កិច្ចប្រជុំសាមញ្ញលើកទី៣៦របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មាន​បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមអធិបតីភាពរបស់ឯកឧត្តម​បណ្ឌិត នូ  ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី យូ សុភា  អភិបាលរង នៃគណៈអភិបាលខេត្ត​សៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៣៦នេះ ដែលមានចំនួន០៤ចំណុច ។  ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកនាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តរួចមក ក៏មានធ្វើការប្រកាសរបស់ក្រសួង មហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និង ទទួលស្គាល់ឯកឧត្តម ទេស ច័ន្ទគីរី ជាសមាជិកក្រុមប្រឹក្សាខេត្ត ជំនួសឯកឧត្តម កៅ សោភ័ណ ដែលបានទទួលមរណភាព ។  មានប្រសាសន៍បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា  និង សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាម​របៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក  ដោយក្នុងនោះអង្គប្រជុំក៏បានធ្វើការកែសម្រួល និង អនុម័តដកចេញនូវរបៀបវារៈ ស្តីពីការការអនុម័ត លើតម្លៃសេវារដ្ឋបាលខេត្តចេញពីកិច្ចប្រជុំសាមញ្ញលើកទី៣៦ និង បានពិនិត្យលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ ព្រមទាំងបានផ្តោតយ៉ាងសំខាន់ទៅលើ លទ្ធផលនៃរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលា នូវគ្រប់សំណូមពរ និង បញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្ត លើកឡើងកន្លង ព្រមទាំងបញ្ហាផ្សេងៗផងដែរ ។

ក្នុងកិច្ចប្រជុំនោះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងអំពីចំណោទបញ្ហា លើសេវា ការរត់ច្បាប់បង្កើតវត្តត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និង សេវាការធ្វើលិខិតស្នាមដីធ្លីនៅស្រុកប្រាសាទបាគង ផងដែរ ។  ក្នុងនោះដែរលោកស្រី យូ សុភា ក៏បាន អនុញ្ញាតដល់បណ្តាមន្ទីរជំនាញ បានធ្វើការបកស្រាយបំភ្លឺ នូវរាល់ករណីដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើងផងដែរ ។

មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។   ក្នុងនោះឯកឧត្តមបណ្ឌិតប្រធាន បានធ្វើការកោតសរសើរ អំពីស្នា ដៃរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ធានាបានសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ ដែលចូលមកធ្វើទស្សនៈកិច្ច និង ធ្វើទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប  ក្នុងឱកាស ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  ធ្វើឲ្យប្រជាពលរដ្ឋបានចូលរួមសប្បាយប្រកបទៅដោយសន្តិសុខ សុវត្ថិភាពខ្ពស់ ។ ឯកឧត្តមបណ្ឌិត  នូ ផល្លា ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តសៀមរាប ត្រូវធ្វើ ការពង្រឹងនូវការគោរពអង្គការវិន័យការងារ ទាំងការងាររដ្ឋបាល​ និង នយោបាយ សំខាន់លើការងារចរាចរលិខិត សេវារដ្ឋបាល ។ ក្នុងនោះឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់​ ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង មន្ទីរធម្មការ និង សាសនា ត្រូវធ្វើការពិនិត្យឡើងវិញ នូវរាល់តម្លៃសេវារដ្ឋបាលនេះ ក្នុងការចូលរួមលុបបំបាត់នូវ អំពើពុករលួយនៅក្នុងអង្គភាពខ្លួន ។  ឯកឧត្តមបណ្ឌិតសូមឲ្យគ្រប់បណ្តាមន្ទីរ អង្គភាព ត្រូវធ្វើការ ពង្រឹងនូវការងាររដ្ឋបាលរបស់មន្ត្រី ឲ្យមានភាពរលូន ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាត់របស់ប្រជាពលរដ្ឋ ដែលពួកគាត់លើកឡើងនៅតាមវេទិកាសាធារណៈ ។  កត្តាសំខាន់នោះគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក​ត្រូវធ្វើការកំណត់នូវកម្មវិធីរបស់គណៈអភិ បាល ក្រុមប្រឹក្សា មន្ត្រី រាជការ រួមទាំងកម្មវិធីការងារ និង គោរពឲ្យបានពេលវេលាម៉ោងធ្វើការឲ្យបានសុក្រិត ។  ឯកឧត្តមបណ្ឌិតក៏បានធ្វើថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៦នេះដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តទៀតផង ។ក្នុងនោះដែរក៏បានធ្វើការប្រជុំជាសម្ងាត់ ដើមី្បអនុម័តលើសំណើសុំតែងតាំង   មន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធមន្ទីរ ចំនួន ០១រូប ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធភ្នាក់ងារសៀមរាប

125 126 127 128 129 130 131 132