ជម្ងឺភ្នែកជាចំណោទបញ្ហាសម្រាប់យើងគ្រប់ៗគ្នា


ខេត្តសៀមរាប ៖ ការចុះបំពេញបេសកកម្មរបស់កម្មវិធីព្យាបាលសប្បុរសធម៌ ដំណើរនៃពន្លឺចិនហាយណាម កម្ពុជា សៀមរាប របស់ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះមកធ្វើការព្យាបាលជម្ងឺភ្នែកឡើងបាយ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានធ្វើពិធីបើកដំណើរ ការ ដំណើរនៃពន្លឺចិនហាយណាន កម្ពុជា (សៀមរាប) ក្រោមអធិបតីភាពលោក សង់ រីហា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិន ដោយមានការចូល រួមពីតំណាងរដ្ឋទូតចិនប្រចាំកម្ពុជា ក្រុមគ្រូពេទ្យខេត្តហាយណាន និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ។

ក្នុងកិច្ចស្វាគមន៍នោះឯកឧត្តម ឯក សំអុល ក៏បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧នេះ ក្រុម គ្រូពេទ្យហាយណាន បានចុះមកធ្វើការពិនិត្យ ព្យាបាល វះកាត់ ជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប និង ខេត្តកំពុងចាម មានចំនួនបីលើមកហើយ ។  ភ្នែកគឺជាកត្តាដ៏សំខាន់សម្រាប់យើងគ្រប់គ្នាប្រើប្រាស់ ប្រចាំថ្ងៃនៃជីវិត ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ជម្ងឺភ្នែកឡើងបាយ សូមមកធ្វើការពិនិត្យ ព្យាបាល ជាមួយក្រុមគ្រូពេទ្យសប្បុរសធម៌ ដំណើរនៃពន្លឺចិនហាយណាន កម្ពុជា ដោយមិនគិតកម្រៃឡើយ ។

តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យស្ម័ត្រចិត្តខេត្តហាយណាន បានឲ្យដឹងថា ខេត្តសៀមរាប និងហាយណាន មានសម្ព័ន្ធមេត្រីភាពនឹងគ្នា លើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និង​ធ្វើការជម្រុញនូវកិច្ចសហការផ្នែកវេជ្ជសាស្ត្រ រវាងខេត្តហាយណាន និង សៀមរាប ក្នុងការទ្រទ្រង់សុខមាលភាពរបស់ប្រជាពលរដ្ឋ ។ លោកក៏បានបន្តទៀតថា បេសកកម្មរបស់ក្រុមគ្រូពេទ្យខេត្តហាយណាន បានអនុវត្តកម្មវិធីព្យាបាលសប្បុរសធម៌ ដំណើរនៃពន្លឺ ពីឆ្នាំ២០១៦ ដល់២០១៧នេះ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលភ្នែកមានបញ្ហា មើលមិនឃើញ ឬភ្នែកឡើងបាយ ដោយ ព្យាបាលមិនគិតកម្រៃ នៅខេត្តសៀមរាប និង កំពុងចាម ដោយបានពិនិត្យអ្នកជម្ងឺ បានចំនួន១ពាន់៧៦២នាក់ និង ធ្វើការវះកាត់ ព្យាបាល បានចំនួន ៣៧១នាក់ ដោយទទួលអត្រាជោគជ័យ១០០%  ។  ដើមី្បពង្រឹងនូវចំណងមិត្ត ភាពប្រពៃណីសាមគ្គីភាពរវាងប្រទេសទាំងពីរ ក៏ដូចខេត្តទាំងពីរផងនោះ ខេត្តហាយណាន​ក៏បានផ្តល់នូវបរិក្ខាពេទ្យ សម្រាប់ព្យាបាលភ្នែក ដល់មន្ទីរពេទ្យបង្អែកខេត្ត ដែលមានតម្លៃសរុប ១៧៣ពាន់៥០០ដុល្លា ។

មានប្រសាសន៍ក្នុងឱកាសនោះក្នុងនាមឯកឧត្តម​ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តលោក សង់ រីហា ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប និង ខេត្តហាយណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាព ក្នុងកិច្ចសហប្រតិបត្តិការគ្នា និង មានការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ ព្រមទាំងផ្តល់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក លើវិស័យវប្បធម៌ កសិកម្ម អប់រំ និង សុខាភិបាល ទេសចរណ៍ ។ ឯកឧត្តមបានបន្តទៀតថា សកម្មភាព មនុស្សធម៌ របស់ក្រុមគ្រូពេទ្យសប្បុរសធម៌ នៃពន្លឺចិនហាយណាន ជាការចូលរួមក្នុងកាត់បន្ថយភាពក្រីក្រនៅ កម្ពុជា សំខាន់នៅតាមបណ្តាមូលដ្ឋានជនបទ ។ ឯកឧត្តមក៏បានផ្តល់នូវឱវាទ និង ដំបូន្មាន ដល់ប្រជាពលរដ្ឋ អំពីការយកចិត្តទុកដាក់អំពីសុខភាព អនាម័យ ឲ្យកាន់តែបានជ្រួតជ្រាបអំពីបញ្ហាភ្នែករបស់ក្រុមគ្រូពេទ្យដែលបានណែនាំ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ម៉្យាងទៀតបញ្ហាសុខភាព គឺជាកត្តាចំបង និងមានសារៈសំខាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃ ក៏អាស្រ័យដោយសុខភាពរឹងមាំ កម្លាំងគ្រប់គ្រាន់ គឺគ្មានជម្ងឺ   ដើមី្បឲ្យសុខភាពបានល្អប្រសើរ យើងទាំងអស់គ្នាត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយប្រកាន់ខ្ជាប់ នូវការរស់នៅស្អាត ផឹកស្អាត ហូបស្អាត និង មានអនាម័យ ដើមី្បបង្កាជម្ងឺឆ្លងផ្សេងៗដល់ភ្នែកទៀតផង  នឹង សូមឲ្យក្រុមគ្រូពេទ្យស្ម័ត្រចិត្តចិនហាយណាន ជួយបន្តការវះកាត់ និង ព្យាបាលភ្នែក ​ជម្ងឺផ្សេងៗ ជូនដល់ប្រជាពលរដ្ឋកម្ពុជា សំខាន់ប្រជាពលរដ្ឋនៅខេត្ត សៀមរាប។ ម៉្យាងទៀតសម្រាប់ទៅអនាគតខេត្តយើងទាំងពីរ នឹងបន្តពង្រឹងកិច្ចសហការនឹងគ្នាលើវិស័យវេជ្ជសាស្ត្រ ទេសចរណ៍ ពាណិជ្ជកម្ម  អប់រំ និង វិស័យដទៃទៀត ដើមី្បជម្រុញនូវការអភិវឌ្ឍន៍ជាមិត្តភាព តាមគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ព្រមទាំងពង្រឹងចំណងមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរទៅអនាគតផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

26 27 28 29 30 31 32 33 34 35