ឯកឧត្តមបណ្ឌិតអភិបាលខេត្តជួបពិភាក្សាជាមួយក្រុមហ៊ុនប្រទេសម៉ាឡេស៊ី


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​​នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល ពិភាក្សា ជាមួយក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី ដែលមានជំនាញស្ថាបនាផ្លូវក្រាលកៅស៊ូមានគុណភាពខ្ពស់ និង ចំណាយថវិកាតិច ដោយប្រើរយៈពេលកសាងលឿន នៅការិយាល័យផ្ទាល់ របស់ឯកឧត្តម នាសាលាខេត្តសៀមរាប ។

ក្នុងជំនួបពិភាក្សានោះ លោកតំណាងក្រុមហ៊ុន ក៏បានលើកឡើងពីគោលបំណងរបស់ក្រុមហ៊ុន ចូលមក​កាន់ខេត្តសៀមរាប ដើមី្បទទួលបានការណែនាំមួយចំនួន ពីអាជ្ញាធរខេត្ត ។ ក្នុងនោះលោកក៏បានលើកនូវគម្រោង ចំនួនពីរ គឺការស្ថាបនាផ្លូវក្រាលកៅស៊ូមានគុណភាពខ្ពស់ ដោយធ្វើផ្លូវលំចាក់កៅស៊ូមិនប្រើប្រាស់ថ្ម ដោយប្រើ ប្រាស់ដីលាយសាធាតុគីមី តែមិនមានការប៉ះពាល់សុខភាពឡើយ  ដោយធៀបទៅនឹងផ្លូវចាក់កៅស៊ូ(DBST)  ហើយក៏ចំណាយថវិកាតិចផងដែរ ។  ​លោកក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យក្រុមហ៊ុនរបស់ខ្លួន  ធ្វើបទបង្ហាញអំពីស្ថានភាពបច្ចេកទេសក្នុងការស្ថាបនាផ្លូវ និង ​អំពីគុណភាពប្រើប្រាស់ ផ្លូវ ព្រមទាំងបានធ្វើការជួបពិភាក្សាជាមួយនិងរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនផងដែរ ។ ក្នុងរយៈ ពេលកន្លងមកនេះ លោកក៏បានជួបធ្វើការពិភាក្សាជាមួយនឹងមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប ដោយផ្តោតទៅលើការស្ថាបនាផ្លូវលំនេះផងដែរ  ។  លោកបានបន្តទៀតថា  បច្ចុប្បន្ននេះនៅតាមមូលដ្ឋានជនបទ នៅកម្ពុជា ក៏ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ  បញ្ហាផ្លូវប្រើប្រាស់ឲ្យមានគុណភាព  ហើយអាយុកាលនៃផ្លូវ ដែលក្រុមហ៊ុន ស្ថាបនាបានរយៈពេល១០ឆ្នាំ  ។  ក្នុងនោះលោកក៏បានធ្វើការបង្ហាញ ពីគម្រោងដែលក្រុមហ៊ុន បានធ្វើការស្ថាបនានៅតាមបណ្តាប្រទេសមួយចំនួនផងដែរ ។  ចំពោះការចំណាយថវិកា ក្រុមហ៊ុនធ្វើការទូទាត់ ទៅតាមលក្ខ័ន្តបង់រំលោះ ព្រមទាំងបង្កើននូវការងារ  បច្ចេកទេសដល់ប្រជាពលរដ្ឋទៀតផង ។  ក្នុងនោះដែរ ក្រុមហ៊ុន ក៏សុំឲ្យឯកឧត្តមបណ្ឌិតអភិបាលខេត្ត ធ្វើការជ្រើសរើសទីតាំង ណាមួយ ដើមី្បសាងសង់អគារសិក្សា ១ខ្នង ៦បន្ទប់ ដែលផ្តល់ដោយក្រុមហ៊ុន​ជូនដល់សិស្សានុសិស្សកម្ពុជា ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការគាំទ្រពីគម្រោង និង បច្ចេកទេស ស្ថាបនាផ្លូវ ដោយចំណាយថវិកាតិច និង ធានានូវគុណភាពប្រើប្រាស់រយៈពេលវែង ។  ចំពោះបញ្ហាទាំងនេះ នៅ កម្ពុជា ផ្លូវលំជនបទមានច្រើន ហើយមានក្រសួងពីរក្នុងការស្ថាបនាផ្លូវទាំងនេះ គឺក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ  ។  ដូច្នេះការងារទាំងនេះត្រូវក្រុមហ៊ុនធ្វើការ ពិភាក្សាជាមួយក្រសួងទាំងពីរ ពីព្រោះថា ផ្លូវលំទាំងនោះ គឺគ្រប់គ្រង និង ស្ថាបនាដោយកញ្ចប់ថវិកាថ្នាក់ជាតិ ដែលជាគម្រោមរបស់ក្រសួងទាំងពីរ ដោយ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់គ្រងផ្លូវលំជនបទ ហើយក្រសួងសាធារណការគ្រប់គ្រងផ្លូវជាតិ និង មន្ទីរគ្រប់គ្រងផ្លូវ ក្នុងទីប្រជុំជន ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា  ចំពោះផ្លូវលំជនបទក៏មានអង្គការមួយចំនួន ដែលជាដៃគូជា​មួយក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការស្ថាបនា ដោយមានផ្លូវចាក់ក្រាលបេតុង , កៅស៊ូ​ និង ដីគ្រួសក្រហម  ។ ម៉្យាងទៀតនៅខេត្តសៀមរាប ក៏មានគម្រោងរបស់អង្គការដៃគូជាច្រើនបានជួយលើការងារផ្លូវលំជនបទ ជាក់ស្តែង ផ្លូវលំជនបទប្រវែងជាង២០គីឡូម៉ែត្រ ចេញពីស្រុកពួក​ទៅស្រុកអង្គរជុំ ជាគម្រោងជំនួយរបស់ប្រទេសអូស្ត្រាលី ដែលស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ។  ដូច្នេះក្រុមហ៊ុនក៏ត្រូវតែធ្វើការទំនាក់ទំនង ជាមួយក្រសួងសាមី ក្នុង ការងារស្ថាបនាផ្លូវលំជនបទនេះ ។ ក្នុងនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានកំណត់ទីតាំង ក្នុងការសាង សង់អគារសិក្សា ដែលក្រុមហ៊ុនផ្តល់ជូននោះ  គឺសូមឲ្យក្រុមហ៊ុនធ្វើការសាងសង់ជូនកូនចៅប្រជាពលរដ្ឋ នៅក្នុង ភូមិសាស្ត្រឃុំ កំពង់ភ្លុក ស្រុកប្រាសាទបាគង ក៏ដូចជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និង អាជ្ញា ធរឃុំកំពង់ភ្លុក  ដោយនៅទីនោះមានកង្វះខាតអគារសិក្សា អនុវិទ្យាល័យ ដែលបច្ចុប្បន្នមានតែមួយខ្នង ហើយសិស្សមានកំណើនកើនឡើងផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប

2420 2421 2422 2423 2425 2426 2427