ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញចូលរួម បើកកេសវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ


ខេត្តសៀមរាប ៖ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៧ គឺជាថ្ងៃដែលសិស្សានុសិស្សថ្នាក់ទី១២ គ្រប់វិទ្យាល័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រឡងបញ្ចប់នូវមធ្យមសិក្សាទុតិយភូមិ ដើមី្យយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប ក៏មានការចុះត្រួតពិនិត្យបើកកេសដាក់វិញ្ញាសារប្រឡង នៅគ្រប់មណ្ឌលប្រឡងទាំង១១ ក្នុងខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប ចុះនៅមណ្ឌលវិទ្យាល័យ១០មករា១៩៧៩ ព្រមទាំងវត្តមាន ពី​សំណាក់ឯកឧត្តម  លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្តសៀមរាប អស់លោក លោកស្រីជា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និង អ្នកស្ម័ត្រចិត្តសង្កេតការណ៍ នៅតាមមណ្ឌលប្រឡងទាំង១១ក្នុងខេត្តសៀមរាបផងដែរ  ។

តាមសេចក្តីរាយការណ៍របស់មន្ទីរអប់រំយុវជន និង កីឡាខេត្ត លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ឆ្នាំសិក្សា២០១៦.២០១៧នេះ មានសិស្សដាក់ពាក្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួនសរុប ៧ពាន់១១៣នាក់ ស្រី ៣ពាន់៩៦៤នាក់ ដែលមានមណ្ឌលប្រឡង ចំនួន១១មណ្ឌល មានបន្ទប់ចំនួន ២៨៦បន្ទប់ ក្នុងនោះវិទ្យាសាស្ត្រ ចំនួន ៦មណ្ឌលស្មើ១៥១បន្ទប់ , វិទ្យាសាស្ត្រសង្គម ៥មណ្ឌល ស្មើ១៣៥ បន្ទប់ ។  ក្នុងនោះសិស្សចំណេះទូទៅ ៥ពាន់៤៥៦នាក់ ស្រី ៣ពាន់១៣៣នាក់ បេក្ខជនស្វ័យរិនចំណេះទូទៅ ៧៦៦នាក់ ស្រី៣៨៤នាក់ និង បំពេញវិជ្ជា ៨៩១នាក់  ស្រី៤៤៧នាក់ បើប្រៀបធៀបទៅឆ្នាំសិក្សា២០១៥.២០១៦ មានការកើនឡើង ៦,៨៦% ។ ឆ្នាំនេះក៏មានគណៈកម្មការបច្ចេកទេស អនុរក្សនិងផ្នែកកំណែចំនួនសរុប១ពាន់២៨៦នាក់ ។

ក្នុងពិធីបើកកេសវិញ្ញាសារប្រឡងនោះ  យើងសង្កេតឃើញឯកឧត្តម  លោកជំទាវ  ក្រុមប្រឹក្សាខេត្ត    គណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ជាគណៈកម្មការបច្ចេកទេស និងអនុរក្ស ព្រមទាំងក្មួយៗសិស្សានុសិស្សជាបេក្ខជនទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សានៅកម្រិតថ្នាក់មហាវិទ្យាល័យ សកលវិទ្យាល័យបន្តទៀត ។  ម៉្យាងទៀតវិញ្ញាសារប្រឡងដែលក្មួយៗ  បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំក៏មិនបានធ្វើឲ្យមានបញ្ហាអ្វីចេញទៅក្រៅឡើយ គឺ មានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ  ​ហើយសូមរក្សានូវវិន័យ  គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ ។   ក្នុងនោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏ដូចប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបញ្ជាក់ពីការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។ ម៉្យាងទៀតទៀតសូមឲ្យលោកគ្រូ អ្នកគ្រូ  ដែលជាអនុរក្ស មេប្រយោគ និង​ កម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុក ដាក់ឲ្យបានខ្ពស់ និង ទប់ស្កាត់ឲ្យបាននូវរាល់ការហូរចូលរាល់ការបោះវិញ្ញាសារចេញនិងចូល និង យកចិត្តទុក ដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើមី្បរក្សាការពារសន្តិសុខ សុវត្ថិភាព និងរក្សាឲ្យខាងតែបាននូវសេចក្តីថ្លៃថ្នូរ នៅក្នុងសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦.២០១៧នេះ  ដើមី្ប ទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នៃការបណ្តុះបណ្តាលនូវធនធានមនុស្ស  ដោយក្មួយៗ ទាំងនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិទៅពេលអនាគត។

ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា សិស្សានុសិស្សដែលប្រឡងជាប់​បាននិទ្ទេស A ឯកឧត្តមនឹងផ្តល់រង្វាន់ម៉ូតូចំនួន ១គ្រឿងផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប

2177 2178 2179 2180 2181 2182 2183 2184 2185 2186 2187