សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្តគម្រោងបណ្តាញការពារសុវត្ថិភាព


ខេត្តសៀមរាប ៖ អង្គសិក្ខាសាលាឆ្លុះថ្នាក់ខេត្ត ស្តីពីអនុវត្តគម្រោងបណ្តាញការងារសុវត្ថិភាព​គ្រួសារថ្នាក់ភូមិ ស្រុកគោលដៅ  ចំនួនពីរ ស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ត្រូវបានបើកក្រោមអធិបតីភាពរបស់ លោកស្រី យូ សុភា អភិបាលរងនៃ គណៈអភិបាលខេត្ត  លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះ យោបល់ស្ត្រី និង កុមារខេត្ត កាលពីព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយ មានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាតំណាងអង្គការ និង មន្ត្រី សិស្សានុសិស្ស មកពីស្រុកគោលដៅទាំង ពីរជាសិក្ខាកាម ។

ក្នុងកិច្ចស្វាគមន៍របស់លោក ភោគ ប៊ុនរឿន នាយករបស់អង្គការស៊ីកាស្វា បានបញ្ជាក់ថា គម្រោងនេះ មានគោលបំណងពង្រឹងប្រព័ន្ធការពារកុមារនៅ ក្នុងប្រទេសកម្ពុជា ជាពិសេសបណ្តាញកុមារថ្នាក់ភូមិ ដែលធ្វើឲ្យមាន ភាពងាយស្រួលដល់ជនរងគ្រោះ និង ងាយរងគ្រោះ ដោយអំពើហិង្សា សំខាន់នៅតាមសាលា សហគមន៍និង តាមផ្ទះ ដែលកំពុងអនុវត្តនៅខេត្តចំនួនពីរ គឺខេត្តសៀមរាប និង ខេត្តក្បូងឃ្មុំ  ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានោះលោកស្រី យូ សុភា ក៏បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់ លើកកម្ពស់ យល់ដឹងអំពីបរិយាប័ន្ន និង សីលធម៌ ដោយស្វែងយល់ពីតម្រូវការ និង ផ្តល់ការគាំទ្រដល់ស្ត្រី យុវវ័យ កុមារ និង ជនរងគ្រោះ  សំខាន់ចូលរួមក្នុងការពង្រឹងភាពអង់អាចដល់ស្ត្រី ជាថ្នាក់ ដឹកនាំនៅគ្រប់លំដាប់ថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ លោកជំទាវបានបន្តទៀតថា អង្គសិក្ខាសាលានេះ ក៏ជាគោល បំណង ដើមី្បបង្ហាញអំពីតួនាទី ការទទួលខុសត្រូវ នៃការអនុវត្តគំរូល្អ របស់បណ្តាញសុវត្ថិភាពគ្រួសារថ្នាក់ភូមិ ទៅអ្នក ពាក់ព័ន្ធ និង ទទួលយកនូវអនុសាសន៍បន្ថែម ពីអង្គសិក្ខាសាលា ដើមី្បបណ្តាញសុវត្ថិភាពគ្រួសារថ្នាក់ភូមិ ឲ្យកាន់តែ មានប្រសិទ្ធភាព ។ លោកស្រី យូ សុភា បានលើកផងដែរថា តាមរយៈកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ (២០១០.២០១៩) ដោយបានកំណត់នូវចក្ខុវិស័យ គោលដៅ គោលបំណង សកម្មភាព និង ដំណាក់កាលនានាក្នុងរយៈពេលវែង នៃការធ្វើស្ថាប័នភាវូបនីយកម្ម តាមរយៈច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងក្របខ័ណ្ឌការងារ ផ្នែកនយោបាយ និង រដ្ឋបាលថ្មីមួយ និង ការគ្រប់គ្រង ការផ្តល់សេវា  និង វិនិយោគជូនប្រជាពលរដ្ឋ ។ លោកជំទាវបានបន្តទៀតថា កិច្ចការបារកុមារ គឺជាវិស័យដ៏ចម្បងមួយ ដែលមាន លក្ខណៈពហុវិស័យ ត្រូវមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធស្តីពីសិទ្ធិកុមារ ។  ជាមួយនឹងការយកចិត្តទុកដាក់លើសិទ្ធិ  លើការការបារ ថែរក្សាបានត្រឹមត្រូវ រួមទាំងការបញ្ចូលសិទ្ធិចូលរួមក្នុងសហគន៍ ជាមួយការថែទាំពីឪពុកម្តាយ  មនុស្ស ទាំងអស់ ត្រូវការអាហារចាំបាច់ និង ការអប់រំ ថែទាំសុខភាព និងការពារច្បាប់ ការរំលោភបំពានលើកុមារ ការពារ អាយុជីវិត និង ការអភិវឌ្ឍន៍របស់កុមារ ។ លោកស្រី យូ សុភា ក៏មានសង្ឃឹមផងដែរថា អស់លោក លោកស្រី នឹង បានយកចិត្តទុកដាក់ ក្នុងកិច្ចពិភាក្សាទៅលើប្រធានបទដែលអង្គសិក្ខាសាលាលើកឡើង ​ព្រមទាំងបន្តស្វែងយល់អំពី បញ្ហាប្រឈម ដើមី្បធ្វើឲ្យបណ្តាញសុវត្ថិភាពគ្រួសារថ្នាក់ភូមិ អនុវត្តកាន់តែមានប្រសិទ្ធភាពសម្រាប់កុមារនៅតាមមូល ដ្ឋាន ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើ ដល់អង្គសិក្ខាសាលាទាំងមូល រួមទាំងអង្គការដៃគូពាក់ព័ន្ធ  ក្នុងការជម្រុញឲ្យ ការងារបណ្តាញសុវត្ថិភាពគ្រួសារថ្នាក់ភូមិ អនុវត្តកាន់តែមានប្រសិទ្ធភាពសម្រាប់កុមារ និង បង្កើនភាពអង់អាចដល់​ស្រ្តី យុវវ័យ និង ជនងាយរងគ្រោះឲ្យកាន់តែមានភាពប្រសើរឡើង ។ ម៉្យាងទៀត ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងរបស់ប្រជាពលរដ្ឋ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថា ( ស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និង សង្គមជាតិ  ស្រ្តីជាមាតានៃពិភពលោក រីឯយុវវ័យ និង កុមារ គឺជាសសរស្តម្ភដ៏រឹងមាំនៃសង្គមជាតិ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

26 27 28 29 30 31 32