ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ លោក លី សំរិទ្ធ អភិបាលរង ខេត្តសៀមរាប តំណាង ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានទទួលអំណោយគ្រោះមហន្តរាយពីឯកឧត្តម ឡាំ អេងហួត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្ភារៈដែលត្រូវទទួលមាន អង្ករ២៥គ.ក ៣០០ការ៉ុង និងមី ៣០០កេះ ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចាត់ចែងជួយដល់គ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
មានប្រសាសន៍នោះផងដែរ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍ក្នុងនាមតំណាងប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តសៀមរាប សម្តែងនូវអំណរគុណ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានយកចិត្តទុក្ខដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋកំពុងជួបការលំបាកនិងជនងាយរងគ្រោះ មានជីវភាពខ្វះខាតក្រីក្រ ។ ឯកឧត្តម លី សំរឹទ្ធ ក៏បានគូសបញ្ជាក់ថាដោយតម្រូវការ ក្នុងការជួយសង្រ្គោះបងប្អូនរងគ្រោះ រដ្ឋបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិចាកនូវធនធាន ជាស្បៀង អាហារ សម្ភារៈចូលរួមជាមួយរដ្ឋបាលខេត្ត ដើមី្បមានលទ្ធភាព ជួយដល់គ្រួសារ ជនរងគ្រោះនៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប ។ លោក ភិបាលរងខេត្តក៏បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយធម្មជាតិ ទីណាបងប្អូនមានទុកលំបាក ទីនោះមានសម្តេចទាំងទ្វេរនៅជាមួយបងប្អូនជានិច្ច។