បើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី២៥


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ០៨រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៧ នៅ ទីវត្តរាជបូព៌ ខេត្តសៀមរាប មានបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត លើកទី២៥ ប្រព្រឹត្តទៅក្រោម ព្រះរាជអធិបតិ​ព្រះមហាវិមលធម្ម សិរីសុវណ្ណោ  ពិន សែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ។

ក្នុងកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍របស់លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត អំពីលទ្ធផល សកម្មភាពក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តសៀមរាប មានការអភិវឌ្ឍរីកចម្រើន នៅតាមបណ្តា វត្ត រួមទាំងការបណ្តុះបណ្តាលនូវធនធានមនុស្ស និង ការចូលរួមការងារសង្គមទៀតផង ។

ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានសម្តែងនូវគារវកិច្ច ប្រកបទៅដោយកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ ប្រគេនព្រះ មេគណខេត្តទាំងពីរគណៈ ព្រះអនុគណក្រុង ស្រុក ព្រះគ្រូចៅអធិការ ព្រមទាំងលើកឡើងការរីកចម្រើនលើវិស័យ ព្រះពុទ្ធសាសនាក្នុងខេត្ត ក្រោមដំបូលសុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។វិស័យព្រះពុទ្ធសាសនាមានការអភិវឌ្ឍទៅបាន ក្រោមកម្លាំងសាមគ្គីធម៌ដ៏ប្រសើររបស់ព្រះ សង្ឃ ពុទ្ធសាសនិក និង ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ។  ស្របទៅនឹងការ រីកចម្រើននេះដែរ ក៏មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដោយឈរលើទស្សនៈ ព្រះពុទ្ធសាសនាជាកម្លាំងដឹក នាំ ចរិយាធម៌សង្គមដ៏មានសក្តានុពល ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានគូសបញ្ជាក់ផងដែរ អំពីសន្តិសុខ សន្តិភាព គឺមិនមែន កើតឡើងឯងៗនោះទេ គឺក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា  ក្រោមគោលនយោបាយឈ្នះៗ ដឹក នាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យរបបនយោបាយដឹកនាំរបស់ ខ្មែរក្រហមត្រូវបានបញ្ចប់ និង ធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ និង ធានាបានសន្តិសុខ ស្ថេរភាពនយោបាយ និង ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើ ទើបធ្វើឲ្យគ្រប់វិស័យ ទាំងព្រះពុទ្ធចក្រ និង អាណាចក្រ មានការអភិវឌ្ឍមកដល់ពេលនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវសំណូមពរដល់អង្គមហាសន្និបាត ត្រូវធ្វើ មានការចាប់អារម្មណ៍ ទៅលើការពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រង អភិបាលកិច្ច និង គោរពប្រតិបត្តិធម៌វិន័យ និង ចូល រួមការងារសង្គមជាមួយរាជរដ្ឋាភិបាល សំខាន់លើការចូលរួមអប់រំសីលធម៌សង្គមឲ្យកាន់តែស៊ីជម្រៅ ដើមី្បទប់ស្កាត់ នូវរាល់អំពើអសកម្មទាំងឡាយរបស់យុវវ័យ ដោយផ្តោតទៅលើបញ្ហាការប្រើប្រាស់គ្រឿងញៀន ។ ឯកឧត្តមបណ្ឌិត នូ ផល្លា បានផ្តោតចំពោះបុព្វជិត ព្រះសង្ឃមួយចំនួន បានប្រព្រឹត្តប្រាស់ចាកពីពុទ្ធវិន័យរបស់ព្រះសង្ឃ ដែលបានចូលរួមបង្កឲ្យកើតមានភាពអសន្តិសុខ ភាពអាណាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាយ៉ាងធ្ងន់នៅក្នុងសង្គមកម្ពុជា ។ ម៉្យាងទៀតការធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ដោយប្រការណាមួយ គឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ខេត្តសៀមរាប  ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ និង ប្រជាជនខេត្តសៀមរាប ។ ព្រះសង្ឃទាំងឡាយដែលបានសាងព្រះផ្នូសជាបព្វជិក មិនត្រូវនិមន្តទៅចូលរួមប្រព្រឹត្តអំពើដែលប្រាស់ចាកពីច្បាប់របស់ព្រះសម្មាសាម្ពុទ្ធ ហើយត្រូវជៀសចាកឲ្យឆ្ងាយពីការចូលរួមបង្កឲ្យមានកើតភាពអសន្តិសុខ ដែលនាំមកនូវក្តីវិនាសអន្តរាយ និង បញ្ហាមួយចំនួនដល់សង្គមជាតិ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។  ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ដើមី្បសន្តិសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋានបានល្អ ទាំងបព្វជិក ពុទ្ធបរិស័យ ត្រូវចូលរួមធ្វើអប់រំណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ក្នុងផលប្រយោជន៍របស់សង្គម និង ជីវភាពប្រជាជនទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ បុព្វជិក ព្រះសង្ឃ និង ពុទ្ធបរិស័ទទាំងអស់ គឺត្រូវបំពេញតាកព្វកិច្ចជាពលរដ្ឋ សូមនិមន្ត និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤មិថុនា ឆ្នាំ២០១៧ខាងមុខនេះក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដែលត្រឹមត្រូវនឹងអាចបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានឃុំ សង្កាត់  ប្រកបដោយចេរភាព ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ដើម្បីធានាផលប្រយោជន៍របស់ប្រជាជាតិ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

133 134 135 136 137 138 139