ពិនិត្យទីកន្លែងបើកសម្ពោធមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប


ខេត្តសៀមរាប ៖ ការបង្កើតរដ្ឋបាលប្រមូលផ្តុំគឺជាភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិ ។ នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់សំណង់មន្ទីររដ្ឋបាលទាំង២៦ ខេត្តសៀមរាប ដើមី្បត្រៀមលក្ខណៈធ្វើការបើកសម្ភោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៤ ឧសភាខាងមុខនេះក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនកាំត្រង់ស៊ីប ដែលទទួលការសាងសង់បានឲ្យដឹងថា ចាប់ពីការដំណើរការ សាងសង់សំណង់អគាររដ្ឋបាលទាំង២៦មន្ទីរនេះមកដល់ពេលនេះក្រុមហ៊ុនបានដំណើរការសាងសង់បាន៩៩%ហើយ ដោយក្នុងសំណង់អគារមន្ទីរនិមួយៗបានកំពុងធ្វើការត្រួតពិនិត្យ និង បោសសម្អាតរួមទាំងធ្វើការរៀបចំទីធ្លា សួនច្បារ ស្លាកមណ្ឌល និង ការដាំកូនឈើ ផ្កាទៀតផង  ។

តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង បានឲ្យដឹងថា មកដល់ពេលនេះ អគារនៃមន្ទីរមួយ ចំនួន ត្រូវបានក្រុមហ៊ុនសាងសង់ ធ្វើការត្រួតពិនិត្យ និង បោសសម្អាតបានរួចរាល់ ព្រមទាំងបានចូលមកបម្រើការងាររួចជាស្រេចទៀតផង ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំដល់គ្រប់មន្ទីរទាំងអស់ ដែលនៅតាមអគារនៃមន្ទីររបស់ខ្លួន ដែលខ្វះខាតបន្ទប់ធ្វើការងារ ត្រូវចេះធ្វើការកែច្នៃទៅតាមលទ្ធភាពរបស់អង្គភាពខ្លួនដែលអាចធ្វើបាន ។ ម៉្យាងទៀតមន្ទីរដែលមានមន្ត្រី បុគ្គលិកច្រើននោះ ឯកឧត្តមបណ្ឌិត ក៏បានអនុញ្ញាតឲ្យធ្វើការតភ្ជាប់ពីអគារមួយទៅ អគារមួយនៃជាន់ខាងលើ ទៅនឹងអគារនៃមន្ទីរដែលមានមន្ត្រីបុគ្គលិកតិច ដោយធ្វើការបិទខ័ណ្ឌនឹងគ្នាផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំនេះឡើង គឺជាភាពងាយស្រួល ក្នុងការដឹកនាំលើការដោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលកើតឡើងបានទាន់ពេលវេលា ។ ម៉្យាងទៀតបានធ្វើឲ្យរបៀបរបបបំពេញការងាររដ្ឋបាលឲ្យដូចនៅតាមបណ្តាប្រទេសជឿនលឿនលើសកលលោក ដែលមានលក្ខណៈប្រហាក់ប្រហែល ក្នុងការកែទម្រង់រដ្ឋបាលនៅកម្ពុជាយើងផងដែរ ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា  ការរៀបចំរដ្ឋបាលប្រមូលផ្តុំនេះឡើង ដើមី្បក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួល និង កាត់បន្ថយនូវពេលវេលាក្នុងការមកធ្វើទំនាក់ទំនងទៀតផង។ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំដល់ប្រធានក្រុមហ៊ុនសាងសង់សំណង់ ត្រូវធ្វើការពន្លឿនក្នុងការរៀបចំធ្វើការដាំដើមឈើ ដើមផ្កា នៅមុខទីធ្លា ផ្លូវចូលមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ដើមី្បបង្កើនូវបរិស្ថានបរិយាកាសបរិសុទ្ធព្រមទាំងធ្វើការលើកនូវសោភ័ណ្ឌភាពទៀតផង។​ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការរៀបចំខឿនចិញ្ចើមផ្លូវចូល និងស្លាកមណ្ឌលរដ្ឋបាល ឲ្យបានរួចមុនថ្ងៃបើកសម្ភោធ រួមទាំងធ្វើខឿងរបាំក្បាលស្ពានទាំងពីរ ដើមី្បបង្កានិងធានាដល់ការគ្រោះថ្នាក់ចរាចរណ៍ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថាអគារមណ្ឌលរដ្ឋបាលមន្ទីរនេះ បានសាងសង់ត្រូវតាមនូវរចនាបទដ្ឋានជាលក្ខណៈរបស់ខ្មែរ ដោយខេត្តសៀមរាប ជាជង្រុកនៃសម្បត្តិវប្បធម៌ អរីយធម៌ជាតិខ្មែរ ហើយបានកំពុងទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តមកពីគ្រប់មជ្ឈដ្ឋាននៅលើពិភពលោក ហើយអគារទាំងនេះជាសំណង់ស្ថាបត្យកម្មមួយលើទឹកដីប្រវត្តិសាស្ត្រ និង សម្រាប់បណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើជាគំរូឲ្យដូចរដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ដល់ថ្នាក់ដឹកនាំមន្ទីរទាំងអស់ ត្រូវត្រៀមលក្ខណៈដឹកជញ្ជូនសម្ភារៈ ឯកសាររបស់ខ្លួនចូលមកកាន់មន្ទីរអគារថ្មី ក្រោយពីក្រុមហ៊ុនសាងសង់ធ្វើការត្រួតពិនិត្យ និង បោសសម្អាតរួចរាល់ ដើមី្បឲ្យបានមុនថ្ងៃបើកសម្ពោធទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

1720 1721 1722 1723 1724 1725 1726 1727 1728 1729 1730 1731 1732 1733 1734 1735 1736 1737 1738 1739 1740 1741 1742 1743