សិក្ខាសាលាស្តីពីការផ្សព្វផ្សាយគម្រោងការ គ្រប់គ្រងប្រពន្ឋ័វារីវប្បកម្មដើម្បីបង្កើនអាហារូបត្ថម្ភនិងជីវភាព


ខេត្តសៀមរាប ៖ នៅថ្ងៃទី ៣០ ខែសីហាឆ្នាំ២០១៧ អង្គការអ្នកត្រួសត្រាយកម្ពុជាទទួលបានការសហការគាំទ្រពីសហគមន៍អឺរ៉ុប តាមរយៈអង្គការវើលហ្វិស បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគម្រោងការគ្រប់គ្រងប្រពន្ឋ័វារីវប្បកម្មដើម្បីបង្កើនអាហារូបត្ថម្ភនិងជីវភាព នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប  ផ្សព្វផ្សាយ និង បញ្ជ្រាបកម្មវិធីជូនដល់អាជ្ញាធរមូលដ្ឋានគោលដៅកំពុងអនុវត្តគំរោង និង អង្គការដៃគូរមួយចំនួនសរុបចំនួន៣០នាក់ ។

សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយការអនុវត្តន៍គម្រោង និង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ព្រមទាំងស្ថាប័នពាក់ពន្ឋ័សម្រាប់អនុវត្តគម្រោងឲ្យទទួលបានជោគជ័យ ។  គោលបំណងសំខាន់របស់អង្គសិក្ខាសាលាគឺផ្សព្វផ្សាយពីទិដ្ឋភាពទូទៅរបស់គម្រោងដែលបាន នឹង កំពុងអនុវត្តដល់ដៃគូពាក់ពន្ឋ័នានា និង បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ឋភាពជាមួយអង្គការដៃគូនានាផងដែរ ។

លោក អ៊ុង ចន្ទ័រតនា នាយកអង្គការអ្នកត្រួសត្រាយកម្ពុជាបានថ្លែងថា គម្រោងគ្រប់គ្រងប្រពន្ឋ័វារីវប្បកម្មដើម្បីបង្កើនអាហារូបត្ថម្ភ និង ជីវភាពចាប់ដំណើរការពីឆ្នាំ២០១៧ដល់២០១៩ បាននឹងកំពុងតែអនុវត្តជាមួយកសិករគោលដៅ និង សហគមន៍ស្រះជម្រកត្រីគំរូ ដើម្បីសិក្សាស្រាវជ្រាវ អំពីសកម្មភាពគ្រប់គ្រងស្រះវារីវប្បកម្ម និង អាហារូបត្ថម្ភ ដើម្បីពង្រឹងសមត្ថភាពដល់កសិករគោលដៅចូលរួមលើកកម្ពស់អាហារូបត្ថម្ភនិងកម្រិតជីវភាព ។  លោកបញ្ជាក់ទៀតថា៖គម្រោងនេះបំពេញឱ្យគ្នារវាងគម្រោងធនធានជលផលតាមវាលស្រែដំណាក់កាលទី២ដែលបានអនុវត្តលើសហគមន៍ស្រះជម្រកត្រីចំនួន៤៤នៅខេត្តសៀមរាប ។

លោក ជិន ដា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់និងសង្កត់ធ្ងន់អំពីគោលបំណងសំខាន់ៗរបស់គម្រោងថា  ជាគន្លឺះបង្កើននូវវិធីសាស្ត្រសមស្របនៃអាហារូបត្ថម្ភ តាមរយៈវារីវប្បកម្មទៅដល់គ្រួសារក្រីក្រ ជាពិសេសកុមារក្រោមអាយុ៥ឆ្នាំនៅតំបន់ទន្លេសាប។រៀបចំនិងគ្រប់គ្រងស្រះវារីវប្បកម្មគំរូ ក្នុងតំបន់គោលដៅនៃខេត្តសៀមរាប និង មានបំណងបង្កើនចំណេះដឹង និងផ្សព្វផ្សាយដល់ស្ត្រីដែលមានកូនក្រោមអាយុ៥ឆ្នាំ ឲ្យយល់អំពីសារៈប្រយោជន៍នៃត្រីសម្បូរជីវជាតិ ការចំអិនអាហារនិង អនាម័យ ហើយគម្រោងនេះ ក៍នឹងចងក្រងមេរៀនបទពិសោធសម្រាប់ចែករំលែកដល់អ្នកពាក់ពន្ឋ័ដើម្បីពង្រីកវិសាលភាពក្នុងប្រទេសកម្ពុជា។

លោក ពិន ប្រាកដ អភិបាលរងខេត្តបានមានប្រសាសន៍ថា  សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ជួយផ្តល់ចំណេះដឹងដល់អាជ្ញាធរនិងអង្គការពាក់ពន្ឋ័  ដើម្បីសិក្សាស្រាវជ្រាវអំពីសកម្មភាពគ្រប់គ្រងស្រះវារីវប្បកម្ម និង អាហារូបត្ថម្ភ ដើម្បីជួយពង្រឹងសមត្ថភាពដល់កសិករគោលដៅក្នុងការលើកកម្ពស់អាហារូបត្ថម្ភនិងកម្រិតជីវភាពពួកគាត់ផងដែរ។លោកអភិបាលរងខេត្តបន្ថែមថា៖ធនធានជលផលតាមវាលស្រែគឺជាផ្នែកមួយដែលគ្របដណ្តប់មួយភាគធំទៅលើផ្ទៃដីកសិកម្មក្នុងប្រទេស។បច្ចប្បន្ននេះ គោលនយោបាយរបស់រដ្ឋបាលជលផលថ្នាក់ជាតិគឺត្រូវរៀបចំបង្កើតសហគមន៍ស្រះជម្រកត្រីចំនួន១២០០សហគមន៍ក្នុងឆ្នាំ២០១៩ ហើយគេរំពឹងថានឹងទទួលបានកំណើនធន ធានជលផលរហូតដល់៥០០០០០តោនក្នុងឆ្នាំ២០១៩ ។  លោក ពិន ប្រាកដ សង្ឃឹមថាគម្រោងនេះ នឹងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជននៅសហគមន៍ជនបទក្នុងខេត្តសៀមរាបនិងមិនត្រឹមតែធ្វើឲ្យកើនឡើងនូវផលត្រីប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវចំណេះដឹងផ្នែកអាហារូបត្ថម្ភនិងអនាម័យដល់ប្រជាជនក្នុងសហគមន៍គោលដៅផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

46 47 48 49 50 51