ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ២០ ឧសភា ឆ្នាំ២០១៧នេះ នៅបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប មានប្រារព្វធ្វើទិវារំលឹក វិញ្ញាណក្ខ័ន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ពិធីនេះរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប ព្រមទាំងមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គរុសិស្ស សិស្សានុសិស្ស ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទប្រមាណជាង ៣ពាន់នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ទិវា ២០ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខ័ន្ធ បងប្អូនប្រជាជនខ្មែរ កម្មាភិ បាល យុទ្ធជនយុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាថ្ងៃធ្វើឲ្យប្រជាជនកម្ពុជាយើង មិនអាចបំភ្លេចបាន នូវប្រវត្តិជូរចត់រស់នៅក្នុងសមុទ្រឈាមនឹងទឹកភ្នែកហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប ។
ក្នុងពិធីនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ក៏បានបញ្ជាក់ផងដែរថា តាមការកំណត់របស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ហាមមិនឲ្យយកទីអារាមធ្វើកន្លែងជួបជុំរបស់គណបក្សនយោបាយនោះ តែជា ថ្ងៃ ដែលប្រជាជនយើងគ្រប់រូបមិនអាចបំភ្លេចបាន ដែលប្រជាជន អ្នកស្នេហាជាតិ បានស្លាប់ក្នុងរបបប្រល័យពូជ សាសន៍ ប៉ុល ពត ហើយទីវត្តនេះ ក៏មានវត្ថុតាងដែលតំកល់នូវអដ្ឋិធាតុ របស់ជនរងគ្រោះក្នុងសម័យនោះផងដែរ ។ ឯកឧត្តម ក៏បាន គូសបញ្ជាក់ថា ថ្វីត្បិតពេលវេលានៃអតីតកាលបានកន្លងផុត៣៨ឆ្នាំក៏ពិតមែន តែភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា នៅតែដិតដាមជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនយើងគ្រប់រូប នូវមហាវិនាសកម្ម របស់ប្រជាជនជាង៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងភាពអយុត្តិធម៌ និង អណោចអធមក្រៃលែង ។ ឯកឧត្តមបានបន្តទៀតថា ដោយបដិវត្តពណ៌នាថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ធ្វើប្រជាជនកម្ពុជារងគ្រោះមហន្តរាយដ៏ អណោចអធម ប្រាស់ព្រាត់ក្រុមគ្រួសារបងប្អូន និង ទទួលរងទុក្ខវេទនាមិនអាចពិពណ៌នាបានឡើយ ។ ដោយភាពវេទនាលំបាកនៃនរកអវចីនេះ ក៏មានកម្លាំងអ្នកស្នេហាជាតិបរិសុទ្ធ ដែលប្រសូទ្រចេញពីគណបក្សប្រជាជនកម្ពុជា បានបង្កើតនូវរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនិងពួកបនប្រល័យពូជសាសន៍ប៉ុល ពត រហូតទទួល បានជ័យជំនះនាថ្ងៃ ៧ មករា ១៩៧៩ បាននាំមកនូវសិទ្ធិសេរីភាពជូនប្រជាជន និង បន្តខិតខំស្តារកសាងប្រទេសពីគំនរផេះផង់ ឲ្យប្រែក្លាយមានការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រហូតដល់ពេលបច្ចុប្បន្ន ។ ឯកឧត្តម ទៀ បាញ់ ក៏លើកឡើងផងដែរថា សន្តិភាពដែល កម្ពុជាយើងទទួលបាននេះ មិនមែនកើតឡើងឯងៗនោះទេ រួមទាំងការអភិវឌ្ឍន៍ ការកសាងនូវសមិទ្ធិផលជូនជាតិមាតុ ភូមិ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅតាមបណ្តាមូលដ្ឋាន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។ ម៉្យាងទៀតក៏សូមឧទ្ទិសដល់ថ្ងៃទិវារំលឹកវិញ្ញាណក្ខ័ន្តនេះ ឲ្យប្រែក្លាយទៅជាកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន ។ ការប្រារព្វទិវារំលឹក វិញ្ញាណក្ខ័ន្ត ២០ឧសភានេះ ស្របពេលដែលគ្រប់គណ បក្សនយោបាយ បានបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងបានផ្តាំផ្ញើដល់ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤មិថុនាឆ្នាំ២០១៧ ដើមី្បជ្រើសរើសតំណាងរបស់ខ្លួនដែលទុកចិត្ត បន្តកិច្ចអភិវឌ្ឍភូមិឃុំទៅអនាគត ។
បន្តមកគណៈអធិបតី សមាជិកនៃអង្គពិធីទាំងមូល បានធ្វើការបូជាទៀន ធូក ដាក់នូវកម្រងផ្កាគោរពវិញ្ញណក្ខ័ន្ត ដល់ប្រជាជនកម្ពុជា អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបាននិមន្តព្រះសង្ឃ ៦៨អង្គ ប្រារព្វធ្វើពិធីសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និង បុព្វការីជន ដែលបានចែកឋានទៅដោយអំពើឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ឲ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅ ៕