ព្រៃលិចទឹកជាកត្តាសំខាន់សម្រាប់យើងទាំងអស់គ្នា


ខេត្តសៀមរាប ៖ ក្នុងដំណើរចុះទៅបំពេញបេសកកម្ម​ របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅលើទឹកដីភូមិសាស្ត្រឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ក្នុងការពិនិត្យមើលពីវឌ្ឍនភាព នៃកិច្ច អភិវឌ្ឍន៍របស់ភូមិ ឃុំ នាពេលកន្លងមក កាលពីព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០១៧ រួមដំណើរដោយអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ និង មន្ត្រីរាជការផងដែរ ។

តាមការបញ្ជាក់របស់លោកមេឃុំកំពង់ភ្លុកបានឲ្យដឹងថា ឃុំកំពង់ភ្លុក​ មានភូមិ៣ មាន ៨៣៨គ្រួសារ និង ប្រជាពលរដ្ឋសរុប ៣ពាន់៦៤៣នាក់ ជាប្រជានេសាទ ៧៥% ,ប្រតិបត្តិករទេសចរណ៍ ២៥% និង អ្នកកែច្នៃ ជួសជុល៥% ហើយមានឈ្មោះបោះឆ្នោត ២ពាន់២៧៦នាក់ អ្នកចុះឈ្មោះបោះឆ្នោតថ្មីបាន៧០នាក់   ។  ម៉្យាងទៀតបងប្អូននូវក្នុងឃុំកំពង់ភ្លុកទាំងមូល បានពឹងផ្អែកក្នុងការរស់នៅគឺអាស័្រយផលពីការធ្វើនេសាទនៅក្នុងបឹងទន្លេសាប និងសេវាកម្មទេសចរណ៍ចូលមកទស្សនាកម្សាន្ត  ប្រជាពលរដ្ឋមួយចំនួនក៏បានទទួលនូវដីសម្បទាន សង្គមកិច្ច​នៅស្រុកស្វាយលើផងដែរ ។

