ពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្ត


ខេត្តសៀមរាប ៖ លោក ភឿន គឹមលី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជំនួសលោក ឱង គោវិទ ដែលត្រូវបានចូលនិវត្តន៍ កាលពីរសៀលថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០១៧ នៅរដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ជារដ្ឋលេខាធិការ អគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមួយចំនួន និង មន្ត្រីរាជការមួយចំនួនផងដែរ ។

បន្ទាប់ពីការអានសេចក្តីប្រកាសតែងតាំង និង គណៈអធិបតីធ្វើការប្រគល់សេចក្តីសម្រេចនិងត្រា ព្រមទាំងការ ធ្វើការប្តេជ្ញាចិត្តរបស់លោក ភឿន គឹមលី ប្រធានថ្មីទើបតែងតាំងរួចមក មានប្រសាសន៍នោះឯកឧត្តម លី សំរិទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ និង រាយការណ៍ អំពីសកម្មភាព និង លទ្ធផលការងាររបស់ខេត្ត ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង ផែនការអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងជម្រាបជូនពីលទ្ធផលបង្កបង្កើនផលរបស់ប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងនូវទឹកចិត្តរីករាយ កោតសរសើរ ចំពោះលទ្ធផលការងារដែលមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប សម្រេចបានជាបន្តបន្ទាប់ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់ខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ ។ ក្នុងការប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបនាថ្ងៃនេះ ពិតជាមានសារៈសំខាន់  ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំបំពេញបន្ថែមនូវក្បាលម៉ាស៊ីនដឹកនាំ មន្ទីរពាណិជ្ជកម្មខេត្តដ៏ពេញលេញមួយ  ដែលនឹងអាចជួយដល់ការពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់ គ្រងដឹកនាំអង្គភាពនៅថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងមាំថែមទៀត  ។   ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន ចំពោះបញ្ហាប្រឈមត្រូវបានកាត់បន្ថយ និង ជម្នះបានជាជំហានៗ  ។   ម៉្យាងទៀតលំហូរនៃការ វិនិយោគពីខាងក្រៅ វិស័យទេសចរណ៍ ផលិតកម្មកសិកម្ម ឧស្សាហកម្ម រួមទាំងវិស័យវាយនភ័ណ្ឌ នៅបន្ដទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ឯកឧត្តមបន្តទៀតថា ចាប់ពីឆ្នាំ២០១៦មក កម្ពុជាបាន ចាកចេញពីចំណាត់ថ្នាក់ ប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និង ធ្វើសមាហរណកម្មពេញលេញទៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន  ហើយស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងបន្តមានភាពល្អប្រសើរ និងអាចរក្សាបានចីរភាព សម្រាប់រយៈពេលខ្លី និង មធ្យម ។  ជាងនេះទៅទៀត ដោយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលមួយទសវត្សកន្លងមក នឹងនៅតែបន្តមានកំណើនខ្ពស់ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ  ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាជាសេដ្ឋកិច្ចខ្លាមួយថ្មីនៅតំបន់អាស៊ីយើងនេះ ។ ឯកឧត្តម ប៉ាន សូរស័ក្តិ មានការជឿជាក់ថា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តថ្មី ដែលជាមន្ត្រីនៅទីនេះស្រាប់  ដែលមានបទពិសោធន៍ការងារយូរឆ្នាំ គួបផ្សំនឹងសមត្ថភាពជំនាញ នឹងសម្រេចបាននូវលទ្ធផលការ ងារធំៗ ថ្មីៗ ជូនអង្គភាព ជូនរដ្ឋបាល ខេត្ត និង ក្រសួង ហើយទទួលបានការគាំទ្រពីមហាជនទៀតផង ។ ក្រៅពីចំណងសាមគ្គីភាពផ្ទៃក្នុង ចំណុចសំខាន់មួយទៀតដែលមិនអាចខ្វះបាននោះ  គឺត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អ ស្អិតរមួតជាមួយ គ្រប់ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលណែនាំ របស់ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងជាដើម ។ ម៉្យាងទៀតត្រូវចេះសម្របសម្រួលរាល់បញ្ហាដែលមាន ទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ហើយចងចាំថាអ្វីៗទាំងអស់ គឺត្រូវតែយកបទដ្ឋានច្បាប់ធ្វើជាគោល សំខាន់លើការទំនាក់ទំនងទីផ្សារ ក្នុងការនាំចេញនូវកសិផលរបស់ប្រជាកសិករ និង ស្វែងរកនូវដៃគូពាណិជ្ជកម្មជាមួយប្រទេសជិតខាង តាមរយៈ ការធ្វើពិពណ៌ពាណិជ្ជកម្ម ការបង្ហាញផលិតផលភូមិមួយផលិតផលមួយ  ព្រមទាំងក្តាប់ឲ្យបាននូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ។ មិនតែប៉ុណ្ណោះ ក៏ត្រូវចេះប្រើប្រាស់ធនធានមនុស្សនៅជុំវិញខ្លួន ដោយមិនរើសអើងមិនប្រកាន់បក្សពួក ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់មន្ដ្រីរាជការក្រោមឱវាទ និង ចេះផ្ដល់ឱកាសឲ្យសហការីរបស់ខ្លួន ចូលរួមបញ្ចេញមតិ ជួយយើងជួយយើងក្នុងការសម្រេចកិច្ចការ ។   ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ផងដែរថា ក្នុងការដឹកនាំរបស់លោកប្រធានមន្ទីរថ្មី នឹងពង្រឹង នូវប្រពៃណី សាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ព្រមទាំងត្រូវមានការទំនាក់ទំនងល្អ តាមបណ្តាមន្ទីរ ស្ថាប័ន អង្គភាព និង អតិថិជន អាជីវករ ពាណិជករ អ្នកវិនិយោគជាតិ អន្តរជាតិ ៕ អត្ថបទ ម៉ី សុខារិទ្ធ

85 86 87 88 89 90