ខេត្តសៀមរាប ៖ បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែ ភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នា នាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់ នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ ក្នុងវេនទី៤ ត្រូវនឹងថ្ងៃ៤ រោចខែភទ្របទ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃសៅរ៍ទី ០៩ ខែកញ្ញា ឆ្នាំ ២០១៧ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃ គណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តរាជបូព៌ព្រះព្រហ្មរតន៍ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា ការគោរពធ្វើបុណ្យភ្ជំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និង ដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ការពារអភិវឌ្ឍន៍ប្រទេសជាតិ ។ សម្តេចពិជ័យសេនា ក៏បានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើង វិញក្រោយថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត បានដួលរលំទៅនោះ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណ មកដល់សតវត្សរ៍ទី២១នេះ ។ សម្តេចពិជ័យ សេនា ទៀ បាញ់ ក៏បានបន្តទៀតថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើងជាគោលបំណង ដើមី្បឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ក្នុងពិធីនោះដែរសម្តេចពិជ័យ សេនា ក៏បានលើកឡើងពីស្ថានភាពនយោបាយក្នុងនិងក្រៅប្រទេស ព្រមទាំងបានក្រើនរំលឹកដល់ព្រះសង្ឃ បង ប្អូនពុទ្ធបរិស័ទ ដែលគ្រប់អាយុបោះឆ្នោត និង មិនទាន់បានចុះឈ្មោះបោះឆ្នោត ត្រូវនិមន្ត និង អញ្ជើញទៅចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៧ឲ្យបាន គ្រប់ៗ គ្នា ដើមី្បបំពេញនូវកាតព្វ កិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។
ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។
ទ័យ្យទានវត្ថុនាំយកទៅវេប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្តព្រះព្រហ្មរតន៍ រួមមាន អង្ករ ១ តោន មី ៦៤ កេស ទឹកក្រូច ១៥ កេស ទឹកសុទ្ធ ១៥ កេស ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ ត្រីខ ១០កេស ស្ករស ៥០ គក្រ អំប៊ិល ៥០ គក្រ នំធុង ១០ធុង ប៊ីចេង ១០គក្រ ប្រេងឆា ៥ធុង តែ១០ គក្រ ខ្ទឹមស ២០គក្រ និង ទឹកដោះគោកំប៉ុង ៥កេស បច្ច័យសម្រាប់វត្តចំនួន៦ពាន់៤៥០ដុល្លានិង ៤លាន៨៥០ពាន់រៀល ហើយបច្ច័យប្រគេនព្រះសង្ឃ ៦៤ អង្គ ក្នុង១អង្គ ចំនួន១០ម៉ឺនរៀល សីលវ័ន្តសីលវតី ១០០ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ៣ម៉ឺនរៀលផងដែរ ។ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប