភិរក្ស និង អភិវឌ្ឍន៍របស់ខេត្ត និង ការរៀបចំសោភ័ណ្ឌភាពក្រុងប្រវតិ្តសាស្ត្រ ឲ្យមានភាពស្រស់ត្រកាលនាពេលរាត្រី ទៅតាមដងផ្លូវ វិថីនានាក្នុងក្រុង  ក្នុងការស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញមកចូលរួម ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង  ក៏បានធ្វើការបួងសួងសូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលមានព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និង បារមីព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានាតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំរកានព្វស័កដែលមានទេវតាព្រះនាម កិមិរាទេវី  ដែលនឹងយាងចូលមក វេលាម៉ោង០៣​និង១២នាទី រាត្រីថ្ងៃទី ១៤​ខែ មេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ៣រោច ខែ ចេត្រ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គភាពជុំវិញខេត្តផងដែរ ។ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

1548 1549 1550 1551 1552 1553 1554 1555 1556 1557 1558 1559 1560 1561 1562 1563 1564 1565 1566 1567 1568 1569 1570 1571 1572 1573 1574 1575 1576 1577 1578 1579 1580 1581 1582 1583 1584 1585 1586