ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៧នេះ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០១៧ និង ទិសដៅអនុវត្តបន្ត ដើមី្បត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់គោលដៅឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥នេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។
តាមលទ្ធផលនៃសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ពីការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភាព ក្នុងឆមាសទី១ ឆ្នាំ២០១៧ រដ្ឋបាលខេត្តសៀមរាបរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រដ្ឋបាលខេត្តបានធ្វើការអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ និង សមិទ្ធផលនានាទៅលើចំណោទបញ្ហារបស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានដោះស្រាយ មួយចំនួននៅមិនទាន់បានដោះស្រាយ ព្រមទាំងបានលើកនូវទិសដៅរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត អនុវត្តបន្តប្រចាំឆមាសទី២ ឆ្នាំ២០១៧ផងដែរ ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយតាមមូលដ្ឋានក្រុង ស្រុក ដែលបានលើកឡើងពីលទ្ធផលអនុវត្តបាន និង បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរួចមក កិច្ចប្រជុំទាំងមូលក៏បានធ្វើការពិភាក្សា ផ្លាប់ប្តូរនូវមតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ សម្រាប់ក្រុមការងារយកទៅអនុវត្តន៍នៅតាមមូលដ្ឋាន ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ។ ក្នុងនោះអង្គប្រជុំបានធ្វើការកែតម្រូវនូវខ្លឹមសារ អត្ថន័យ នៃរបាយការណ៍ឆមាសទី១ អំពីឃ្លាប្រយោគ ពាក្យពេជ្ជ អក្ខរាវិរុទ្ធជាដើម ព្រមទាំងលើកឡើងនូវកត្តាសំខាន់ៗមួយចំនួន ដែលក្រុមការងារ បានជួបប្រទះជាបញ្ហាកន្លងមកផងដែរ ។
មានមតិបូកសរុបបិទកិច្ចប្រជុំនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើង កោតសរសើពិកិច្ច ខិតខំយកចិត្តទុកដាក់របស់មន្ត្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និង ស្រុក ដែលបានអនុវត្តក្នុងមួយឆមាសមកនេះ បាន ទទួលលទ្ធផលគួឲ្យកត់សម្គាល់ ។ ឯកឧត្តមក៏បានលើកផងដែរ អំពីសកម្មភាពនៃកិច្ចដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រព្រឹត្តទៅប្រកបដោយភាពរលូន និង ធានាបានសន្តិសុខ សុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ ក្នុងពេលបោះឆ្នោតប្រកបទៅដោយប្រជាធិបតេយ្យ ។ ក្នុងដែរឯកឧត្តមក៏បានលើកផងដែរអំពីបញ្ហាមួយចំនួន ដែលក្រុមទុត្ថិនិយម ដែលមានបំណងបង្កនូវភាពអសន្តិសុខនៅក្នុងសង្គម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវបន្តនូវប្រជាប្រីយ៍ភាពរបស់ខ្លួន លើការដោះស្រាយនូវរាល់បញ្ហា និង រាល់តម្រូវការ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន អំពីទុក្ខកង្វល់របស់ពួកគាត់ជាម្ចាស់ឆ្នោត ។ ក្នុងនោះឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ និង វិធានការមួយចំនួន ជាយន្តការក្នុងការអនុវត្តបន្ត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខផងដែរ ។ កត្តាសំខាន់ចំពោះមុខនោះ ត្រូវធ្វើការដោះស្រាយបញ្ហា និង តម្រូវការរបស់ប្រជាពលរដ្ឋ ដោយមានកិច្ចសហការ ពីគ្រប់ជំនាញពាក់ព័ន្ធទាំងអស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រនូវរាល់វិធានការ របស់អាជ្ញាធរជាតិអប្សរា រាល់ការអនុវត្តតាមគោលការណ៍ច្បាប់របស់អង្គការយូនីស្កូ ក្នុងការថែរក្សាអភិរក្ស តំបន់រមណីយដ្ឋានអង្គរ សំខាន់បញ្ហាសំណង់អាណាធិបតេយ្យនៅក្នុងតំបន់អង្គរ តំបន់១ និង តំបន់២ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះសោភណ្ឌភាពប្រាសាទបុរាណ ។ ឯកឧត្តមក៏បានធ្វើការជម្រុញដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ក្រុង ស្រុក និង កម្លាំងសមត្ថកិច្ច កងកម្លាំងទាំងអស់ ត្រូវកិច្ចសហការគ្នា ក្នុងការអនុវត្តគោលការណ៍ច្បាប់របស់អង្គការយូនីស្កូ ទៅតាមគ្រប់រូបភាព និង វិធានការ ក្នុងការរុះរើសំណង់អាណាធិបតេយ្យក្នុងតំបន់អង្គរឲ្យខាងតែបាន ដើមី្បធ្វើការទប់ស្កាត់នូវ រាលហានីភ័យណាមួយកើតឡើង ចំពោះសេដ្ឋកិច្ចជាតិ ។ ម៉្យាងទៀតការចុះរុះរើនេះ ក៏សូមឲ្យអាជ្ញាធរជាតិអប្សរា ត្រូវធ្វើ ការត្រួតពិនិត្យផងដែរ ចំពោះសំណង់មួយចំនួនរបស់ប្រជាពលរដ្ឋដែលមានស្ថិតនៅទីតាំងចាស់ ក្នុងការប្រកបរបរចិញ្ចឹម ជីវិត ហើយចំពោះការកាប់ទន្រ្ទានព្រៃយកដីសាងសង់ផ្ទះនៅតំបន់អង្គរ គឺត្រូវអនុវត្តទៅតាមផ្លូវច្បាប់ដែលបានកំណត់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប