កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត


ខេត្តសៀមរាប ៖ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០១៧  មានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមសំណាក់ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការ និង អស់លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ប្រធាន  គណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមផងដែរ ។

បន្ទាប់ពីឯកឧត្តមបណ្ឌិតប្រធានបានបើក និង ដាក់នូវរបៀបវារៈកិច្ចប្រជុំដោយផ្តោតទៅលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន និង ការស្តាប់នូវសេចក្តីរាយការណ៍ របស់បណ្តាកងឯកភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាជននៅ តាមបណ្តាមូលដ្ឋានក្រុង ស្រុក ព្រមទាំងការលើនូវការងារដែលនៅសេសសល់ និង ផែនការសម្រាប់អនុវត្តបន្តរួចមក អង្គប្រជុំទាំងមូលបានធ្វើកិច្ចពិភាក្សាអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន ក្នុងការលើកនូវសោភ័ណភាពក្រុង នៅក្នុងតំបន់ទេសចរណ៍ និង គ្រឿងញៀន ។  ក្នុងនោះសមាជិកអង្គប្រជុំ ក៏បានពិភាក្សាស៊ីជម្រៅ ដោយបានផ្តោតខ្ពស់លើគម្រោងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សំខាន់ការសណ្តាប់ធ្នាប់រៀបរយ​តំបន់ផាប់ស្រ្តីត និង  ការរំខានដោយសម្លេងដល់ប្រជាពលរដ្ឋ សំខាន់អ្នកជម្ងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមទាំងព្រះសង្ឃនៅ ក្នុងវត្ត និង ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ទៀតផង ។

ឆ្លងតាមកិច្ចពិភាក្សានៃកិច្ចប្រជុំហើយនោះមានប្រសាសន៍បូកសរុបនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីរបាយការណ៍តាមបណ្តាកងឯកភាពរបស់ខេត្ត និង ឯកភាពទៅលើគម្រោងផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របស់កងកម្លាំងសមត្ថកិច្ចដែលបានលើកឡើងផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានដាក់នូវបទបញ្ជា និង វិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប  ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព  ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្ខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ក្នុងកិច្ចដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ។ ដើម្បីឲ្យខេត្តសៀមរាបមានសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយបានល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានគោលការណ៍រៀបចំនិងទប់ស្កាត់នៅតំបន់ផាប់ស្រ្តីត ដោយ មិនអនុញ្ញាតឲ្យយកផ្លូវសារធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មលក់ដូរ និង ត្រូវរៀបចំឲ្យមានចិញ្ចើមផ្លូវសម្រាប់ភ្ញៀវទេសចរដើរកំសាន្ដ និង រៀបចំអ្នកលក់តាមរទេះរុញឲ្យមានសណ្ដាប់ធ្នាប់ល្អ ។  ដើម្បីគ្រប់គ្រងការបង្កសម្លេងរំខាននៅតាមរង្កសាលនៅក្នុងក្រុង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវគោលការណ៍រៀបចំ និង ទប់ស្កាត់និងមានវិធានការតាម ដាននៅតាមភោជនីដ្ឋាននៅតំបន់ផាប់ស្រ្តីត ដោយមានមន្ទីរបរិស្ថាន និង ទេសចរណ៍ រួមសហការគ្នាត្រួតពិនិត្យលើកការផ្តល់អាជ្ញាប័ណ្ណ និង ហាមមិនឲ្យរទេះរុញដាក់គ្រឿងបំពងសម្លេងនៅតាមដងផ្លូវសាធារណៈ រួមទាំងចំណតយានយន្តភាពអាណាធិបតេយ្យនៅតាមទីប្រជុំជន សំខាន់មុខផ្សារលើធំថ្មី និង តាមដង ផ្លូវជាតិលេខ៦ និង ត្រូវជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ចំណតរថយន្តខេត្តសៀមរាបទាំងពីរខាងលិច ខាងកើត ព្រមទាំង បញ្ហាក្រុមហ៊ុនដឹកសំរាមផងដែរ ។  ម៉្យាងទៀតត្រូវក្តាប់ឲ្យបាននូវរាល់សមាសភាព ដែលតែងបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន សំខាន់បងធំ បងតូច ការជួញដូរផ្លូវភេទ  គ្រឿងញៀន និង បទល្មើសព្រៃឈើ និង នេសាទជាដើម ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានដាក់នូវវិធានការណ៍មួយចំនួន ក្នុងការធានានូវសុវត្ថិភាព សន្តិសុខ ដោយបានសង្កត់ធ្ងន់ ចំពោះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ និង មានវិធានការ ដល់ប្រជាពលរដ្ឋស្លៀកពាក់នូវឯកសណ្ឋានកងទ័ពមិនគ្រប់លក្ខណៈ គ្មានអង្គភាពពិតប្រាកដ ព្រមទាំងបង្កើន នូវការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះឲ្យបានជាប្រចាំ ក្នុងធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ  ព្រមទាំងសូមឲ្យបងប្អូនប្រជាជន ជាអាជីវករ ពណិជ្ជករក្នុងក្រុងសៀមរាប ចូលរួមធ្វើអនាម័យ បរិស្ថានក្រុង និង ការថែរក្សាសុវត្ថិភាព សន្តិសុខ ទ្រព្យសម្បត្តិរបស់ខ្លួន ដូចជាការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2415 2416 2417 2419