សកម្មភាពបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់


ខេត្តសៀមរាប ៖ ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៧ គឺជាថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ឲ្យ គ្រប់គណបក្សនយោបាយទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការរៀបចំជាក្បួនដង្ហែរធ្វើការ ឃោសនា ផ្សព្វផ្សាយពីគោលការណ៍នយោបាយរបស់គណបក្សខ្លួន ដើមី្បស្វែងរកសម្លេងគាំទ្រគណបក្សខ្លួន នៅ ថ្ងៃខាងមុខ នាថ្ងៃទី ០៤ មិថុនា ឆ្នាំ២០១៧ ។ និយាយដោយឡែកនៅខេត្តសៀមរាប មានគ្រប់គណបក្សបានធ្វើ ការឃោសនា ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សខ្លួន ។ ក្នុងនោះបងប្អូនជាសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា មកពីបណ្តា សង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប និង ក្រុមការងារថ្នាក់ខេត្ត ក្រុង ឃុំ ប្រមាណជាង ៩ពាន់នាក់ បានមកជួបជុំគ្នានៅនឹងបរិវេណទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាប ដើមី្ប​បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។ ការជួបជុំគ្នានេះបានប្រព្រឹត្ត ទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល  ចុះជួយខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាសមាជិក ក្រុមការងារ គណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ចូលរួមយ៉ាងច្រើនកុះករ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ទេព ប៊ុនឆាយ ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនក្រុង បានធ្វើការបញ្ជាក់ថា ការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នេះ ស្របពេលដែលប្រជាជនយើងធ្វើការរំលឹកថ្ងៃទិវារំលឹកវិញ្ញាណក្ខ័ន្ត ។ លោកបានគូសបញ្ជាក់ ពីការពង្រឹងពង្រីកនូវរចនាសម្ព័ន្ធខ្សែរយៈអង្គការចាត់តាំង និង កសាងសមាជិក គណបក្សក្រុងមកដល់ថ្ងៃនេះ ។ ម៉្យាងទៀតគណបក្សនយោបាយដែលមានបេក្ខជនឈរឈ្មោះក្នុងការ បោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅខេត្តសៀមរាប មានចំនួន ០៧គណបក្សនយោបាយ ។

មានប្រសាសន៍សំណេះសំណាលក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧នេះ  ឯកឧត្តម ទៀ បាញ់ ក៏បានបញ្ជាក់ថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ។  ដើមី្បថែរក្សាការពាររាល់ សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស និង ដណ្តើមជោគជ័យធំៗ ក្នុងការថែរក្សាសន្តិភាព និង អភិវឌ្ឍមាតុភូមិ និង លើកស្ទួយជីវភាពរបស់ប្រជាជន។ ឯកឧត្តម ទៀ បាញ់ ក៏បានលើកឡើងពីគោលដៅចម្បងៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និង ជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព  ដែលជាគ្រឹះដ៏រឹងមាំក្នុងការសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍន៍ បម្រើប្រទេសជាតិ និង ប្រជាជនតទៅមុខទៀត ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍  ព្រមទាំងសូមឲ្យជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និង ចូលរួមអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិយើងទាំងមូលប្រកបដោយជោគជ័យ ។ ឯកឧត្តម ទៀ បាញ់ ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សប្រជាជន និង ជនរួមជាតិដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំសង្កាត់របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំចៅសង្កាត់  ក្នុងកិច្ចអភិវឌ្ឍបន្តបន្ទាប់ទៀត ។ ម៉្យាងទៀតបងប្អូនរក្សាឲ្យបាននូវភាពថ្លៃថ្នូរ និង ប្រកាន់ភ្ជាប់ភាពខន្តី ចំពោះការ ឃោសនាអកុសលនានា ពីសំណាក់មជ្ឈដ្ឋានខ្លះ ដែលវាយប្រហារមកលើគណបក្សប្រជាជន។ ក្នុងនោះដែរឯកឧត្តមក៏មានការ សង្ឃឹមជឿជាក់ថា គ្រប់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត និង មជ្ឈដ្ឋានផ្សេងៗទៀត និង ធ្វើឲ្យសកម្មភាព ក្នុងដំណាក់ការយុទ្ធនាការឃោសនា ក៏ដូចនៅពេលបោះឆ្នោត និង ក្រោយពេលបោះឆ្នោត នឹងអនុវត្តត្រឹមត្រូវតាមច្បាប់  និង និតិវិធីដែលបាន កំណត់ ព្រមទាំងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្នុងជំហរគោរពសិទ្ធិសេរីភាព ឆន្ទះ និងផលប្រយោជន៍របស់ប្រជាជនជាម្ចាស់ឆ្នោត

សូមបញ្ជាក់ផងដែរថា ក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ  បានប្រទ្ពឹត្តទៅនៅតាមដែនរដ្ឋបាលឃុំ សង្កាត់របស់ខ្លួន  ហើយបានធ្វើដំណើរឆ្ពោះទៅកាន់សង្កាត់ ព្រមទាំងមានការដង្ហែទៅតាមដងវិថីនានាក្នុងក្រុងសៀមរាប បានធ្វើការដង្ហែយ៉ាងអធឹកអធម ដោយមានការលាយ ឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹម សារអត្ថន័យ នៃគោលនយោបាយរបស់គណបក្ស ហើយក្បួនដង្ហែទាំងនោះក៏បានដង្ហែឆ្ពោះទៅកាន់ សង្កាត់រៀងៗខ្លួនផងដែរ ។  មធ្យោបាយចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនោះ មានរថយន្តតូច ធំ  ម៉ូតូ  ម៉ូតូរឺម៉ក់ ជាច្រើនគ្រឿងផងដែរ ។

ក្នុងនោះដែរយើងសង្កេតឃើញមានក្បួនដង្ហែរឃោសនា របស់បណ្តាគណបក្សនយោបាយផ្សេងៗដែល មានក្នុងខេត្ត តែពុំមានទ្រង់ទ្រាយធំកម្លូនអី្វទេ មានតែធ្វើការផ្សព្វផ្សាយទៅតាមរថយន្ត និង ម៉ូតូរឺម៉ក់តែប៉ុណ្ណោះ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78