ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាស និង សេចក្តីណែនាំពាក់ព័ន្ធ ដំណើរ ការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត អស់លោក លោកស្រីជាអាជ្ញាធរក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និង ស្មៀនឃុំ សង្កាត់ ចំនួន ២៥០នាក់ដែលបានចូលរួម ។
កិច្ចប្រជុំផ្សព្វផ្សាយប្រកាស និង សេចក្តីណែនាំពាក់ព័ន្ធ ដំណើរ ការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ (២០១៧.២០២២) គឺកិច្ចដំណើរការនៃការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ហើយនឹងត្រូវចូលកាន់ តួនាទី ស្របច្បាប់ទៅតាមបទដ្ឋានគតិយុត្តិ សំដៅដឹកនាំនិងគ្រប់គ្រងឃុំ សង្កាត់ ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូល ដ្ឋាន ការបំរើសេវាសាធារណៈ និង តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ ។
មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរពីការខិតខំរបស់អស់លោក លោកស្រីជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានទទួលការស្រឡាញ់ពេញចិត្ត និង គាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កន្លងមកនេះ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ អំពី ការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅថ្នាក់ក្រោមថ្នាក់ជាតិ ហើយនិយាយដោយឡែកនៅថ្នាក់ឃុំ សង្កាត់ គឺជាដំណើរការតាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ។ ឯកឧត្តម បណ្ឌិតបានបន្តទៀតថា អភិបាលកិច្ចល្អ គឺតម្រូវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើជាតំណាងឲ្យផលប្រយោជន៍របស់ប្រជា ពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលដៅ ធានាឲ្យមានការរីកចម្រើន សំខាន់គ្នុងគុណភាពនៃជីវភាពរស់នៅ តាមរយៈការ លើកកម្ពស់សេវាសង្គម ការកសាង និង ពង្រីកហេដ្ឋារចនាសម្ពន្ធសាធារណៈឲ្យកាន់តែប្រសើរឡើង និង ឆ្លើយតបជា មួយការអភិវឌ្ឍន៍នៅមូលដ្ឋានប្រកបដោយសមធម៌ មានចីរភាព ដើមី្បឈានឆ្ពោះទៅរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការណែនាំមួយចំនួន ដល់មន្ត្រីក្រុមប្រឹក្សា និង ស្មៀន ឃុំ សង្កាត់ ដែលត្រូវអស់អាណត្តិរបស់ខ្លួន ត្រូវត្រៀមលក្ខណៈក្នុងការផ្ទេរប្រគល់ នូវតួនាទី ភារកិច្ចរបស់ ខ្លួន ទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាណត្តិទី៤នេះ ។ ម៉្យាងទៀតចំពោះ មេភូមិដែលគ្រប់គ្រងដោយមេឃុំ ចៅសង្កាត់ ដែលទើបចូលកាន់តំណែង ក៏មិនអាចមានសិទ្ធដកមេភូមិចាស់ ហើយធ្វើការជ្រើសរើសមេភូមិថ្មីរបស់ខ្លួនដាក់បាននោះ ទេ លុះត្រាតែមេភូមិទាំងនោះ ធ្វើអ្វីខុសទៅលក្ខ័ន្តទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃណែនាំកន្លង ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវបទពិសោធន៍ និង អនុសាសន៍មួយចំនួន ដើមី្បជាប្រទីព សម្រាប់គ្រប់បណ្តាឃុំ សង្កាត់ ក្នុងធ្វើការផ្ទេរ ភារកិច្ចរបស់ខ្លួន ដើមី្បឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី យកទៅអនុវត្តបន្តទៀតផង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏ បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនក្រុមប្រឹក្សាឃុំ សង្កាត់ និង ស្មៀនទាំងអស់ ត្រូវបន្តនូវវប្បធម៌សាមគ្គីភាព សម្របសម្រួល មិនបែងចែកពណ៌ សម្បុល និង និន្នាការណ៍នយោបាយ តាមរយៈចូលរួមបំពេញការងារ ដើមី្បជម្រុញការអភិវឌ្ឍន៍មូល ដ្ឋានឲ្យកាន់តែប្រសើរឡើង ។ ម៉្យាងទៀតថ្នាក់ដឹកនាំនៅរដ្ឋបាលឃុំ សង្កាត់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ពិសេស ការបម្រើសេវាសាធារណៈជូនប្រជាជន និង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន និង ដើមី្បប្រែក្លាយសមទ្ធិផលទាំងនេះ បម្រើ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប