ពិធីប្រកាសចូលកាន់មុខតំណែងស្នងការនគរបាលខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧ មានធ្វើពិធីប្រកាស តែងតាំងលោកវរៈសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប ទៅជាស្នងការនគរបាលខេត្ត សៀមរាប ជំនួសលោកឧត្តមសេនីយ៍ត្រី ហ៊ូ រ៉ាន់នី ស្នងការចាស់ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ភារកិច្ចថ្មី ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីនគរបាល ជាតិផងដែរ ។

យោងតាមខ្លឹមសារនៃសេក្តីប្រកាសផ្ទេរភារកិច្ច និង តែងតាំង របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភាកិច្ច លោកឧត្តមសេនីយ៍ត្រី ហ៊ូ រ៉ាន់នី ដែលជា ស្នងការនគរបាលខេត្តសៀមរាបចាស់ ឲ្យទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និង តែងតាំង លោក វរៈសេនីយ៍ឯក ទិត្យ ណារ៉ុង  ជាស្នងការនគរបាលខេត្តសៀមរាប ។

បន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោកស្នងការនគរបាលខេត្តដែលទើបតែងតាំងថ្មីរួចមក មានប្រសាសន៍នោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានចូលរួមចែករំលែក និង ផ្តល់នូវចំណេះដឹង បទពិសោធន៍មួយចំនួន សម្រាប់លោកស្នងការនគរបាលថ្មី ដែលត្រូវចូលកាន់មុខតំណែង ដើមី្បជាប្រទីបនៃមូលដ្ឋានគ្រឹះ ក្នុងការអនុវត្ត ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ក៏ដូចជាការដឹកនាំការងារជំនាញរបស់ខ្លួនឲ្យទទួលបានជោគជ័យ ។ ត្រូវ ពង្រឹងលើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋាន និង ធានាសន្តិសុខ សុវត្ថិភាព​ ជូន ដល់ថ្នាក់ដឹកនាំ ប្រតិភូជាតិ អន្តរជាតិ និង ភ្ញៀវទេសចរណ៍  ព្រមទាំងពង្រឹងប្រពៃណីសាមគ្គីភាពផ្ទៃក្នុង និង មានកិច្ចសហការល្អជាមួយបណ្តាមន្ទីរ អង្គភាព និង អាជ្ញាធរមូលដ្ឋាន ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រកាសចូលកាន់តំណែងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងផងដែរ អំពីចំណុចសំខាន់ៗ ទៅលើការដោះដូរមន្ត្រីស្នងការនគរបាលខេត្ត និង ការផ្ទេរភារកិច្ចរបស់ស្នងការចាស់ នៅពេលនេះ គឺដើមី្បបំពេញទៅតម្រូវការចាំបាច់របស់អាជ្ញាធរមូលដ្ឋាន  ហើយចំពោះឋានន្តរស័ក្តិអ្នកទាំងពីរ អគ្គស្នងការនឹងធ្វើការកែសម្រួលជាបន្តទៀតផង ។ ឯកឧត្តមនាយឧត្តម សេនីយ៍ ក៏បានឯកភាពទៅលើរបាយការណ៍ របស់លោកស្នងការចាស់បានលើកឡើង អំពីលទ្ធផល និង សមទ្ធិ ផលដែលបានអនុវត្តកន្លងមក  ព្រមទាំងមានការជឿជាក់លើការដឹកនាំរបស់ស្នងការនគរបាលខេត្តសៀមរាប ដែលមានកិច្ចរួមសាមគ្គី សហការគ្នាបានល្អ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិសាស្រ្ត មួយនេះ ។ ឯកឧត្តម នេត សាវឿន ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាគោលដៅនៃភ្ញៀវទេសចរណ៍ លើពិភពលោក ចូលមកទស្សនាកម្សាន្ត ដែលជាខេត្តសម្បូរទៅដោយសម្បត្តិបេតិកភណ ប្រាង្គប្រាសាទបុរាណ និង រមនីយដ្ឋានធម្មជាតិ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា ដោយកត្តានេះហើយ ដែលជាភារកិច្ច​របស់កងកម្លាំងសមត្ថកិច្ចយើងដែលត្រូវ បង្កើនយកការទុកដាក់ខ្ពស់ លើសន្តិសុខទេសចរណ៍ ។ ឯកឧត្តមក៏ បានឯកភាពទៅលើរាល់ចំណុចសំខាន់ៗ ដែលអាជ្ញាធរខេត្ត និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន លើកឡើងនោះ ពីព្រោះថា កម្លាំងនគរបាល គឺជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺត្រូវ គោរព និង អនុវត្តទៅតាមបទបញ្ជារបស់ខេត្ត ។ ក្នុងនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ សម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើក នូវគោលដៅសំខាន់ៗចំពោះមុខផងដែរ ។  ឯកឧត្តមក៏បានធ្វើការផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំង អស់ សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែ ប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋ និង ត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៩ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ម៉្យាងទៀតលោកស្នងការថ្មី ត្រូវអនុវត្តឲ្យបាន ពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្នុងការកាត់បន្ថយនូវភាពឈឺចាប់របស់ប្រជាពលរដ្ឋ ។ កត្តាសំខាន់ចំពោះមុខ លើការងារ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និង ពង្រឹងវិន័យ និង លើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្ត ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

1932 1933 1934 1935 1936 1937 1938 1939 1940 1941 1942 1943 1944 1945 1946