ក្នុងដំណើរចុះពិនិត្យនោះពីវឌ្ឍនភាពនៅថ្នាក់ឃុំនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាប្រតិបត្តិករទេសចរណ៍នាឱកាសនោះ ក៏បានបញ្ជាក់ថា បឹងទន្លេ សាប គឺជាទីជង្រុកត្រីទឹកសាបដ៏ធំនៅក្នុងតំបន់អាស៊ី ហើយក៏ជាដង្ហើមនៃសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់បងប្អូនប្រជានេសាទយើង ដែលពឹងផ្អែកនិងអាស្រ័យផលពីការនេសាទ ។  ម៉្យាងទៀតដើមី្បឲ្យធនធានមច្ឆាជាតិយើងបាននៅគង់វង្សនោះ ទាំងប្រជាជន និង ប្រជានេសាទទាំងអស់គ្នា ត្រូវរួមគ្នាធ្វើការអភិរក្សថែរក្សានូវសម្បត្តិធនធានធម្មជាតិ បរិស្ថាន នៅក្នុងតំបន់បឹងទន្លេសាប ដែលជាតំបន់សម្បូរទៅជីវៈចម្រុះ ដែលជាជង្រុកត្រីដ៏ធំនៅកម្ពុជា និង ជម្រកសត្វស្លាបទឹក ព្រមទាំងព្រៃលិចទឹកប្រកបដោយសោភណ្ឌភាពស្រស់ត្រកាល បានកំពុងទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ព្រៃលិចទឹកជាកត្តាសំខាន់សម្រាប់យើងទាំងអស់គ្នា  ដែលជាជម្រកត្រីពងកូន និង ទីជម្រករកចំណីរបស់សត្វត្រី ព្រមទាំងជារនាំងបាំងនូវគ្រោះធម្មជាតិរបស់ប្រជាជនក្នុងឃុំកំពង់ភ្លុក  រួមទាំងជាទីជម្រកស្នាក់អាស្រ័យរបស់សត្វស្លាបទឹកគ្រប់ប្រភេទ និង ជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ដែលជាប្រភពចំណូលរបស់បងប្អូនក្នុងឃុំកំពង់ភ្លុកនេះទៀត ផង ។ ដូច្នេះយើងត្រូវចេះធ្វើការថែរក្សា ការពារសម្បត្តិធនធានធម្មជាតិទាំងនេះ ដែលជាផលប្រយោជន៍សម្រាប់កូនចៅខ្លួនទៅថ្ងៃអនាគត ។ សំខាន់ទប់ស្កាត់ឲ្យបានចំពោះការកាប់រានទន្រ្ទានយកដីធ្វើកម្មសិទ្ធ ការដុះបំផ្លាញព្រៃលិចទឹក ការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ និង ការប្រើប្រាស់ថ្នាំពុល និង ចាប់សត្វស្លាបជាដើម  ។  ឯកឧត្តមបណ្ឌិត ក៏បានឲ្យដឹងផងដែរថា ដើមី្បដោះស្រាយតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋឃុំកំពង់ភ្លុកនោះ អាជ្ញាធរខេត្តបានធ្វើការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ប្រកបការងារកសិកម្ម និង សាងសង់លំនៅដ្ឋាននៅស្រុកស្វាយលើ ហើយក៏មានបងប្អូនយើងមួយចំនួនបានទៅប្រកបការងារកសិកម្មនៅទីនោះផងដែរ ។  ដោយបងប្អូននៅក្នុងកំពង់ភ្លុកនេះ នៅរដូវស្សារស់នៅលើទឹក និង នៅរដូវប្រាំងគ្មានដីធ្វើការដាំដុះឡើយ ហើយក៏ជាការកាត់បន្ថយ និង លុបបំបាត់ការកាប់បំផ្លាញព្រៃលិចទឹក និង បទល្មើសនេសាទផងដែរ ។  ក្នុងនោះឯកឧត្តមបណ្ឌិត ក៏ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត និង អាជ្ញាធរស្រុក ឃុំ ត្រូវធ្វើការបញ្ចុះមន្ត្រីជំនាញ មកធ្វើការ បណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ នូវបច្ចេកទេសធ្វើការដាំដុះដំណាំ បន្លែបង្កា ដើមី្បធ្វើការផ្គត់ផ្គង់ដល់ទីផ្សារនៅ ក្រុងសៀមរាប ក្នុងការបង្កើននូវមុខរបរដល់ពួកគាត់នៅពេលរដូវទឹកសម្រក ក្នុងការរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារ ក្រៅពីការងារនេសាទ ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភដល់បងប្អូនប្រតិបត្តិករទេសចរ ដែលសុទ្ធសឹងជា មេគ្រួសារ ក្នុងការបម្រើសេវាកម្មទេសចរណ៍ អុំទូកដឹកភ្ញៀវទេសចរណ៍នៅក្នុងសហគមន៍កំពង់ភ្លុកនេះ ម្នាក់ៗ ២ ម៉ឺនរៀលផងដែរ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តដំណើរចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ផ្លូវមួយខ្សែរ តភ្ជាប់ពីឃុំរកា ទៅឃុំកំពង់ភ្លុក ដែលមានប្រវែង១៣គីឡូម៉ែត្រ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលស្ថាបនាដោយក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដោយបានធ្វើការស្ថាបនាក្នុង ជំហានទី១និងទី២នេះ ក្នុងប្រវែង ៣ពាន់៦០០ម៉ែត្រ និងធ្វើឲ្យបានរួចរាល់បានមុនទឹកទន្លេឡើងមកដល់ផងដែរ ។  ក្នុងនោះឯកឧត្តម បណ្ឌិតក៏បានធ្វើការកោតសរសើរផងដែរ ពីកិច្ចខិតខំរបស់ក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែនសៀមរាប ដែលបានខិតខំបំពេញភារកិច្ច ក្នុងការស្ថាបនាផ្លូវនេះឡើង ជាការឆ្លើយតបទៅនឹងរាល់សំណូមពរ តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ក៏ដូចស្រុកប្រាសាទបាគងទាំងមូល ក្នុងការដឹកជញ្ជូនដំណាំ កសិផល និង ផលនេសាទ របស់ប្រជានេសាទផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 2046 2047 2048 2049 2050 2051 2052 2053 2054 2055 2056 2057 2058 2059 2060